រាជធានីភ្នំពេញ ៖ ជនដៃដល់ដែលវាយទៅលើកម្មករសំណង់ម្នាក់បណ្ដាលឲ្យដួលបោកក្បាលស្លាប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ចំនួនពីរនាក់កាលពីថ្ងៃទី១ខែកក្កដាឆ្នាំ២០២៥នេះបន្ទាប់ពីធ្វើសកម្មភាពបង្កហិង្សាបានតែមួយយប់។
ជនសង្ស័យ២នាក់ខាងលើ ម្នាក់ឈ្មោះ សុខ ផល្លា ហៅ បឿត ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ឃាត់ខ្លួននៅចំណុចតាមផ្លូវបេតុង ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ ឈន សុខភា ហៅ ឌី ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ឃាត់នៅចំណុច ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមនគរបាលខណ្ឌ សែនសុខបានឲ្យដឹងថា ដោយមានបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំបញ្ជារផ្ទាល់ពីលោកវរះសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវហើយឈានបានជាបន្តបន្ទាប់ចំនួនពីរនាក់ ម្នាក់ឃាត់ខ្លួនបាននៅវេលាព្រឹកនិង ម្នាក់ទៀតឃាត់ខ្លួននៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីធ្វើសកម្មភាពបង្កហិង្សាបណ្ដាឲ្យកម្មករសំណង់ម្នាក់ឈ្មោះ សុខ ភារ៉ាត់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនៅកម្មករសំណង់ ទីលំនៅផ្ទះលេខ៥១ ផ្លូវលំ ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញស្លាប់បាត់បង់ជីវិតនៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។
គួររំលឹកថា កាលពីវេលាម៉ោង ៩និង ៤០នាទីយប់ថ្ងៃទី ៣០ខែមិថុនាឆ្នាំ២០២៥មានករណីប្រើហិង្សាមានស្ថានទម្ងន់ទោសរហូតមរណភាពនេះបានកើតឡើងនៅចំណុចផ្លូវលេខ១៩៦២ មុខផ្ទះលក់អីវ៉ាន់យីហោ ពេជ្រ ចិន្តា ក្នុង ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតដោយសារការប្រើហិង្សានេះ ឈ្មោះ សុខ ភារ៉ាត់ ហៅធ្មេញ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនៅកម្មករសំណង់ ទីលំនៅផ្ទះលេខ៥១ ផ្លូវលំ ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមព័ត៌មានឲ្យដឹងថា នៅវេលាមុនពេលកើតហេតុគេឃើញជនរងគ្រោះកំពុងតែដើរនៅតាមដងផ្លូវស្រាប់តែជនសង្ស័យចំនួន២នាក់បាននាំគ្នាព្រួតវាយទៅលើជនដងគ្រោះបណ្ដាលឲ្យដួលសន្លប់នៅលើដងផ្លូវលេខ១៩៦២ នៅក្បែរផ្លូវចូលផ្ទះរបស់ជនរងគ្រោះ ។
បន្ទាប់ពីបង្កហិង្សាជនដៃដល់បានគេចខ្លួនបាត់ភ្លាមៗបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងក្រុមគ្រួសារជនរងគ្រោះនាំគ្នាបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពតេជោសន្តិភាពហើយត្រូវគ្រូ ពេទ្យឲ្យដឹងថា ជនរងគ្រោះស្លាប់ បាត់បង់ជីវិតហើយត្រូវក្រុមគ្រួសារបញ្ជូនមកផ្ទះដើម្បីធ្វើបុណ្យ។បន្ទាប់ពីមានករណីអំពើហិង្សាកើតឡើងនគរបាល ព្រហ្មទណ្ឌខណ្ឌសែនសុខបានសហការជាមួយនគរបាលប៉ុស្តិ៍ក្រាំងធ្នង់ ចុះធ្វើការស្រាវជ្រាវជាបន្ទាន់ហើយឈានទៅឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក។
ជនសង្ស័យទាំង០២នាក់ត្រូវបាននគរបាលបញ្ជូនទៅកាន់អអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីបន្តនិតិវិធីតាមច្បាប់៕


ចែករំលែកព័តមាននេះ