ទីក្រុងបាងកក៖ លោកថាក់ស៊ីនបង្ហាញសុទិដ្ឋិនិយមខ្ពស់ថាតំណែងនាយករដ្ឋមន្ត្រីមុខតែវិលមករកកូនស្រីរបស់គាត់វិញជាមិនខាន។ លោកយល់ថាក្រោយព្យុះភ្លៀងមួយមេធំដែលធ្វើឱ្យកូនស្រីគាត់ត្រូវតុលាការធម្មនុញ្ញសម្រេចព្យួរតំណែងដើម្បីបើកផ្លូវឱ្យតុលាការស៊ើបអង្កេតរួចរាល់ហើយ តុលាការនឹងផ្ដល់នីតិសម្បទាជានាយករដ្ឋមន្ត្រីពេញសិទ្ធិមកឱ្យលោកស្រីផែថងថានវិញ។
នៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ក្នុងស្រុក ណេសិន ធីវី (Nation TV) លោកថាក់ស៊ីនមានទំនុកចិត្តថាកូនស្រីរបស់គាត់គ្មានបំណងទុច្ចរិតទេ ហើយគាត់ក៏ជឿទុកចិត្តថាតុលាការនឹងជំនុំជម្រះសំណុំរឿងនេះដោយផ្អែកលើការពិត និងសុភវិនិច្ឆ័យ។ លោកថាក់ស៊ីនថាដំណើរហេតុដែលបានកើតឡើងអាចពន្យល់បានសព្វសេចក្ដីទាំងអស់។
យោងតាមលោកថាក់ស៊ីន ការសម្រេចព្យួរតំណែងកូនស្រីពៅរបស់គាត់ជាយុទ្ធសាស្ត្ររបស់ថៃដើម្បីបន្ថយកម្ដៅនយោបាយ (ទិញពេលវេលាដើម្បីឱ្យសភាពការណ៍ស្ងប់ស្ងាត់មួយរយៈសិន)។ រដ្ឋាភិបាលរបស់លោកស្រីផែថងថានទទួលបានការគាំទ្រគ្រប់សំឡេងពីសភា ដូច្នេះអាចបន្តធ្វើការដូចធម្មតា។ ដូរតែក្បាលម៉ាស៊ីនខាងលើប៉ុណ្ណោះ។
ក្នុងករណីដែលតុលាការសម្រេចដកតំណែងលោកស្រីផែថងថានជាស្ថាពរ គណបក្សភឿថៃនឹងតែងតាំងបេក្ខជនទីបីរបស់ខ្លួនគឺលោកឆៃកាសេម នីតិសិរី (Chaikasem Nitisiri) ដើម្បីស្នើសុំការទុកចិត្តពីសភា។ ឬមិនដូច្នេះទេមានជម្រើសមួយទៀត រំលាយសភាចោលតែម្ដងដើម្បីបោះឆ្នោតសាជាថ្មី។ លោកភូមថាម វិឆាយ៉ាឆៃអះអាងថាទោះបីលោកជានាយករដ្ឋមន្ត្រីស្ដីទី ប៉ុន្តែលោកមានសិទ្ធិរំលាយសភាបាន។
វិបត្តិនយោបាយថៃកើតឡើងចំពេលប្រទេសនេះកំពុងមានបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ អ្នកទេសចរថយចុះ (ជាពិសេសទេសចរជនជាតិចិន) និងការដោះស្រាយបញ្ហាដំឡើងពន្ធដ៏ខ្ពស់រហូតដល់៣៦%ពីប្រទេសអាមេរិក។ ឥឡូវនេះ មិនត្រឹមតែលោកស្រីផែថងថានម្នាក់ប៉ុណ្ណោះទេដែលមានក្ដីក្ដាំនៅតុលាការ សូម្បីតែលោកថាក់ស៊ីនជាឪពុកក៏កំពុងទទួលរងបណ្ដឹងពាក់ព័ន្ធនឹងបទប្រមាថព្រះចេស្ដាព្រះមហាក្សត្រផងដែរ។
ក្រៅពីនេះ ក្រុមប្រឆាំងនឹងលោកថាក់ស៊ីនក៏ស្នើឱ្យតុលាការពិនិត្យសើរើសំណុំរឿងលោកថាក់ស៊ីនអនុវត្តទោសនៅក្នុងពន្ធនាគារ និងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យនៃអគ្គស្នងការនគរបាលជាតិ។ ពួកគេចង់ដឹងថាតើលោកឈឺមែន? ឬធ្វើពុតជាឈឺ? លោកថាក់ស៊ីនថាលោកមិនបារម្ភអំពីសំណុំរឿងប្រមាថព្រះមហាក្សត្រទេ។ ទោសនេះមិនមែនស្រាលឡើយ។ បើតុលាការរកឃើញកំហុសដូចការចោទប្រកាន់ លោកអាចជាប់ពន្ធនាគារ១៥ឆ្នាំ។ ខាងលើនេះជាការដកស្រង់ប្រភពពីគេហទំព័រប៊្លូមបឺក (Bloomberg) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ