ខេត្តបាត់ដំបង ៖ កូនប្រុសប្រមឹកម្នាក់ត្រូវកម្លាំងសមត្ថកិច្ចចាប់វ៉ៃខ្នោះភ្លាមៗ ក្រោយពីផឹកស្រវឹងដុតផ្ទះម្ដាយឆេះហ្មត់ កាលពីវេលាម៉ោង៦និង២០នាទីព្រលប់ថ្ងៃទី០៨ កក្កដា ស្ថិតនៅភូមិពោធិជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ជនបង្កឈ្មោះ ជិន ចំរុង ភេទប្រុស អាយុជាង៣០ឆ្នាំ រស់នៅចំណុចកើតហេតុ ។ ជននេះ បានដុតផ្ទះម្ដាយរបស់ខ្លួន ស្របពេលឪពុកម្ដាយមិននៅ ។ បើតាមសាក្សីថា មុនពេលដុតផ្ទះ ជននេះផឹកស្រាស្រវឹង ហើយជននេះក៏ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនផងដែរ តែមិនដឹងយ៉ាងម៉េច ស្រាប់តែជននេះដុតផ្ទះម្ដាយខ្លួនឯកឆេះគ្មានសល់ ។

បើតាមសមត្ថកិច្ចបានរាយការណ៍ថា លំនៅឋានដែលត្រូវជនប្រមឹកដុតចោលទំហំ៤ម៉x៦ម៉ ធ្វើពីឈើប្រក់ស័ង្កសី របស់ឈ្មោះ រុយ អឿន អាយុ៦៤ឆ្នាំ ជាម្ដាយបង្កើតជនបង្ក ។ លំនៅឋាននេះ ត្រូវបានអគ្គិភ័យឆេះអស់ស្ទើរទាំងស្រុង បើទោះជារថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ចបានចេញអន្តរាគមន៍ក្ដី ។ អធិការស្រុកសំពៅលូន លោក ទឹម វិឆ័យ បាននិយាយថា ជនបង្កមានប្រវត្តិប្រើប្រាស់ថ្នាំញៀន ហើយនៅថ្ងៃកើតហេតុ ជននេះ បានផឹកស្រាស្រវឹងជោកជាំ រួចក៏ដុតផ្ទះម្ដាយខ្លួនឯងឆេះគ្មានសល់តែម្ដង ។

លោកអធិការបានបញ្ជាក់ថា ពេលជនបង្កដុតផ្ទះខ្លួនឯងចោល គឺឪពុកម្ដាយមិនបានស្នាក់នៅទេ ។ ក្រោយដុតឆេះ ជននេះបានព្យាយាមជិះម៉ូតូគេចខ្លួន តែត្រូវកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនបានភ្លាមៗ ។ ពេលនេះ មន្ត្រីជំនាញកំពុងសួរនាំជនដៃដល់ ដើម្បីចាត់ការតាមនីតិវិធីហើយ ៕

ចែករំលែកព័តមាននេះ