បរទេស ៖ តម្លៃប្រេងឆៅត្រូវបានរំពឹងថាអាចធ្លាក់ចុះក្រោមតម្លៃ ៦០ដុល្លារក្នុង១បារ៉ែលនៅចុងឆ្នាំនេះ ខណៈដែលអង្គការប្រទេសនាំចេញប្រេង OPEC និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលត្រូវបានស្គាល់ថា OPEC+ សម្រេចបង្កើនផលិតកម្មប្រេង ក៏ដូចជាការផ្លាស់ប្តូរទីផ្សាររបស់ខ្លួន។ នេះបើយោងតាមប្រភពពីសារព័ត៌មាន The Economic Times ចេញផ្សាយកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។
ជាមួយនឹងការបង្កើនផលិតកម្មប្រេងពីក្រុម OPEC+ ចំនួន៥៤៨ ០០០បារ៉ែលក្នុងមួយថ្ងៃសម្រាប់ខែសីហា ដែលជាការបង្កើនការផ្គត់ផ្គង់ប្រចាំខែជាប់ៗគ្នាជាលើកទី៤នោះ អ្នកវិភាគមកពីធនាគារ Goldman Sachs និង BNP Paribas បានព្យាករណ៍ថា ប្រេងឆៅ Brent ដែលជាប្រេងស្តង់ដារពិភពលោកអាចធ្លាក់ចុះដល់ចន្លោះ ៥៥ទៅ៥៩ដុល្លារក្នុង១បារ៉ែលនៅចុងឆ្នាំ២០២៥។ នេះក៏ជាសញ្ញានៃការផ្លាស់ប្តូរនៅក្នុងយុទ្ធសាស្ត្រផលិតកម្មរបស់ OPEC+ ដែលអាចអង្រួនទីផ្សារថាមពលពិភពលោកក្នុងប៉ុន្មានខែខាងមុខនេះ។
អ្នកវិភាគនៅ Goldman Sachs បានកត់សម្គាល់ថា ការកើនឡើងផលិតកម្មប្រេងបានបង្ហាញថា OPEC+ កំពុងតែព្យាយាមយកមកវិញនូវចំណែកទីផ្សាររបស់ខ្លួនដែលបានបាត់បង់។ ការផ្លាស់ប្តូរដ៏សំខាន់មួយនេះ ក៏ដាក់សម្ពាធលើបណ្តាក្រុមហ៊ុនផលិតរបស់សហរដ្ឋអាមេរិកផងដែរ។ ហើយទោះបីជាតម្រូវការប្រេងឈរនៅកម្រិតខ្ពស់ ជាពិសេសពីប្រទេសចិនដែលជាអ្នកនាំចូលប្រេងដ៏ធំបំផុតរបស់ពិភពលោកក៏ដោយ ក៏ការផ្គត់ផ្គង់កើនឡើងត្រូវបានរំពឹងថា នឹងលើសពីកំណើននៃការប្រើប្រាស់នៅចុងឆ្នាំ២០២៥។
ធនាគារ Goldman Sachs បានព្យាករណ៍ថា តម្លៃប្រេងឆៅ Brent ជាមធ្យមនឹងមានតម្លៃ ៥៩ដុល្លារក្នុង១បារ៉ែលក្នុងត្រីមាសទី៤ នៃឆ្នាំ២០២៥ ហើយធ្លាក់ចុះបន្ថែមទៀតដល់ ៥៦ដុល្លារក្នុង១បារ៉ែលនៅឆ្នាំ២០២៦។ ទន្ទឹមនឹងនោះ ធនាគារ BNP Paribas បានកែប្រែការព្យាករណ៍នៅចុងឆ្នាំរបស់ខ្លួនថា ប្រេងឆៅ Brent ធ្លាក់ចុះ ៥ដុល្លារមកនៅតម្លៃ ៥៥ដុល្លារក្នុងមួយបារ៉ែល។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ BNP រំពឹងថា តម្លៃនឹងងើបឡើងវិញនៅឆ្នាំ២០២៦ ដោយសារតែកំណើនការផ្គត់ផ្គង់ធ្លាក់ចុះទាំងនៅក្នុងក្រុម OPEC និងក្នុងចំណោមអ្នកផលិតមិនមែន OPEC។
សូមជម្រាបថា គិតត្រឹមម៉ោង០២:៤០នាទីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ (ម៉ោងនៅកម្ពុជា) តម្លៃប្រេងឆៅ Brent ឈរនៅតម្លៃ ៦៩,៥១ដុល្លារក្នុង១បារ៉ែល ខណៈដែលប្រេងឆៅអាមេរិក West Texas Intermediate (WTI) ឈរនៅតម្លៃ ៦៧,៧៨ដុល្លារក្នុង១បារ៉ែល៕ ដកស្រង់ ៖ The Economic Times


ចែករំលែកព័តមាននេះ