រាជធានីភ្នំពេញ ៖ កីឡាករជើងខ្លាំងគុនខ្មែរវ័យក្មេងរិទ្ធី គីងកុង ត្រៀមចេញដំណើរទៅចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់អន្តរជាតិជាមួយកីឡាថ្នាលរបស់ប្រទេសម៉ាឡេស៊ីនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។
កីឡាករថ្នាលគុនខ្មែររិទ្ធី គីងកុង ដែលទើបតែឈានជើងចូលប្រឡូកនៅក្នុងវិស័យកីឡាប្រដាល់
គុនខ្មែររយៈពេលប្រមាណ១ឆ្នាំមកនេះមានប្រវត្តិប្រកួតមិនដែលស្គាល់ចាញ់សោះនោះ នឹងធ្វើដំណើរទៅប្រកួតដណ្ដើមខ្សែក្រវាត់អន្តរជាតិជាមួយកីឡាករថ្នាលប្រទេសម៉ាឡេស៊ីជាបន្តទៀត ក្រោយរូបគេទើបតែដណ្ដើមបានខ្សែក្រវាត់១គ្រឿងពីប្រទេសជប៉ុនរួមជាមួយពាន១គ្រឿងផងដែរកាលពីពេលថ្មីៗកន្លងមកនេះ។ បើតាមការឱ្យដឹងបន្ថែម រិទ្ធី គីងកុង ពេលនេះកំពុងតែខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំងជាមួយលោកគ្រូផាត សូដា ដើម្បីដាក់គោលដៅដណ្ដើមតំណែងជាម្ចាស់ខ្សែក្រវាត់មួយនេះឱ្យទាល់តែបាន។
កីឡាកររិទ្ធី គីងកុង បានឱ្យដឹងថា នេះគឺជាដំណើរលើកទី៣ហើយដែលគេមានឱកាសចេញទៅប្រកួតនៅក្រៅប្រទេស។ លើកទី១នៅប្រទេសថៃ លើកទី២នៅប្រទេសជប៉ុន និងលើកទី៣នេះទៅប្រទេសម៉ាឡេស៊ីម្ដង ។ សម្រាប់ការទៅចូលរួមប្រកួតនៅប្រទេសម៉ាឡេស៊ីលើកនេះកម្ពុជាបានបញ្ជូនកីឡាករថ្នាលចំនួន៥នាក់ ក្នុងនោះប្រកួតដណ្ដើមខ្សែក្រវាត់ចំនួន៣នាក់ និងប្រកួតដណ្ដើមពានចំនួន២នាក់។
សម្រាប់សមាសភាពកីឡាករថ្នាលកម្ពុជាដែលត្រូវចេញទៅប្រកួតនៅប្រទេសម៉ាឡេសុីលើកនេះមាន កីឡាកររិទ្ធី គីងកុង ប៉ះកីឡាករថ្នាលម៉ាឡេស៊ីឈ្មោះISLAM REMBOជាលក្ខណៈដណ្ដើមខ្សែក្រវាត់ ។
កីឡាករធន់ ឧត្តមប្រកួតដណ្ដើមខ្សែក្រវាត់ជាមួយកីឡាករថ្នាលម៉ាឡេស៊ី ADAM MIKAIL និងកីឡាកររិទ្ធី ហុងបញ្ញា ប្រកួតដណ្ដើមខ្សែក្រវាត់ជាមួយកីឡាថ្នាលម៉ាឡេស៊ីឈ្មោះKHALISH
MUHAMMAD។ ដោយឡែកកីឡាករកម្ពុជា២រូបទៀតដែលត្រូវប្រកួតដណ្ដើមពានជាមួយកីឡាករម៉ាឡេស៊ីមានដូចជា កីឡាកររិទ្ធី អៃឆើយ ប្រកួតជាមួយកីឡាករម៉ាឡេស៊ីSAHRIN AIDILនិងកីឡាកររិទ្ធី មាន់ព្រៃប្រកួតជាមួយកីឡាករម៉ាឡេសុី CHEN WEE ៕




ចែករំលែកព័តមាននេះ