ខេត្តព្រះវិហារ៖ ជនភៀសសឹក ៥០០គ្រួសារ កំពុងស្នាក់នៅវត្តពោធិ៍ ៥០០០ដើម ទទួលបានគ្រឿងឧបភោគបរិភោគពីសប្បុរសជន ដើម្បីជួយបន្ធូរបន្ថយការលំបាកពីជីវភាពប្រចាំថ្ងៃ។
យោងតាមមន្ទីរព័ត៌មានខេត្តព្រះវិហារ បានឱ្យដឹងថានៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម អ៊ុង ទី ទីប្រឹក្សាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដឹកនាំក្រុមការងារសមាគមកូរ៉េ-កម្ពុជា នាំយកអំណោយមាន អង្ករ មី ទឹកសុទ្ធ និងក្រដាសអនាម័យ ចែកជូនដល់ប្រជាពលរដ្ឋជាជនភៀសសឹកចំនួន ៥០០គ្រួសារ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ក្នុងស្រុកគូលែន ខេត្តព្រះវិហារ។
ការចែកអំណោយនេះ ធ្វើឡើងក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីលោក សុខ សាន្តតារា អភិបាលរងខេត្តព្រះវិហារ ជាមួយនឹងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមកូរ៉េ-កម្ពុជា ដែលបានយកចិត្តទុកដាក់ និងជួយសម្រាលបន្ទុកប្រជាពលរដ្ឋក្នុងគ្រាដ៏លំបាកនេះ ក៏ដូចជាការរួមចំណែកមួយដ៏សំខាន់ក្នុងការលើកទឹកចិត្ត និងជួយបន្ធូរបន្ថយការលំបាករបស់ជនភៀសសឹក៕
ចែករំលែកព័តមាននេះ