ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ ដាក់​ពន្ធ៣៥% លើ​កា​ណា​ដា និង​សម្លឹង​មើល​ពន្ធ១៥%ទៅ២០% លើ​ដៃគូ​ពាណិជ្ជ​កម្ម​ផ្សេង​ទៀត

1 ថ្ងៃ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៥ ថា សហរដ្ឋអាមេរិក​នឹង​យកពន្ធ ៣៥% លើ​ការ​នាំ​ចូល​ពី​ប្រទេស​កា​ណា​ដា​នៅ​ខែ​ក្រោយ ហើយ​លោក​ក៏​គ្រោង​នឹង​យកពន្ធ​ចំនួន ១៥% ឬ ២០% លើ​ដៃគូ​ពាណិជ្ជកម្ម​ភាគច្រើន​ផ្សេង​ទៀត​ផង​ដែរ​។

នៅ​ក្នុង​លិខិត​មួយ​ដែល​បាន​ចេញផ្សាយ​លើ​បណ្តាញ​សង្គម លោក ត្រាំ បាន​ប្រាប់​នាយក​រដ្ឋមន្ត្រី​កា​ណា​ដា លោក Mark Carney ពី​អត្រាពន្ធ​ថ្មី ដែល​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២៥ ហើយ​អត្រា​នេះ​នឹង​កើនឡើង​ថែម​ទៀត ប្រសិនបើ​កា​ណា​ដា​ចង់​ដាក់​ពន្ធ​សងសឹក​។ ពន្ធ​ថ្មី ៣៥% គឺជា​ការ​កើនឡើង​ពី​អត្រា​បច្ចុប្បន្ន ២៥% ដែល​លោក ត្រាំ បាន​កំណត់​លើ​ប្រទេស​កា​ណា​ដា​។

មន្ត្រី​រដ្ឋបាល​ម្នាក់​បាន​បង្ហើប​ថា ពន្ធ​ថ្មី ៣៥% នឹង​មិន​រាប់​បញ្ចូល​សម្រាប់​ទំនិញ​ក្រោម​កិច្ចព្រមព្រៀង​រវាង​សហរដ្ឋអាមេរិក​-​ម៉ិ​ក​ស៊ិ​ក​-​កា​ណា​ដា (USMCA) ក៏​ដូច​ជា​ពន្ធ ១០% លើ​ថាមពល និង​ជី នោះ​ទេ បើ​ទោះបីជា​លោក ត្រាំ មិន​បាន​ធ្វើការ​សម្រេចចិត្ត​ចុង​ក្រោយ​លើ​បញ្ហា​ទាំងនោះ​យ៉ាងណា​ក៏​ដោយ ។

លោក ត្រាំ បាន​លើក​ឡើង​ក្តី​បារម្ភ​អំពី​លំហូរ​ថ្នាំ​ញៀន Fentanyl ពី​ប្រទេស​កា​ណា​ដា ក៏​ដូច​ជា​ពន្ធគយ និង​របាំង​ពាណិជ្ជកម្ម​មិនមែន​ពន្ធ​របស់​កា​ណា​ដា ដែល​បាន​ប៉ះពាល់​ដល់​កសិករ​អា​មេ​រិ​ក ស្រប​ពេល​ដែល​ឱនភាព​ពាណិជ្ជកម្ម គឺជា​ការ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច និង​សន្តិសុខ​ជាតិ​សហរដ្ឋអាមេរិក​។ លោក ត្រាំ បាន​សរសេរ​ថា «​ប្រសិនបើ​កា​ណា​ដា​ធ្វើការ​ជាមួយ​ខ្ញុំ​ដើម្បី​បញ្ឈប់​លំហូរ​ថ្នាំ​ញៀន Fentanyl ប្រហែលជា​យើង​នឹង​ពិចារណា​កែសម្រួល​អត្រាពន្ធ​នេះ​»​។

យ៉ាងណាមិញ ការិយាល័យ​នាយក​រដ្ឋមន្ត្រី​កា​ណា​ដា មិន​បាន​ឆ្លើយ​តប​ភ្លាម​ៗ ចំពោះ​បញ្ហា​នេះ​ឡើយ ខណៈ​ដែល​លោកនាយក​រដ្ឋមន្ត្រី Mark Carney បាន​ថ្លែង​កាលពី​ខែ​មុន​ថា លោក និង​លោក ត្រាំ បាន​យល់ព្រម​បញ្ចប់​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច និង​សន្តិសុខ​ថ្មី​មួយ​ក្នុង​រយៈពេល​៣០​ថ្ងៃ​។

យោង​តាម​ទិន្នន័យ​ការិយាល័យ​ជំរឿន​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ថា ប្រទេស​កា​ណា​ដា គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី ២ របស់​សហរដ្ឋអាមេរិក បន្ទាប់​ពី​ម៉ិ​ក​ស៊ិ​ក ហើយ​ក៏​ជា​អ្នកទិញ​ធំ​បំផុត​របស់​សហរដ្ឋអាមេរិក​ផង​ដែរ ដោយ​ពួក​គេ​បាន​ទិញ​ទំនិញ​ពី​អា​មេ​រិ​កលើ​ទឹកប្រាក់ ៣៤៩,៤​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន ហើយ​បាន​នាំ​ចេញ​ទំនិញ​ក្នុង​តម្លៃ ៤១២,៧​ពាន់​លាន​ដុល្លារ​ទៅ​កាន់​សហរដ្ឋអាមេរិក​។

សូម​ជម្រាប​ថា លោក ត្រាំ បាន​ពង្រីក​សង្គ្រាម​ពាណិជ្ជកម្ម​របស់​លោក​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ ដោយ​កំណត់​ពន្ធ​ថ្មី​លើ​ប្រទេស​មួយ​ចំនួន រួម​ទាំង​សម្ព័ន្ធមិត្ត​ជប៉ុន និង​កូរ៉េ​ខាងត្បូង ជា​ពិសេស​ពន្ធ ៥០% លើ​ទង់ដែង​ផង​ដែរ​។ ក្នុង​បទ​សម្ភាសន៍​ជាមួយ NBC News ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៩ ខែកក្កដា កន្លង​ទៅ លោក ត្រាំ បាន​ថ្លែង​ថា ដៃគូ​ពាណិជ្ជកម្ម​ផ្សេង​ទៀត​ដែល​មិន​ទាន់​បាន​ទទួល​លិខិត​ពន្ធ​ថ្មី ទំនងជា​ប្រឈម​មុខ​នឹង​ពន្ធ ១៥% ទៅ ២០%​។ លោក​ថា «​មិនមែន​គ្រប់​ប្រទេស​ត្រូវ​តែ​ទទួល​បាន​លិខិត​នោះ​ទេ​។ អ្នកដឹង​រឿង​នោះ​ហើយ យើង​គ្រាន់តែ​កំណត់​ពន្ធ​របស់​យើង​ប៉ុណ្ណោះ​។ យើង​នឹង​និយាយ​ថា ប្រទេស​ដែល​នៅ​សល់​ផ្សេង​ទៀត នឹង​ចំណាយ​លើ​ពន្ធ មិន​ថា ២០% ឬ ១៥% នោះ​ទេ យើង​នឹង​ធ្វើការ​លើ​រឿង​នោះ​ឥឡូវនេះ​»៕ ប្រភព ៖ Reuters

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ