ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

នៅ​ពេល​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​គេ​និយម​ហៅ​កាត់​ថា ACU បាន​កំពុង​តែ​ដំណើរការ​ស៊ើបអង្កេត​លើ​មន្ត្រីជាន់ខ្ពស់​ពីរ​រូប ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ដ៏​ចម្រូងចម្រាស់​ដែល​មាន​បណ្តឹង​រាប់​ពាន់​នាក់​ពាក់ព័ន្ធ​នឹង​រឿង​បោកប្រាស់ ដែល​មាន​តម្លៃ​រាប់​សិប​លាន​ដុល្លារ​នៅ​ក្នុង​ខេត្តសៀមរាប ។ មន្ត្រី​ថ្នាក់​ទាំង​ពីរ​រូប​បាន​ត្រូវ​គេ​ដឹង​ថា បាន​ពាក់ព័ន្ធ​នឹង​សំណុំរឿង​នេះ ចាប់តាំងពី​អតីត​ឧកញ៉ា…

នៅ​ពេល​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​គេ​និយម​ហៅ​កាត់​ថា ACU បាន​កំពុង​តែ​ដំណើរការ​ស៊ើបអង្កេត​លើ​មន្ត្រីជាន់ខ្ពស់​ពីរ​រូប ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ដ៏​ចម្រូងចម្រាស់​ដែល​មាន​បណ្តឹង​រាប់​ពាន់​នាក់​ពាក់ព័ន្ធ​នឹង​រឿង​បោកប្រាស់ ដែល​មាន​តម្លៃ​រាប់​សិប​លាន​ដុល្លារ​នៅ​ក្នុង​ខេត្តសៀមរាប ។

មន្ត្រី​ថ្នាក់​ទាំង​ពីរ​រូប​បាន​ត្រូវ​គេ​ដឹង​ថា បាន​ពាក់ព័ន្ធ​នឹង​សំណុំរឿង​នេះ ចាប់តាំងពី​អតីត​ឧកញ៉ា ឡេ​ង ចាន់​ណា ដែល​ជា​អគ្គ​នាយិកា​ក្រុមហ៊ុន ប្រ៊ី​លាន​ស៊ី​ធី និង បក្ខពួក​ចំនួន​២​នាក់​ទៀត​ត្រូវ​បាន​តុលាការ​សាលាដំបូង​ខេត្តសៀមរាប ចោទប្រកាន់​ចំនួន ៣​បទល្មើស​ធំ គឺ​ពី​បទ​ឆបោក​មាន​ស្ថាន​ទម្ងន់ទោស​, មិន​បំពេញ​កាតព្វកិច្ច​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន និង​សម្អាត​ប្រាក់ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ខេត្តសៀមរាប ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៤ មក​ម្ល៉េះ​។

ចាប់តាំងពី​មានរឿង​អាស្រូវ​នេះ​កើតឡើង​មក មន្ត្រី​ថ្នាក់​នយោបាយ​ទាំង​ពីរ​រូប​ហាក់​បាន​បាត់​ខ្លួន​ពី​កម្មវិធី​សាធារណៈ​នានា ក្រោយ​ពេល​ដែល​ប្រជាពលរដ្ឋ​នៅ​តែ​បន្ត​ទាមទារ​ចំណាត់ការ​ផ្លូវច្បាប់ និង​ទាមទារ​ស្វែងរក​ប្រាក់​កាស​ដែល​ពួក​គេ​បាន​បាត់បង់​ក្រោយ​ពេល​ដែល​ពួក​គេ​រង​គ្រោះ​នឹង​ការ​ឆបោក​ឱ្យ​ដាក់​ប្រាក់​វិនិយោគ​ក្រោម​រូបភាព​ទទួល​បានការ​ប្រាក់​ប្រចាំខែ ក្នុង​អត្រា​ខ្ពស់ និង​បទល្មើស​ឆបោក​រំ​លោ​.​ភលើ​ទំនុកចិត្ត ព្រមទាំង​ចេញ​មូល​ប្ប​ទា​នប​ត្រ គ្មាន​សាច់ប្រាក់ ។

ចំណាត់ការ​ផ្លូវច្បាប់ លើ​មន្ត្រីជាន់ខ្ពស់​ទាំង​ពីរ​រូប​ទំនងជា​អាច​ចំណាយ​ពេលវេលា​ស្រាវជ្រាវ​បន្តិច​ពីព្រោះ​នេះ គឺជា​សំណុំរឿង​មួយ​ដែល​អាច​ចាត់​ទុក​ថា ធំ ហើយ​ចាប់តាំងពី​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ជិត​២​ឆ្នាំ​មក​ហើយ​តុលាការ​ហាក់​មិន​ទាន់​ចេញ​ចំណាត់ការ​នៅឡើយ ។

អាជ្ញាធរ អាច​នឹង​ប្រើប្រាស់​ពេលវេលា​បន្ថែម​ទៀត​ក្រោយ​ពេល​ដែល ACU កាលពី​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២៥ បាន​ប្រកាស​បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​លោក ស៊ា​ន បូ​រ៉ាត និង​លោក​ឧត្តមសេនីយ៍ឯក ស ថា​វី អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ​ស្រប​ពេល​ដែល​តុលាការ​ខេត្តសៀមរាប​បាន​បញ្ជូន​សំណុំរឿង​ករណី​អតីត​ឧកញ៉ា គឺ​អ្នកស្រី ឡេ​ង ចាន់​ណា និង​បក្ខពួក ចំនួន​៣២ សំណុំរឿង​មក​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ផង​ដែរ ។

នៅ​ក្នុង​សំណុំរឿង​នេះ តុលាការ​ខេត្តសៀមរាប បាន​ចំណាយ​ពេលវេលា​ប្រមាណ​ជា​ជិត​ពីរ​ឆ្នាំ គឺ​បាន​កសាង​សំណុំរឿង​ទាំង​៣២​នេះ​មាន​ទាំងអស់​២៤.៨៥២​ទំព័រ ហើយ​តាម​ការ​ការ​បញ្ជាក់​របស់ ACU គឺ​បាន​ចាត់តាំង​មន្ត្រី​ដល់​ទៅ​១០​រូប អាន​ឯកសារ​ទាំងនេះ​មួយ​ខែ ។

ពិនិត្យ​តាម​ខ្លឹមសារ និង​បែបបទ​ការងារ​ដែល ACU បាន​ប្រកាស​នៅ​ក្នុង​ករណី​ដែល​ខ្លួន​រក​ឃើញ​ទោស​កំហុស​នោះ មន្ត្រី​នយោបាយ​ទាំង​ពីរ​ពិបាក​នឹង​រួចខ្លួន​ណាស់​ពីព្រោះ ACU បាន​បញ្ជាក់​ច្បាស់​ៗ​ថា មន្ត្រី​ទាំង​ពីរ​មិនមែន​ជា​អ្នក​សាក្សី​ទៀត​នោះ​ទេ គឺជា​ជនសង្ស័យ​នៃ​សំណុំរឿង​នេះ​តែ​ម្តង ។

សំណុំរឿង​នេះ​មិនតូច​តាច​ឡើយ ដូច្នេះ​ហើយ​បានជា​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​មាន អាជ្ញាធរ​តុលាការ និង​ACU បាន​ធ្វើ​ជា​បន្តបន្ទាប់​តាម​ជំហាន​ៗ​តាំងពី​ការ​ចាប់ខ្លួន​អ្នក​សង្ស័យ​បំផុត​អ្នក​ពាក់ព័ន្ធ​ហើយ​ស៊ើបអង្កេត​ពីព្រោះ​សំណុំរឿង​នេះ​វា​មាន​ទឹកប្រាក់​រហូត​ដល់​៣០០​លាន​ដុល្លារ ។ ទឹកប្រាក់​ទាំងនេះ​ត្រូវ​បាន​សារព័ត៌មាន​មួយ​ចំនួន​ធ្វើ​សេចក្តីរាយការណ៍​ថា ត្រូវ​បាន​ពលរដ្ឋ​ប្រមាណ​ជា​៥​ពាន់​គ្រួសារ​ចោទប្រកាន់​អតីត​ឧកញ៉ា ឡេ​ង ចាន់​ណា ថា​បាន​ធ្វើ​សកម្មភាព​ឆ​បោ​.​ក​ប្រាស់​ពួក​គេ ។

ក្រោយ​ពេល​ដែល​រឿង​នេះ ត្រូវ​បាន​ទម្លាយ លោក ស៊ា​ន បូ​រ៉ាត និង​លោក ស ថា​វី ក៏​ត្រូវ​បាន​សាលាដំបូង​ខេត្តសៀមរាប​កោះហៅ​ទៅ​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​កាលពី​ចុងឆ្នាំ​២០២៤ ។ នេះ គឺជា​ដំណើរការ​ផ្លូវច្បាប់​ជំហាន​ដំបូង​ដោយពេល​នោះ​ជា​ការ​កោះហៅ ដើម្បី​ស្តាប់​ដំណើរ​សាច់​រឿង​ឆបោក ដែល​អតីត​ឧកញ៉ា ឡេ​ង ចាន់​ណា ប្រព្រឹត្ត​នៅ​អំឡុង​ឆ្នាំ​២០១៨ ក្នុងភូមិ​តា​វៀន​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ។

សរុប​មក​វិញ​នេះ គឺជា​សំណុំរឿង​បោកប្រាស់​ដ៏​ធំ​បំផុត​មួយ​នៅ​កម្ពុជា ហើយ​ក៏​ជា​មេរៀន​មួយ​សម្រាប់​ប្រាប់​មន្ត្រី​សាធារណៈ​នានា​កុំអោយ​ពាក់ព័ន្ធ​នឹង​រឿង​អំពើ​ពុក​រលួយ​បែប​នេះ ។ បើ​មិន​ដូច្នេះ​ទេ នឹង​មានរឿង​រសេមរសាម​ដល់​ខ្លួន ។ មន្ត្រី​សាធារណៈ គឺ​គួរតែ​ជា​មន្ត្រី​បម្រើ​រាស្ត្រ​មាន​តួនាទី​ភារកិច្ច​ផ្តល់​សេវាកម្ម​ដល់​ពលរដ្ឋ​តាម​តួនាទី និង​ភារកិច្ច​មិនមែន​យក​តួនាទី និង​ភារកិច្ច ដើម្បី​លាភសក្ការៈ​នោះ​ទេ ។

រឿង​នេះ អាច​ជា​ករណី​អំពើ​ពុក​រលួយ​លើក​ទី​១ ដែល​សមត្ថកិច្ច​បាន​បំបែក​ពាក់ព័ន្ធ​នឹង​រឿង​វិនិយោគ​បោកប្រាស់ ខណៈ​ដែល​សំណុំរឿង​ពុក​រលួយ និង​សូកប៉ាន់​រត់ការ​ឡើងបុណ្យ​សក្តិ​ត្រូវ​បាន​សមត្ថកិច្ច​បង់​បាន​មួយ​សំណាញ់​ធំ ដោយ​បោសសម្អាត​មន្ត្រី​ថ្នាក់​រដ្ឋលេខាធិការ និង​មន្ត្រី​ថ្នាក់​មូលដ្ឋាន​ក៏​ដូច​ជា​អ្នក​ដែល​ពាក់ព័ន្ធ​ជា​ច្រើន​រូប​រួច​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ