ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំមានអារម្មណ៍ខឹងសម្បារយ៉ាងខ្លាំងបន្ទាប់ពីអ៊ុយក្រែនវាយប្រហារបំពង់បង្ហូរប្រេងឈ្មោះដ្រាស់បា (Druzhba) ដែលបញ្ជូនប្រេងពីរុស្ស៊ីទៅហុងគ្រី និងស្លូវ៉ាគី។ នេះបើយោងតាមនាយករដ្ឋមន្ត្រីហុងគ្រី លោកវីកទ័រ អ័របេន (Viktor Orban) ដែលបានបង្ហោះលិខិតសរសេរដោយផ្ទាល់ដៃដោយលោកត្រាំ។ លោកអ័របេនបានផ្ញើលិខិតជូនលោកត្រាំដើម្បីបង្ហាញការកើតទុក្ខមិនសុខចិត្តដែលអ៊ុយក្រែននៅសុខៗវាយប្រហារបំពង់បង្ហូរប្រេង។
លោកជម្រាបជូនលោកត្រាំថាដោយសារការវាយប្រហារនោះ ហុងគ្រីកំពុងតែប្រឈមនឹងបញ្ហាខ្វះខាតប្រេងសម្រាប់ប្រើប្រាស់។ មិនបង្អង់យូរ លោកត្រាំក៏សរសេរលិខិតតបទៅលោកអ័របេនវិញថា «អ័របេន, ខ្ញុំមិនចង់ឮដំណឹងនេះទេ។ ខ្ញុំមានកំហឹងយ៉ាងខ្លាំងចំពោះទង្វើនោះ។ សូមប្រាប់ទៅប្រទេសស្លូវ៉ាគីផង (អំពីប្រតិកម្មរបស់លោក)។ លោកជាមហាមិត្តរបស់ខ្ញុំ»។
សំណេររបស់លោកត្រាំក៏ត្រូវបានបង្ហោះនៅលើគណនីអ៊ិចរបស់លោកអាន់ដ្រាស់ ឡាស់ស្លូ (András László) ជាសមាជិកសភាអឺរ៉ុបតំណាងឱ្យប្រទេសហុងគ្រី និងជាមនុស្សនៅក្នុងគណបក្សជាមួយគ្នានឹងលោកអ័របេនដែរ។ នៅក្នុងបញ្ហាអ៊ុយក្រែន ហុងគ្រីយល់ថាបាតដៃក៏សាច់ ខ្នងដៃក៏សាច់។ ដូចនេះ ហុងគ្រីសូមមិនចូលខ្លួនពាក់ព័ន្ធនឹងសង្គ្រាមនេះទេ។
នៅក្នុងលិខិតផ្ញើជូនលោកត្រាំ លោកអ័របេនអះអាងថាអ៊ុយក្រែនធ្លាប់វាយប្រហារបំពង់ប្រេងនេះតាំងពីមុនជំនួបកំពូលត្រាំ-ពូទីននៅអាឡាស់ស្កាទៅទៀត។ ថ្ងៃនេះ ពួកគេវាយប្រហារបំពង់ប្រេងដដែលហ្នឹងជាថ្មីម្ដងទៀត។ លោកអ័របេនសរសេររៀបរាប់ថាបំពង់ប្រេងនេះសម្រាប់ផ្គត់ផ្គង់ប្រេងទៅហុងគ្រី និងស្លូវ៉ាគី។ បើគ្មានបំពង់ប្រេងនេះ ប្រទេសទាំង២មិនដឹងថាត្រូវទិញប្រេងពីប្រទេសណាទេ។
លោកថាហុងគ្រីខំផ្គត់ផ្គង់អគ្គិសនី និងសាំងទៅឱ្យអ៊ុយក្រែន។ ហេតុនេះមិនគួរណាពួកគេសងគុណវិញដោយវាយប្រហារបំពង់ប្រេងបែបនេះឡើយ។ នេះជាទង្វើដែលគ្មានយល់សេចក្ដីល្អបន្តិចណាសោះ។ យើងសូមជូនពរឱ្យលោកត្រាំទទួលជោគជ័យនៅក្នុងបេសកកម្មស្វែងរកសន្តិភាព។
តបទៅនឹងបញ្ហានេះ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបានបង្ហោះសារនៅលើបណ្ដាញអ៊ិច។ លោកថាបញ្ហានេះបើចង់បន្ទោសត្រូវបន្ទោសរុស្ស៊ីទើបត្រូវព្រោះរុស្ស៊ីជាអ្នកដុតបញ្ឆេះសង្គ្រាម។ រុស្ស៊ីនៅតែមិនព្រមបញ្ចប់សង្គ្រាមរហូតមកដល់ពេលនេះ។ ប្រមុខការទូតអ៊ុយក្រែនថ្លែងបន្តទៀតថាយើងបានប្រាប់ហុងគ្រីតាំងពីច្រើនឆ្នាំមកហើយថារុស្ស៊ីមិនមែនជាដៃគូដែលគួរឱ្យជឿទុកចិត្តទេ។ ប៉ុន្តែហុងគ្រីមិនព្រមស្ដាប់ ហើយនៅតែបន្តពឹងផ្អែកលើប្រេងរុស្ស៊ីដដែល។ អ៊ុយក្រែនប្រើសម្ដីផ្គើនដាក់ហុងគ្រីថាឥឡូវនេះបើលោកឯងចង់កើតទុក្ខមិនសុខចិត្តអីទៅទូលពិតប្រាប់រុស្ស៊ីដែលជាមិត្តសម្លាញ់របស់លោកឯងហ្នឹងទៅ៕
ចែករំលែកព័តមាននេះ