ខេត្តបន្ទាយមានជ័យ ៖ នៅវេលាម៉ោង០៤និង០០នាទី ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ មានករណីហិ.ង្សាមួយ បានកើតឡើងនៅចំណុចផ្សារទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កឱ្យជនរងគ្រោះដួលសន្លប់បាត់បង់ស្មារតី ក្នុងពេលនោះក៏មានក្រុម១ផ្សេងទៀត មិនស្គាល់អត្តសញ្ញាណបានមកជួយក្រុមជនសង្ស័យ ដោយវាយមកលើក្រុមជនរងគ្រោះ រួចរត់គេចខ្លួនបាត់នៅសល់ជនសង្ស័យចំនួន០៣នាក់ ត្រូវបានសន្តិសុខប្រចាំនៅទីនោះ ឃាត់បានសុទ្ធសឹងជាជនជាតិថៃ រួចរាយការណ៍មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះឃាត់មកឃាត់ខ្លួន នាំមកកាន់មូលដ្ឋាន ដើម្បីធ្វើការសួរនាំតាមនីតិវិធីច្បាប់ ។
ជនសង្ស័យជាជនជាតិថៃ ចំនួន០៣នាក់ រួមមាន ៖
១-ឈ្មោះ ណុបថាឡាត់ ប៉ាន ថានុន (NOPPAYAT PANTHANON) ភេទប្រុស អាយុ២១ឆ្នាំ
២-ឈ្មោះ ផាណាត់ សូផាផាត់កូ ស៊ីន (THANAT SOPHAPHATKOSIN) ភេទប្រុសអាយុ២៤ឆ្នាំ
៣-ឈ្មោះ ឆមីន នេនឌី (CHAI MIN NENDEE) ភេទប្រុស អាយុ២២ឆ្នាំ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានវាយទៅលើជនរងគ្រោះបណ្តាលឱ្យដួលសន្លប់ពិតប្រាកដមែន ដោយសារជនរងគ្រោះ ទៅជល់កែវស្រាជាមួយសង្សារបងធំរបស់ពួកគេ បណ្តាលឱ្យបែកកែវ ទើបពួកខ្លួនវាយទៅលើជនរងគ្រោះតែម្តង ។
ដោយផ្អែកលើចម្លើយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ក៏បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃពុធ ទី០៩ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕

ចែករំលែកព័តមាននេះ