ខេត្តស្វាយរៀង ៖ កម្លាំងនគរបាលក្រុងបាវិត កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ បានបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ២នាក់ជាជនជាតិវៀតណាមដែលធ្វើសកម្មភាពជិះម៉ូតូស្ទាក់វាយស្ត្រីម្នាក់ ក្នុងគោលបំណងប្លន់យកទ្រព្យសម្បត្តិ ។

ប៉ុន្តែសកម្មភាពនេះមិនបានសម្រេច ដោយមានអ្នកស្រុកឃើញក៏ស្រែកឆោឡោនិងនាំគ្នាមកជួយ ធ្វើឲ្យក្រុមចោរភ័យរត់ឡើងម៉ូតូជិះគេចខ្លួន តែត្រូវថតជាប់ដោយកាមេរ៉ាសុវត្ថិភាព ទើបចាប់ឃាត់ខ្លួនបាននិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ។
ការបង្ក្រាបនេះ ធ្វើឡើងបន្ទាប់ពីនគរបាលក្រុងបាវិត បានទទួលព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក បានសរសេរបង្ហោះខ្លឹមសារថា សូមបងប្អូនធ្វើដំណើរនៅពេលយប់ជ្រៅមានការប្រុងប្រយ័ត្នផង ព្រោះមានជនសង្ស័យចំនួន២នាក់មិនស្គាល់អត្តសញ្ញាណ ភេទប្រុស ជិះម៉ូតូស្ទាក់វាយស្ត្រីម្នាក់ ក្នុងគោលបំណងប្លន់យកទ្រព្យសម្បត្តិ នៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ។

ក្រោយទទួលបានទទួលព័ត៌មាននេះ និងអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តកម្លាំងនគរបាលក្រុងបាវិត បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងត្រួតពិនិត្យកន្លែងកើតហេតុ ។ លុះរហូតដល់វេលាម៉ោងប្រមាណ១១និង៣៥នាទីយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ខណៈកម្លាំងនគរបាលល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញមុខសញ្ញាដែលជាជនសង្ស័យទាំង២នាក់ ជាជនជាតិវៀតណាម រួមនឹងវត្ថុតាងជិះម៉ូតូធ្វើសកម្មភាព ។
ពេលឃើញសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានព្យាយាមរត់គេចខ្លួន ដោយម្នាក់រត់ឡើងពួននៅលើដំបូលផ្ទះ តែក៏ត្រូវសមត្ថកិច្ច រួមជាមួយអ្នកស្រុកចាប់ខ្លួនបានទាំង២នាក់តែម្តង។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ២នាក់ឆ្លើយថា ខ្លួននិងបក្ខពួក ពិតជាបានជិះម៉ូតូស្ទាក់វាយស្ត្រីម្នាក់ ក្នុងគោលបំណងប្លន់យកទ្រព្យសម្បត្តិ កាលពីវេលាទៀបភ្លឺថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ប្រាកដមែន ។ ជាមួយនឹងការចាប់ឃាត់ខ្លួននេះ សមត្ថកិច្ចក៏បានដកហូតម៉ូតូ១គ្រឿងដែលជិះធ្វើសកម្មភាពផងដែរ ៕

ចែករំលែកព័តមាននេះ