រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥នេះ មន្ត្រីអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដែលប្រចាំការបំពេញភារកិច្ច តាមបណ្ដាច្រកទ្វារព្រំដែន រួមទាំងច្រកទ្វារព្រំដែនអាកាសបានប្រើវិធីសាស្ត្រស្រាវជ្រាវ និងសន្និដ្ឋានបឋមឈានទៅទប់ស្កាត់បានទាន់ពេលវេលា ករណីសង្ស័យពាក់ព័ន្ធអំពើជួញដូរមនុស្ស ដោយឃាត់ដំណើរឆ្លងដែន សរុប១១៨នាក់ ក្នុងនោះមានជនជាតិខ្មែរ១០៤នាក់ ជនជាតិចិន១៤នាក់ ។

ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនសង្ស័យរងគ្រោះដោយអំពើជួញដូរមនុស្សទាំង ១១៨នាក់ ត្រូវបានសមត្ថកិច្ចអន្តោប្រវេសន៍អន្តរាគមន៍ ក្នុងករណីសរុបចំនួន៥៩ ដែលចំណុចនេះមានន័យថា ករណីនាំជនរងគ្រោះដែលភាគច្រើនត្រូវបានអូសទាញឱ្យទៅរៀបការ ដោយខុសច្បាប់ជាមួយជាជនបរទេសបានធ្វើឡើងជាក្រុមៗ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានឱ្យដឹងថា ករណីសង្ស័យបានស្ដែងឡើងជាអាទិ៍ ស្ត្រីរងគ្រោះមានវ័យក្មេងៗខ្លះធ្វើដំណើរទៅក្រៅប្រទេសដោយគ្មានគោលដៅ ឬថា ទៅដើរលេង តែមិនដឹងដើរលេងនៅឯណាឱ្យពិតប្រាកដ ឬខ្លះគ្មានថវិកាសមស្រប សម្រាប់ធ្វើដំណើរទៅក្រៅប្រទេស និងខ្លះទៀតស្ដែងអាការៈមិនប្រក្រតី នៅចំពោះមុខសមត្ថកិច្ចតែម្ដង ។
ឯកឧត្តមបានបន្ថែមថា បន្ទាប់ពីមានការសង្ស័យ សមត្ថកិច្ចជំនាញបានសាកសួរព័ត៌មានបឋម និងរាយការណ៍ទៅកាន់មន្ត្រីជំនាញពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីសាកសួរ និងស្រាវជ្រាវលម្អិតរហូតឈានទៅសន្និដ្ឋានបានថា អ្នកទាំងនោះបានចា.ញ់បោកមេខ្យល់ អូសទាញលួងលោម ទាំងតាមរយៈចិត្តសាស្ត្រ ទឹកប្រាក់សម្ភារៈនិយម និងការផ្ដល់ក្ដីសង្ឃឹមផ្សេងៗ ។
សូមបញ្ជាក់ថា ជាក់ស្ដែង ក្នុងរយៈពេល៦ ខែដូចគ្នានេះ មន្ត្រីអន្តោប្រវេសន៍ក្រសួងមហាផ្ទៃក៏បានផ្ដល់កិច្ចសហការសម្របសម្រួលទទួលស្ត្រីខ្មែរជាជនរងគ្រោះនៃអំពើជួញដូរមនុស្សនៅប្រទេសចិន ចំនួន៧៨ករណី ។
បើតាមឯកឧត្តមអគ្គនាយក ក្នុងចំណោមករណីសម្របសម្រួលទទួលទាំង៧៨នោះ មានមនុស្សសរុបមនុស្ស១៨៨នាក់ ក្នុងនោះស្ត្រីរងគ្រោះមានរហូតដល់ទៅ១៨៧នាក់ ។
ក្នុងន័យនេះ ឯកឧត្តមក៏បានអំពាវនាវប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ រួមគ្នាអប់រំផ្សព្វផ្សាយបង្កើតទប់ស្កាត់បញ្ហានេះ ជាពិសេសស្ត្រីត្រូវប្រុងប្រយ័ត្នកុំជឿតាមការអូសទាញនឹងត្រូវស្វែងរកព័ត៌មានឱ្យបានច្បាស់លាស់មុនសម្រេចចិត្តចេញទៅក្រៅប្រទេសតាមបុគ្គលមួយចំនួន ៕
ចែករំលែកព័តមាននេះ