ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អឺរ៉ុប​ថា​ពន្ធ​៣០%​របស់​ត្រាំ​ហួស​ហេតុ​ពេក​ហើយ,​ខ្លួន​ទទួល​យក​មិន​បាន​ទេ

11 ម៉ោង មុន

ទី​ក្រុង​ប្រ៊ុច​សែល​៖ រដ្ឋ​ជា​សមាជិក​សហ​ភាព​អឺរ៉ុប​យល់​ថា​ពន្ធ​៣០%​ដែល​លោក​ត្រាំ​កំណត់​យក​​នា​ដើម​ខែ​សីហា​ (បើ​គ្មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​​ជា​មួយ​គ្នា​​) ​ហាក់​ដូច​ជា​ហួស​ហេតុ​ពេក​ហើយ​ ហើយ​ខ្លួន​ទទួល​យក​មិន​បាន​ទេ​។ ប្រតិ​កម្ម​នេះ​ចេញ​មុន​គេ​ពី​រដ្ឋ​មន្ត្រី​ការ​បរទេស​ដាណឺម៉ាក លោក​ឡាស់​ ឡូកេ រ៉ាស់​មូសឹន (Lars…

ទី​ក្រុង​ប្រ៊ុច​សែល​៖ រដ្ឋ​ជា​សមាជិក​សហ​ភាព​អឺរ៉ុប​យល់​ថា​ពន្ធ​៣០%​ដែល​លោក​ត្រាំ​កំណត់​យក​​នា​ដើម​ខែ​សីហា​ (បើ​គ្មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​​ជា​មួយ​គ្នា​​) ​ហាក់​ដូច​ជា​ហួស​ហេតុ​ពេក​ហើយ​ ហើយ​ខ្លួន​ទទួល​យក​មិន​បាន​ទេ​។ ប្រតិ​កម្ម​នេះ​ចេញ​មុន​គេ​ពី​រដ្ឋ​មន្ត្រី​ការ​បរទេស​ដាណឺម៉ាក លោក​ឡាស់​ ឡូកេ រ៉ាស់​មូសឹន (Lars Lokke Rasmussen) នៅ​ក្នុង​​សន្និ​សីទ​សារ​ព័ត៌​មាន​ជា​មួយ​ប្រធាន​ពាណិជ្ជ​កម្ម​សហ​ភាព​អឺរ៉ុប​នៅ​ទី​ក្រុង​ប្រ៊ុច​សែល​។​

ឥឡូវ​នេះ អឺរ៉ុប​កំពុង​សម្រួច​មាត់​ចាត់​វិធាន​ការ​សង​សឹក​វិញ​ដោយ​ឥត​បន្ធូរ​ដៃ​ទេ​បើ​សិន​រយៈ​ពេល​ជាង​២​អាទិត្យ​​ខាង​មុខ​នេះ​​ចរ​ចា​មិន​ត្រូវ​គ្នា​ជា​មួយ​អាមេរិក​ទេ​ និង​បើ​សិន​លោក​ត្រាំ​ពិត​ជា​ដំឡើង​ពន្ធ​ដូច​ការ​ប្រកាស​មែន​។ ដូច​អ្វី​ដែល​ប្រធាន​គណៈ​កម្ម​ការ​អឺរ៉ុប​ លោក​ស្រី​ឡីយឹន (Leyen) និយាយ​អីចឹង​គឺ​ថា​អឺរ៉ុប​ប្រើ​យុទ្ធ​សាស្ត្រ​​មុខ​២។​​ ទី​១​ប្រើ​ការ​ចរ​ចា​ឱ្យ​អស់​លទ្ធ​ភាព​ជា​មុន​សិន និង​ទី​២​បើ​ចរ​ចា​មិន​ត្រូវ​គ្នា​ទេ​គឺ​មាន​តែ​ដំឡើង​ពន្ធ​លើ​ទំនិញ​អាមេរិក​វិញ​​ដើម្បី​វាយ​បក​។

អឺរ៉ុប​មិន​មែន​​បរិភោគ​អាហារ​នឹង​ត្រឡោក​នោះ​ទេ។​ បើ​សហ​ភាព​អឺរ៉ុប​​មិន​ព្រម​ចាត់​ការ​ដំឡើង​ពន្ធ​ទៅ​លើ​ទំនិញ​អាមេរិក​ដើម្បី​វាយ​បក​​​វិញ​ទេ​ អាមេរិក​អាច​ចំណេញ​ពី​ការ​យក​ពន្ធ​រាប់​សិប​ពាន់​លាន​ដុល្លារ​។ ​​ទោះ​បី​ទឹក​លិច​ដល់​ច្រមុះ​បែប​នេះ​ក្ដី ប្រធាន​ពាណិជ្ជ​ក​ម្ម​​អឺរ៉ុប​ លោក​ម៉ារ៉ូស សេ​កូវិច (Maros Sefcovic) នៅ​តែ​មាន​ជំនឿថា​ផ្លូវ​ចរ​ចា​នៅ​​តែ​បើក​ចំហ​ជា​និច្ច​​​។​​ ដូច្នេះ ត្រូវ​តែ​បន្ត​ដើរ​តាម​យុទ្ធ​សាស្ត្រ​នេះ​សិន​។

ឧប​មា​ថា​​គាប់​ជួន​ចៃ​ដន្យ​ប៉ុន្មាន​អាទិត្យ​ទៅ​មុខ​ទៀត​​ភាគី​ទាំង​២​ចរ​ចា​ត្រូវ​រ៉ូវ​គ្នា​ ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​នោះ​ត្រូវ​តែ​​​ឆ្លង​កាត់​ការ​យល់​ព្រម​​ពី​រដ្ឋ​ជា​សមាជិក​សហ​ភាព​អឺរ៉ុប​ និង​សភា​អឺរ៉ុប​​។ ​លោក​ថ្លែង​បន្ត​ទៀត​ថា​ការ​កំណត់​តម្លៃ​ពន្ធ​គយ​ហួស​ហេតុ​ដល់​ថ្នាក់​៣០% ឬ​លើស​នេះ​នឹង​ជះ​ឥទ្ធិ​ពល​ធំ​ធេង​ណាស់​។ ពោល​គឺ​រក​ស៊ី​ជា​មួយ​គ្នា​រវាង​អាមេរិក និង​អឺរ៉ុប​លែង​កើត​តែ​ម្ដង​ ខណៈ​ដែល​​តម្លៃ​ដោះ​ដូរ​ពាណិជ្ជ​កម្ម​​​ក្នុង​មួយ​ថ្ងៃ​ៗ​​មិន​ក្រោម​៤,៤​ពាន់​លាន​អឺរ៉ូ​​នោះ​ឡើយ​។ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភព​ពី​សារ​ព័ត៌​មាន​ដឹ​ហ្កាឌាន (The Guardian)៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ