មកដល់ពេលនេះ ចន្លោះប្រហោងនៃទំនិញមួយចំនួន ដែលនាំចូលពីថៃនៅតាមហាងទំនើបលក់រាយ និងលក់ដុំនានា នៅក្នុងរាជធានីចាប់ផ្តើមប្រហោងបណ្តើរៗ ។ ប៉ុន្តែវានឹងបំពេញដោយទំនិញមកពីប្រភពផ្សេងៗមកជំនួស ។ ដូច្នេះតើនេះ គឺជាឱកាសសម្រាប់វិនិយោគទុននៅក្នុងស្រុក…
មកដល់ពេលនេះ ចន្លោះប្រហោងនៃទំនិញមួយចំនួន ដែលនាំចូលពីថៃនៅតាមហាងទំនើបលក់រាយ និងលក់ដុំនានា នៅក្នុងរាជធានីចាប់ផ្តើមប្រហោងបណ្តើរៗ ។ ប៉ុន្តែវានឹងបំពេញដោយទំនិញមកពីប្រភពផ្សេងៗមកជំនួស ។ ដូច្នេះតើនេះ គឺជាឱកាសសម្រាប់វិនិយោគទុននៅក្នុងស្រុក ឬយ៉ាងណា?

ទិដ្ឋភាពបែបនេះ យើងអាចដើរតែមួយត្រួសៗ នៅតាមហាងទំនើបនានា នៅក្នុងរាជធានី យើងនឹងដឹង ហើយឃើញច្បាស់នូវចន្លោះប្រហោងនៃទំនិញនាំចូលពីថៃ នៅតាមធ្នើ ឬទូរក្លាសេ ដែលគេតាំងលក់កន្លងមក ។
ផលិតផលទាំងនេះ គឺមានតាំងពីទឹកដោះគោស្រស់ ទឹកដោះគោខាប់ ម្សៅទឹកដោះគោកូនក្មេង ពពួកអាហារកំប៉ុង អាហារវេចខ្ចប់ងាយៗសាច់កែច្នៃ ដូចជា ពពួកហេម …។ល។
នៅក្នុងស្ថានភាពបែបនេះអ្នកលក់នៅតាមហាងទំនើបទាំងនោះខ្លះព្រួយបារម្ភ ដោយសារតែមិនមានផលិតផលមកបំពេញធ្នើ ឬសម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋដែលជាអតិថិជនរបស់ខ្លួន ។ ប៉ុន្តែទន្ទឹមនឹងនោះ ក៏មានអ្នកលក់ខ្លះបានបង្ហាញនូវទស្សនៈសុទិដ្ឋិនិយមថា ជាធម្មតាតែមានចន្លោះប្រហោងបែបនេះបន្តិចទៀត មានអ្នកមកបំពេញវិញហើយ ។

ក្រុមអ្នកដែលមានទស្សនៈបែបនេះ បានធ្លោយប្រាប់ថា ក្រុមហ៊ុនផ្គត់ផ្គង់បានកំពុងតែទំនាក់ទំនងស្វែងរកប្រភពផ្គត់ផ្គង់ផ្សេងមកបំពេញសេចក្តីត្រូវការ និងមកបំពេញចន្លោះប្រហោងតាមធ្នើ និងតាមទូរក្លាសេនានាហើយនៅពេលនេះ ។ ពួកគេលើកឡើងថា មិនបាច់ព្រួយបារម្ភទេ អ្នករកស៊ីពួកគេដឹងថា កន្លែងណា ឬក៏ប្រភពដែលអាចនឹងយកផលិតផលមកបំពេញសេចក្តីត្រូវការវិញ ។
នៅក្នុងស្ថានភាពបែបនេះ ផលិតករនៅក្នុងស្រុក គួរតែចាប់យកឱកាសនេះមុនពេលដែលក្រុមហ៊ុនផ្គត់ផ្គង់ចុះកិច្ចសន្យា ឬកិច្ចព្រមព្រៀងពីប្រភពផ្សេងយកមកចូលទីផ្សារនៅក្នុងស្រុកយើង ។ ស្ថានភាពបែបនេះ គឺជាឱកាសមួយ ប្រសិនបើយើងមានលទ្ធភាព ។ យើងគួរតែសិក្សា ហើយវិភាគ និងស្វែងរកប្រភព ដើម្បីច្បាមឱកាសនេះ បង្កើនគុណភាពនិងបរិមាណហើយពង្រឹងផលិតកម្មដើម្បីដណ្តើមយកចំណែកទីផ្សារ ។
យើងដឹងថា មកដល់ពេលនេះ ផលិតករនៅក្នុងស្រុកយើងក៏មានសមត្ថភាព និងទេពកោសល្យមិនធម្មតាដែរ ។ ដូច្នេះនេះ គឺជាឱកាសដ៏សំខាន់ មុនពេលដែលផ្សារទំនើបនានា ត្រូវបានចាក់បំពេញដោយផលិតផលនាំចូលដែលមកពីប្រភពដទៃជំនួសឲ្យទំនិញពីប្រទេសថៃមកទាន់ ។ ឱកាសកម្របែបនេះ មិនមែនចេះតែកើតមាននោះទេ ហើយយើងខ្ញុំជឿជាក់ថា ផលិតកម្មនៅក្នុងស្រុកយើងពិតជាមិនអន់ប៉ុន្មានឡើយ ។
ដើម្បីជំរុញផលិតកម្ម និងបង្កើនគុណភាពវាទាមទារនូវការវិនិយោគ ឬក៏បណ្តាក់ទុនបន្ថែម ។ ដូច្នេះយើងគួរតែស្វែងរកប្រភពទុនបន្ថែម ។ ម្យ៉ាងវិញទៀត នៅក្នុងស្ថានភាពបែបនេះ បណ្តាគ្រឹះស្ថានហិរញ្ញវត្ថុនានានៅក្នុងប្រទេសគួរមានការលើកទឹកចិត្ត និងមានការគាំទ្រតាមរយៈការណែនាំនូវកញ្ចប់ឥណទានដែលមានលក្ខណៈលើកទឹកចិត្ត ដើម្បីបង្ហាញនូវការគាំទ្រ និងជំរុញផលិតកម្មនៅក្នុងស្រុក ។
ក្រៅពីនោះយើងក៏សូមលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់នាំគ្នាគាំទ្រផលិតផល ដែលកើតពីក្រុមហ៊ុន ឬផលិតកម្មនៅក្នុងស្រុក ។ ជាការពិតនៅក្នុងដំណើរផលិតកម្ម គឺវាទាមទារវត្ថុធាតុដើមខ្សែរសង្វាក់ផលិតកម្ម ហើយនិងការគាំទ្រពីអ្នកប្រើប្រាស់ ។ យន្តការនេះវាទាមទារទស្សនៈមួយ គឺការលើកទឹកចិត្ត និងបន្តុះស្មារតីគាំទ្រផលិតផលនៅក្នុងស្រុក ។
ជាទូទៅ ប្រសិនបើយើងចង់ឲ្យផលិតផលយើងល្អ ហើយមានគុណភាពវាទាមទារការគាំទ្រពីគ្រប់សមាសភាពតាមយន្តការផលិតផលមួយ ដែលស៊ីសង្វាក់គ្រប់យ៉ាង ។ ដូច្នេះនេះ គឺជាពេលវេលាមួយដ៏សក្តិសមបំផុតសម្រាប់យើងបង្ហាញនូវស្មារតីគាំទ្រផលិតផលនៅក្នុងស្រុក ។
នៅក្នុងករណីដែលយើងនាំគ្នាឈរអោបដៃ មិនបង្ហាញសុឆន្ទៈគាំទ្រ និងលើកស្ទួយផលិតផលនៅក្នុងស្រុកទេនោះ យើងនៅតែបន្តពឹងផ្អែកលើគេដដែល ដែលគ្រាន់តែប្តូរប្រភពប្តូរទីតាំងនៃការផ្គត់ផ្គង់ប៉ុណ្ណោះ ។ ប៉ុន្តែប្រសិនបើយើងគាំទ្រផលិតផលនៅក្នុងស្រុក គឺយើងនឹងមានឯករាជ្យភាពម្ចាស់ការហើយក៏ជាឱកាស ពង្រឹងលទ្ធភាព លើកកម្ពស់សមត្ថភាពប្រកួតប្រជែងរួចបញ្ជូនទៅប្រកួតប្រជែងនៅទីផ្សារក្រៅប្រទេសវិញផងដែរ ៕
ចែករំលែកព័តមាននេះ