ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Diogo Jota រៀប​ការ​មិន​ទាន់​បាន​២​ស​ប្តា​ហ៍​ផង បែរជា​ជួប​គ្រោះថ្នា.ក់​ក្រឡា.ប់​ផ្ទុះ​ឆេះ​រថយន្ត​ស្លា.ប់​ជាមួយ​ប្អូនប្រុស

8 ម៉ោង មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ ពិភព​បាល់ទាត់​ជួប​ទុក្ខ​ជា​ទម្ងន់ បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ដ៏​ក្រៀមក្រំ និង​រន្ធត់​បំផុត ដោយ​ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម​ហង្ស​ក្រហម Liverpool និង​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់ Diogo Jota…

ប្រទេស​អេ​ស្ប៉ា​ញ ៖ ពិភព​បាល់ទាត់​ជួប​ទុក្ខ​ជា​ទម្ងន់ បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ដ៏​ក្រៀមក្រំ និង​រន្ធត់​បំផុត ដោយ​ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម​ហង្ស​ក្រហម Liverpool និង​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់ Diogo Jota ព្រមទាំង​ប្អូនប្រុស​ដែល​ជា​កីឡាករ​បាល់ទាត់​អាជីព​ដែរ​នោះ បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​ផ្ទុះ​ឆេះ​រថយន្ត​នៅ​ភាគ​ពាយ័ព្យ ប្រទេស​អេ​ស្ប៉ា​ញ កាលពី​វេលា​ទាប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២៥ (​ម៉ោង​ក្នុងស្រុក​)​។

ប្រភព​ពី​សារព័ត៌មាន​ធំ​ៗ​ជុំវិញ​ពិភពលោក រួម​ទាំង BBC បាន​រាយការណ៍​ដោយ​ស្រង់​របាយការណ៍​ប៉ូលិស​តំបន់​បានឱ្យ​ដឹង​ថា ភ័ស្តុតាង​ពី​កន្លែង​កើតហេតុ​បាន​បង្ហាញ​ថា បងប្អូន​ទាំង​ពីរ​នាក់​កំពុង​ធ្វើ​ដំណើរ​ក្នុង​រថយន្ត​ស៊េរី​ទំនើប Lamborghini ហើយ​បាន​ព្យាយាម​ជែង​រថយន្ត​១​គ្រឿង ខណៈនោះ​ស្រាប់តែ​កង់​មួយ​បាន​ផ្ទុះ​បណ្ដាល​ឱ្យ​រថយន្ត​ធ្លាក់​ចេញពី​ផ្លូវ​ក្រឡាប់​ផ្ទុះ​ឆាបឆេះ​តែ​ម្ដង ដោយ​បាន​ឆក់​យក​ជី​វីត Diogo Jota ព្រមទាំង​បងប្អូន Andre Silva​។

ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង​នៅ​ប្រហែល​ម៉ោង​០០:៣០​នាទី​ទាប​ភ្លឺ ម៉ោង​ក្នុងស្រុក​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២៥ ស្ថិត​ក្នុង​ខេត្ត​ហ្សាំ​ម៉ូ​រ៉ា (Zamora)​។ ដ្បិត​ព្រហ្ម​លិខិត​អាក្រក់​ពេក​ហើយ​សម្រាប់ Diogo Jota ដែល​ទើបតែ​រៀប​ការ កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា កន្លង​ទៅ​ថ្មី​ៗ​នេះ ជាមួយ​ភរិយា​ជាទី​ស្រឡាញ់ ដែល​រួមរស់​ជាមួយ​គ្នា​អស់​រយៈ​១០​ឆ្នាំ​មក​ហើយ ឈ្មោះ Rute Cardoso ដោយ​មាន​ចំណងដៃ​កូន​ចំនួន​៣​នាក់ ពោល​គឺ​ត្រឹម​១១​ថ្ងៃ​ប៉ុណ្ណោះ មុន​ពេល​ជួប​គ្រោះ​អកុសល​មិន​នឹក​ស្មាន​ដល់​។

មរណភាព​ភ្លាម​ៗ​មិន​គួរ​ឱ្យ​ជឿ​របស់​ខ្សែប្រយុទ្ធ Diogo Jota ព្រមទាំង​ប្អូនប្រុស Andre Silva បាន​ក្លាយជា​រឿង​ដ៏​ទុក្ខសោក​យ៉ាង​ខ្លាំង សម្រាប់​កីឡាបាល់ទាត់​ជុំវិញ​ពិភពលោក ដោយ​ក្លិប​អាជីព​ទាំង​បាល់ទាត់ និង​កីឡា​ផ្សេង​ទៀត​ជា​ច្រើន ក៏​ដូច​ជា​អត្ត​ព​លិ​ក​បាល់ទាត់ និង​អត្ត​ព​លិ​ក​កីឡា​ផ្សេង​ទៀត រួម​ទាំង​បុគ្គល​ល្បីឈ្មោះ​ជា​ច្រើន ពិសេស​មិត្ត​រួម​ក្រុម​ទាំង Liverpool និង​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​របស់ Diogo Jota បាន​បង្ហោះ​សារ​រំលែក​ទុក្ខ​ជាមួយ​អារម្មណ៍​តក់ស្លុត​ចំពោះ​ការ​បាត់​បង់ជីវិត​បងប្អូន​ប្រុស​ទាំង​ពីរ​នាក់​នេះ​។

អ្នកគាំទ្រ​ជា​ច្រើន​នាក់​បាន​សម្រក់​ទឹកភ្នែក​សោកស្តាយ និង​បាន​ដាក់​កម្រងផ្កា​កាន់ទុក្ខ​នៅ​ខាងក្រៅ​កីឡដ្ឋាន Anfield របស់​ក្លិប Liverpool ឧទ្ទិស​ដល់​ខ្សែប្រយុទ្ធ​ឆ្នើម​ពួក​គេ ដែល​កាលពី​ប៉ុន្មាន​ស​ប្តា​ហ៍​មុន ទើបតែ​រីករាយ​អបអរ​ការ​ឈ្នះ​ជើងឯក​លី​គ​កំពូល​អង់គ្លេស Premier League ជាមួយ​ក្រុម​។

ប្រធាន​ក្រុម Cristiano Ronaldo ក្នុង​ចំណោម​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​ជាមួយ​ខ្សែប្រយុទ្ធ Diogo Jota ដទៃ​ទៀត ដែល​ទើបតែ​អបអរ​ការ​ឈ្នះ​ជើងឯក​ពានរង្វាន់ UEFA Nations League កាលពី​ពេល​ថ្មី​ៗ​ជាមួយ​គ្នា​នោះ បាន​បង្ហាញ​អារម្មណ៍​តក់ស្លុត​យ៉ាង​ខ្លាំង​ចំពោះ​ដ​ណឹ​ង​នេះ​។ លើស​ពី​នេះ​ទៀត មុន​ការ​ប្រកួត​ពានរង្វាន់​ជើងឯក​នារី​ទ្វីបអឺរ៉ុប​ឆ្នាំ​២០២៥ (UEFA Women’s Euro 2025) រវាង​ក្រុម​នារី​ព័រ​ទុ​យ​ហ្គា​ល់ និង​អេ​ស្ប៉ា​ញ រួម​ទាំង​ការ​ប្រកួត​មួយ​ចំនួន​ទៀត​មានការ​ស្មិងស្មាធិ៍​១​នាទី ដើម្បី​ឧទ្ទិស​ចំពោះ Diogo Jota និង​ប្អូនប្រុស​ផង​ដែរ​។

បក​ត្រឡប់​ក្រោយ​វិញ នៅ​ពេល​កុមា​រា Diogo Jose Teixeira da Silva (Diogo Jota) ដែល​បាន​កើត​នៅ​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​១៩៩៦ ចាប់ផ្តើម​ហ្វឹកហាត់​បាល់ទាត់​សាល​ថ្នាល Gondomar និង Paços de Ferreira ចន្លោះ​ឆ្នាំ ២០០៥ ដល់ ២០១៥​។ លេង​ក្នុង​តំណែង​ជា​ខ្សែប្រយុទ្ធ​ស្លាប​ឆ្វេង Jota បាន​ក្លាយជា​កីឡាករ​អាជីព​លើក​ដំបូង​នៅ​ឆ្នាំ​២០១៤ ជាមួយ​ក្លិប Paços de Ferreira ដំណើរ​អាជីព​របស់​គេ​បាន​បង្ហាញ​សមត្ថភាព​លើ​ទីលាន​ជាមួយ Atletico Madrid, Porto (​ខ្ចី​ជើង​), Wolves មុន​ពេល​ចូលរួម​ជាមួយ Liverpool កាលពី​ឆ្នាំ​២០២០​។ ៥​រដូវ​កាល​ជាមួយ​ហង្ស​ក្រហម Jota ស៊ុត​បញ្ចូល​ទី​៦៥​គ្រាប់​ពី​ការ​បង្ហាញខ្លួន ១៨២​ប្រកួត និង​ឈ្នះ​ពានរង្វាន់ Premier League, FA Cup និង EFL Cup​។ Jota ត្រូវ​បាន​កោះហៅ​ចូល​ក្រុម​ឈុត​ធំ​ព័រ​ទុ​យ​ហ្គា​ល់​នៅ​ឆ្នាំ​២០១៩ ដោយ​ស៊ុត​បញ្ចូល​ទី ១៤​គ្រាប់​ពី​ការ​បង្ហាញខ្លួន ៤៩​ប្រកួត​។

ដោយឡែក Andre Filipe Teixeira da Silva (Andre Silva) កើតឡើង​នៅ​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០០០ ដោយ​ចាប់ផ្តើម​បាល់ទាត់​នៅ​ឆ្នាំ​២០១១ ជាមួយ​ក្រុម​យុវជន​ក្លិប Gondomar, Porto, Padroense (​ខ្ចី​ជើង​), Paços de Ferreira, Famalicão និង Boavista មុន​ក្លាយជា​កីឡាករ​អាជីព (​ឈុត​ធំ​) នៅ​ឆ្នាំ​២០២១ ជាមួយ​ក្លិប Gondomar ហើយ​នៅ​ឆ្នាំ​២០២៣ បាន​មក​ចូលរួម​ជាមួយ Penafiel នៅ​លី​គ​ទី​២​ព័រ​ទុ​យ​ហ្គា​ល់ ដែល​ជា​ក្លិប​ចុង​ក្រោយ​របស់​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ