ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងអប់រំជំរុញ​ឱ្យកូនខ្មែរជំនាន់ក្រោយរៀនសូត្រ យល់ដឹងឱ្យច្បាស់ពីប្រវត្តិសាស្ត្រ និងអរិយធម៌ខ្មែរ ​

3 ថ្ងៃ មុន

ខេត្តបាត់ដំបង៖ ​ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បាន​ជំរុញលើកទឹកចិត្តឱ្យកូនខ្មែរជំនាន់ក្រោយបានរៀនសូត្រ យល់ដឹងឱ្យច្បាស់ពីប្រវត្តិសាស្ត្រ និងអរិយធម៌របស់ខ្មែរដ៏យូរអង្វែងពីសម័យបរមបុរាណមក ដែលដូនតាបានបន្សល់នូវសិលាចារឹកប្រមាណជា១ពាន់ផ្ទាំង មានសាកលវិទ្យល័យតាំងពីសម័យអង្គរ…

ខេត្តបាត់ដំបង៖ ​ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បាន​ជំរុញលើកទឹកចិត្តឱ្យកូនខ្មែរជំនាន់ក្រោយបានរៀនសូត្រ យល់ដឹងឱ្យច្បាស់ពីប្រវត្តិសាស្ត្រ និងអរិយធម៌របស់ខ្មែរដ៏យូរអង្វែងពីសម័យបរមបុរាណមក ដែលដូនតាបានបន្សល់នូវសិលាចារឹកប្រមាណជា១ពាន់ផ្ទាំង មានសាកលវិទ្យល័យតាំងពីសម័យអង្គរ ដែលបានបណ្ដុះបញ្ញវន្តជាច្រើន ហើយយើងត្រូវបន្តបណ្តុះបណ្តាលបញ្ញាជនថែមទៀតដើម្បីជាសសរទ្រូងរឹងមាំគាំទ្រដល់ការអភិវឌ្ឍប្រទេសជាតិ។

ការថ្លែងនេះរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នា​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធអគារសិក្សានៅសាលាបឋមសិក្សារំចេក៣ ខេត្តបាត់ដំបង។

បើតាមក្រសួងអប់រំ ក្នងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានលើកឡើងថា រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអភិវឌ្ឍធនធានមនុស្ស ដែលនេះជាអាទិភាពចម្បងមួយក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ដាក់ចេញនូវវិធានការបង្រៀនបន្ថែម ២ម៉ោងទៀត ដើម្បីអប់រំចរិយាធម៌ សីលធម៌ ឥរិយាបថ ដើម្បីឱ្យធនធាមនុស្សយើងជំនាន់ក្រោយ ចម្រើនលូតលាស់ទាំងបញ្ញាស្មារតី ចំណេះដឹង វិន័យ សីលធម៌ ក្លាយជាពលរដ្ឋល្អក្នុងសង្គម។

ជាមួយគ្នានោះ ក្រសួងអប់រំ ​បាននិងកំពុងអនុវត្តកំណែទម្រង់វិស័យអប់រំ (ទី១) គឺការបង្កើតមត្តេយ្យសិក្សាឱ្យបានច្រើន ដើម្បីឱ្យមាតាបិតា អាណាព្យាលយល់ពីសារៈសំខាន់នៃការអប់រំ បញ្ជូនកូនទៅរៀនមតេ្តយ្យពីអាយុ ៣ឆ្នាំ ទៅ ៥ឆ្នាំ (ទី២) លើកកម្ពស់ការសិក្សារៀនសូត្រភាសាលខ្មែរឱ្យចេះច្បាស់ ដោយជំរុញការអនុវត្តកម្មវិធី កញ្ចប់អំណានដំបូង គណិតវិទ្យាដំបូង (ទី៣) រៀបចំសាលារៀនគំរូ បន្តអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ឱ្យមានចំណេះដឹងជ្រៅជ្រះ មានវិធីសាស្ត្របង្រៀនល្អ បង្រៀនសិស្សឱ្យងាយយល់ឆាប់ចេះនិងចាំបានយូរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ