ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយា​កម្មករ​ស៊ី​ឈ្មួ​ល​ស្ពាយ​បារី​ឆ្លង​ដែន​ខុស ច្បាប់​លើកដៃ​សំពះ​សុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​កម្ពុជា​ជួយ​រំដោះ​ស្វាមី

1 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ទើបតែ​សម្រាល​កូនខ្ចី​បាន​២០​ថ្ងៃ ភរិយា​កម្មករ​ស្ពាយ​បារី​ឆ្លង​ដែន​ម្នាក់ ក្នុង​ចំណោម​០២​នាក់​ដែល​ត្រូវ​ក្រុម​ទាហាន​ប៉ា​រ៉ា​ថៃ​ចាប់ខ្លួន​បាន​អំពាវនាវ​ទាំង​ទឹកភ្នែក​សុំ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ជួយ​អន្តរាគមន៍​រំដោះ​ស្វាមី​របស់​នាង​ពី​អាជ្ញាធរ​ថៃ​ឲ្យ​បាន​ត្រឡប់​មក​ជួបជុំ​គ្រួសារ​វិញ ដែល​កំពុង​ជួប​ប្រទះ​នឹង​ជីវភាព​ក្រលំបាក​តោកយ៉ាក​យ៉ាង​ខ្លាំង​។ ជួប​ជាមួយ​អ្នក​សារព័ត៌មាន កាលពី​រសៀល​ថ្ងៃ​ទី​០៧ កក្កដា ស្ត្រី​ឈ្មោះ…

ខេត្តបាត់ដំបង ៖ ទើបតែ​សម្រាល​កូនខ្ចី​បាន​២០​ថ្ងៃ ភរិយា​កម្មករ​ស្ពាយ​បារី​ឆ្លង​ដែន​ម្នាក់ ក្នុង​ចំណោម​០២​នាក់​ដែល​ត្រូវ​ក្រុម​ទាហាន​ប៉ា​រ៉ា​ថៃ​ចាប់ខ្លួន​បាន​អំពាវនាវ​ទាំង​ទឹកភ្នែក​សុំ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ជួយ​អន្តរាគមន៍​រំដោះ​ស្វាមី​របស់​នាង​ពី​អាជ្ញាធរ​ថៃ​ឲ្យ​បាន​ត្រឡប់​មក​ជួបជុំ​គ្រួសារ​វិញ ដែល​កំពុង​ជួប​ប្រទះ​នឹង​ជីវភាព​ក្រលំបាក​តោកយ៉ាក​យ៉ាង​ខ្លាំង​។

ជួប​ជាមួយ​អ្នក​សារព័ត៌មាន កាលពី​រសៀល​ថ្ងៃ​ទី​០៧ កក្កដា ស្ត្រី​ឈ្មោះ ខេ​ម ណៃ អាយុ​៣៥​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​បណ្ដោះអាសន្ន ក្នុងភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ពី​ដំណើររឿង​ដែល​នាង​បានដឹង​ខ្លះ​ៗ​ពី​ស្វាមី​របស់​នាង​ពាក់ព័ន្ធ​នឹង​ការ​ស៊ីឈ្នួល​លី​សែង​ទំនិញ​ឆ្លង​ដែន​ឲ្យ​គេ​កន្លង​មក ។

នាង ខេ​ម ណៃ បាន​ប្រាប់​ថា ស្វាមី​នាង​ឈ្មោះ កៀត កាយ អាយុ​៣៦​ឆ្នាំ រីឯ​កម្មករ​ម្នាក់​ទៀត​ឈ្មោះ ខា​យ ឈឿ​ន អាយុ​២២​ឆ្នាំ ជា​សាច់ញាតិ​នាង​ដែរ ត្រូវ​ទាហាន​ថៃ​ចាប់ខ្លួន​នៅ​ក្នុង​ទឹកដី​ថៃ ។ គាត់​និយាយ​ថា ភ្លាម​ៗ​នោះ គាត់​មិន​បានដឹង​ថា ទាហាន​ថៃ​ចាប់​ប្ដី​គាត់​និង​ឈ្មោះ​ឈឿ​ន​ពី​រឿង​អ្វី​ទេ ។ ប៉ុន្តែ​ក្រោយមក ក៏​មាន​គេ​និយាយ​ថា «​ទាហាន​ថៃ​ចាប់​ប្ដី​ខ្ញុំ និង​ម្នាក់​ទៀត​ពី​រឿង​នាំ​បារី​ឆ្លង​ដែន ។ ពេល​ត្រូវ​ទាហាន​ថៃ​ចាប់​ភ្លាម ប្ដី​ខ្ញុំ​បាន​ទូរស័ព្ទ​មក​ប្រាប់​ដែរ តែ​ខ្ញុំ​ស្ដាប់​មិន​បាន​ទេ លុះ​បន្តិច​ក្រោយមក​ទើប​ខ្ញុំ​ដឹង​ថា ទាហាន​ថៃ​បាន​ចាប់​គាត់​» ។

ខេ​ម ណៃ បាន​បញ្ជាក់​ពី​ប្រវត្តិ​ប្ដី​ដែរ​ថា ប្ដី​គាត់​ជា​ធម្មតា ធ្វើ​កម្មករ​សំណង់ និង​ស៊ី​ឈ្នូ​ល​កាច់​ពោត ដក​ដំឡូង បាន​ប្រាក់​កំរៃ​តិចតួច​យក​មក​ឲ្យ​នាង តែ​នាង​មិន​ធ្លាប់​ដឹង​ថា ប្ដី​នាង​ទៅ​ស៊ី​ឈ្នូ​ល​លី​សែង​បារី​ឆ្លង​ដែន​ខុសច្បាប់​ឲ្យ​គេ​ចឹ​ង​ទេ លុះ​គេ​ប្រាប់​ទើប​ដឹង ។ នាង​បាន​លើកដៃ​សំពះ​សុំ​ឲ្យ​សមត្ថកិច្ច​កម្ពុជា​ជួយ​អន្តរាគមន៍​ដោះស្រាយ​រឿង​ប្ដី​នាង ដើម្បី​ឲ្យ​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ ព្រោះ​ពេល​នេះ​នាង​ទើប​សម្រាល​កូនខ្ចី​បាន​ប្រហែល​២​សបា្ត​ហ៍​ស្នាក់​នៅ​បន្ទប់​ជួល​ពុំ​មាន​អ្នក​ជួយ​មើល​ខុស​ត្រូវ​
ទេ ។

កាលពី​រសៀល​ថ្ងៃ​ទី​០៥ កក្កដា កម្លាំង​ទាហាន​ប៉ា​រ៉ា​ថៃ​បាន​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​ចំនួន​០២​នាក់ ម្នាក់​ឈ្មោះ កៀត កាយ អាយុ​៣៦​ឆ្នាំ និង​ឈ្មោះ ខា​យ ឈឿ​ន អាយុ​២២​ឆ្នាំ នៅ​ក្នុង​ទឹកដី ឃុំ​ខ្ល​ង​ហាត ស្រុក​ខ្ល​ង​ហាត ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ជាមួយនឹង​បារី​ជា​ច្រើន​កា​រ៉ុ​ង ដែល​មាន​ចំនួន​ជាង​១៥០០០​កញ្ចប់ ។

ក្រោយ​ពី​ចាប់ខ្លួន​អ្នក​ស៊ី​ឈ្នូ​ល​លី​បារី​ឆ្លង​ដែន ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ថៃ​បាន​ធ្វើ​សេចក្ដីរាយការណ៍​ដោយ​ស្រង់​ចម្លើយ​បឋម​ពី​ពលរដ្ឋ​ខ្មែរ​ទាំង​០២​នាក់​នោះ​ថា បារី​ជា​ច្រើន​កា​រ៉ុ​ង​នោះ​ពួក​ខ្លួន​បាន​ស្ពាយ​ឆ្លង​អូរ​ព្រំដែន​ចេញពី​ចំណុច «​ច្រករបៀង​គីឡូ​៩» ក្នុង​ទឹកដី​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ។

ប្រព័ន្ធ​ផ្សាយ​ផ្សាយ​នានា ខាង​កម្ពុជា​បាន​សេចក្ដីរាយការណ៍​ខាង​ភាគី​ថៃ នេះ​យក​មិន​ចុះ​ផ្សាយ​ព្រោងព្រាត​ពេញ​មេឃ ។ ប៉ុន្តែ​នៅ​ថ្ងៃ​បន្ទាប់ ស្រាប់តែ​ព័ត៌មាន​នេះ ត្រូវ​បាន​គេ​បដិសេធ​វិញ ។ ប្រភព​ព័ត៌មាន​បាន​ទម្លាយ​ជា​ហូរហែ​ថា «​តាម​ពិត​បារី​រាប់​សិបកា​រ៉ុ​ង​នោះ ត្រូវ​គេ​លួច​នាំ​ឆ្លង​អូរ​ព្រំដែន​ទាំង​កណ្ដាល​ថ្ងៃ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ឡើយ​ពី​ច្រក​ទ្វារ​អន្តរជាតិ​ព្រំដែន ភ្នំ​ដី ស្រុក​សំពៅ​លូន​។

រីឯ​ចម្លើយ​ដំបូង ដែល​កម្មករ​ស៊ី​ឈ្នូ​ល​ស្ពាយ​បារី​ឆ្លង​ដែន បាន​និយាយ​ប្រាប់​ទាហាន​ថៃ​ថា ចេញ​តាម​ច្រករបៀង​គីឡូ​៩​នោះ គ្រាន់តែ​ជា​ការ​បង្វែងដាន​មិន​ឲ្យ​គេ​ដឹង​ច្រក​នាំ​ចេញ​តែ​ប៉ុណ្ណោះ​» ។
ទំនង​បែប​នេះ​ហើយ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ កក្កដា គេ​ឃើញ​កម្លាំង​ចម្រុះ​នៃ​រដ្ឋបាល​ស្រុក​សំពៅ​លូន ។ ជា​ពិសេស កម្លាំង​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​នឹង​កិច្ច​ការងារ​ព្រំដែន បាន​នាំ​គ្នា​ចុះ​ពិនិត្យ «​ច្រករបៀង​» លួចលាក់​មួយ​កន្លែង​នៅ​ប៉ែក​ខាងត្បូង មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ «​ភ្នំ​ដី​» (​ផ្លូវ​ខាងក្រោយ​កាស៊ីណូ​) ។

ច្រករបៀង​លួចលាក់​នេះ ត្រូវ​គេ​ដឹង​ថា ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​កម្លាំង «​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៧» ដែល​មាន​លោក​វរសេនីយឯក ម៉​ង់ ស៊ី ជា​មេបញ្ជាការ ។
ប្រភព​ព័ត៌មាន​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា គេ​បាន​សង្ស័យ​ភាគច្រើន​ទៅ​លើ​ចំណុច​ច្រករបៀង​មួយ​នេះ ជា​ច្រក​លួច​រត់ពន្ធ​បារី​ឆ្លង​ដែន​ទៅ​កាន់​ប្រទេស​ថៃ ។ ហើយ​ក៏​ជា​ច្រក​លួច​នាំ​ចេញ នាំ​ចូល​យ៉ាង​មមារ​ញឹក​នូវ​ទំនិញរត់ពន្ធ​នានា​ដែរ នា​ពេល​កន្លង​មក ។

កោះសន្តិភាព​បាន​ព្យាយាម​ទំនាក់ទំនង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​នៅ​ថ្ងៃ​ទី​០៨ កក្កដា ដើម្បី​សុំ​ការ​បំភ្លឺ​ជាក់លាក់ ជុំវិញ​ករណី​នេះ ប៉ុន្តែ​ភាគច្រើន​សុទ្ធតែ​បាន​បដិសេធ​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ ។ បើ​យោង​លើ​ប្រភព​ព័ត៌មាន​ទាំងនេះ ស្ទើរ​ប្រហាក់ប្រហែល​គ្នា​បាន​ដាក់​ការ​សង្ស័យ​ទៅ​លើ «​ច្រករបៀង​» នៅ​ខាងត្បូង​ច្រក​អន្តរជាតិ «​ភ្នំ​ដី​» ប៉ុន្មាន​រយ​ម៉ែត្រ​នោះ​ថា គឺជា «​ច្រក​លួច​រត់ពន្ធ​បារី​ឆ្លង​ដែន​ខុសច្បាប់​ចេញ​ទៅ​ប្រទេស​ថៃ​» ដែល​មេ​ឈ្មួញ​ទុច្ចរិត​ជួល​កម្មករ​ខ្មែរ​ឲ្យ​លី​សែង​ឆ្លង​ដែន រហូត​ត្រូវ​ក្រុម​ទាហាន​ថៃ​ចាប់ខ្លួន​បាន​០២​នាក់ កាលពី​ថ្ងៃមុន​នេះ ។

ប្រភព​បាន​បង្ហើប​ឲ្យ​ដឹង​ជា​តម្រុយ​ដែរ​ថា មេខ្លោង​នៅ​ពីក្រោយ​មុខ​ជំនួញ​រត់ពន្ធ​បារី​ឆ្លង​ដែន​ខុសច្បាប់​ខាងលើ​នេះ អាច​ជា​មនុស្ស​មាន​អំណាច​នៅ​ក្នុង​មូលដ្ឋាន​តែ​ម្ដង ទើប​ហ៊ាន​ប្រព្រឹត្ត​បទល្មើស​ឆ្លង​ដែន​នេះ ។

បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ទូ​ទាំង​ប្រទេស​ត្រូវ​បាន​បិទ​ជិត​ទាំងស្រុង​ហើយ នៅ​តែ​មេ​ឈ្មួញ​បារី​អាច​លួច​នាំ​បារី​ឆ្លង​ដែន​ទាំង​កណ្ដាល​ថ្ងៃ ផុត​ពី​ភ្នែក​សមត្ថកិច្ច​កម្ពុជា យ៉ាង​ងាយ​រហូត​ដល់​ទៅ​ជាង​១៥០០០​កញ្ចប់ ។ ដូច្នេះ ថ្នាក់ដឹកនាំ​គូរ​តែ​ធ្វើការ​ស្រាវជ្រាវ​រកមុខ​មេខ្លោង​នៅ​ពីក្រោយ​នៃ​អំពើ​រត់ពន្ធ​បារី​បំពាន​ច្បាប់​នេះ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ