រាជធានីភ្នំពេញ ៖ ថ្មីៗនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសង្កេតឃើញថា មានជនបរទេសមួយចំនួនមានការសង្ស័យពាក់ព័ន្ធការប្រព្រឹត្តបទល្មើសមកពីប្រទេសផ្សេងៗ ប៉ុនប៉ងចូលមកព្រះរាជាណាចក្រកម្ពុជា កើនឡើងគួរឲ្យកត់សំគាល់ ដែលតម្រូវឲ្យមន្ត្រីនគរបាលអន្តោប្រវេសន៍ បង្កើនការយកចិត្តទុកដាក់ខ្ពស់ថែមទៀត ក្នុងការការពារខឿនសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈសង្គម និងបង្ការ ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរ-រត់ពន្ធមនុស្ស ឬបទល្មើសផ្សេងៗទៀត ជាចាំបាច់ ។
យោងតាមសេចក្តីបំភ្លឺព័ត៌មានមួយរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ចុះថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងរយៈពេលថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម និងមតិជនបរទេសមួយចំនួន លើកឡើងថា «សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ បានធ្វើការរឹតបន្តឹងការស្នើសុំទិដ្ឋាការចូល និងទិដ្ឋាការ បន្តរយៈពេលស្នាក់នៅបណ្តោះអាសន្ន ក្នុងព្រះរាជាណាចក្រកម្ពុជា ចំពោះជនបរទេសសញ្ជាតិមួយចំនួន» ។
ពាក់ព័ន្ធនឹងករណីនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបំភ្លឺថា យោងតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ មន្ត្រីនគរបាលអន្តោប្រវេសន៍មានសមត្ថកិច្ច អាចបដិសេធការចូល ឬការបន្តរយៈពេលស្នាក់នៅបណ្តោះអាសន្នក្នុងព្រះរាជាណាចក្រកម្ពុជា ចំពោះជនបរទេសណាម្នាក់ ដែលមិនបានបំពេញតាមលក្ខខណ្ឌត្រឹមត្រូវ ជាអាទិ៍ ប្រវត្តិនៃការធ្វើដំណើរ ឬគោលបំណង នៃការធ្វើដំណើរមិនច្បាស់លាស់ ឬខ្វះលទ្ធភាពចិញ្ចឹមខ្លួនក្នុងរយៈពេលស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយគ្មានអ្នកធានាជួយដោះស្រាយ ឬអាជ្ញាធរមានសមត្ថកិច្ចមានហេតុផលគ្រប់គ្រាន់ ជឿថា នឹងប្រព្រឹត្តសកម្មភាពធ្វើឱ្យខូចផលប្រយោជន៍សណ្តាប់ធ្នាប់សាធារណៈ សីលធម៌សង្គម និងធ្វើ សកម្មភាពប៉ះពាល់ដល់សន្តិសុខជាតិ-អន្តរជាតិ ។ល។
ក្នុងន័យនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពុំមានគោលការណ៍មិនផ្តល់ទិដ្ឋាការ ឬហាមឃាត់ការធ្វើដំណើរចូល ឬមិនបន្តទិដ្ឋាការស្នាក់នៅបណ្តោះអាសន្នក្នុងព្រះរាជាណាចក្រកម្ពុជា ចំពោះជនបរទេសជាតិសាសន៍ណាមួយឡើយ។ ទាំងនេះ គឺជាការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីនគរបាលអន្តោប្រវេសន៍ជាប្រក្រតីប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ មិនមែនជាការដាក់ចេញ នូវវិធានការរឹតបន្តឹងថ្មីនោះទេ ៕
ចែករំលែកព័តមាននេះ