មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជានឹងផ្តល់ឱកាសការងារដល់បងប្អូនខ្មែរដែលត្រលប់មកពីប្រទេសថៃ ដែលមានទាំងប្រាក់ខែ មានផ្ទះស្នាក់ និងទឹកភ្លើងឥតគិតថ្លៃ ។

ថ្មីៗនេះ បន្ទាប់ពីសម្តេចមហាបវធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញបទបញ្ជាឱ្យក្រសួងស្ថាប័ន និងថ្នាក់ដឹកនាំនៃខេត្តជាប់ព្រំដែនថៃទាំងអស់ ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ ដើម្បីទទួលសម្រួលដល់ធ្វើដំណើរក៏ដូចជាឱកាសការងារ ក្នុងករណីដែលមានប្រជាពលករខ្មែរដែលធ្វើនៅប្រទេសថៃវិលចូលប្រទេសក្នុងចំនួនទ្រង់ទ្រាយធំ ។
ស្របគ្នានៃការត្រៀមរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងបញ្ហាពលករសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចេញមុខមកធានាអះអាងថា ឱកាសការងារនៅក្នុងប្រទេសកម្ពុជាយើង គឺមានច្រើនរាប់សិបម៉ឺនកន្លែង ដូច្នេះ បងប្អូនពលកទាំងអស់កុំបារម្ភរឿងខ្វះការងារធ្វើអោយសោះ ។
ឆ្លើយតបនឹងការលើកឡើងរបស់មេដឹកនាំកម្ពុជាទាំងពីរ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ មហាឧបាសិការធម្មបណ្ឌិត ញ៉ឹក ប៊ុនថា បញ្ញវន្តស្ត្រីដ៏ឆ្នើមមួយរូបក្នុងវិស័យព្រះពុទ្ធសាសនា និងជាស្ថាបនិកមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានបញ្ជាក់ប្រាប់កម្មវិធី60 Buzz នៃសារព័ត៌មានកោះសន្តិភាពថា មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជានឹងផ្តល់ឱកាសការងារដល់បងប្អូនពលករខ្មែរ ដែលត្រលប់មកពីធ្វើការនៅប្រទេសថៃហើយមានបំណងចង់ស្វែងរកការងារធ្វើរ ចំនួន១៥នាក់។
មហាឧបាសិការធម្មបណ្ឌិត ញ៉ឹក ប៊ុនថា បានបន្ថែមថាការជ្រើសរើសមនុស្សចំនួន១៥នាក់នេះ រួមមានជាងសំណង់ជាបុរស ៣នាក់ កម្មករប្រុស ៧នាក់ និងកម្មករជាស្ត្រី៥នាក់។ សម្រាប់អ្វីដែលជាចំណុចពិសេសនោះ គឺក្រៅពីទទួលបានប្រាក់ខែ បុក្គលិកទាំងអស់ អាចមកនាំប្រពន្ធ ឬប្តីមកធ្វើការជាមួយគ្នាបាន ដោយមជ្ឈមណ្ឌនឹងផ្តល់ផ្ទះសម្រាប់ស្នាក់នៅជាមួយនឹងការប្រើប្រាស់ ទឹកភ្លើង ដោយឥតគិតថ្លៃថែមទៀតផង ។

សូមជម្រាបថា មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាដ៏ធំសម្បើមកំពុងស្ថិតក្នុងសាងសង់នៅលើផ្ទៃដីសរុបប្រមាណ១២៦ហិកតា ក្នុងតំបន់ឧទ្យានជាតិព្រះកុសមៈគីរីរម្យ ស្ថិតក្នុងភូមិអូរកសេះ ឃុំចំបក់ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មិនគ្រាន់តែបម្រើឲ្យវិសយ័ព្រះពុទ្ធសាសនាប៉ុណ្ណោះទេ មជ្ឈមណ្ឌលនឹងក្លាយជាផលិតផលថ្មីមួយទៀតបម្រើឲ្យវិសយ័ទេសចរផងដែរ ។
គួរកត់សម្គាល់ដែរថានាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជាបានប្រកាសស្វាគមន៍បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ឬធ្វើការនៅប្រទេសថៃ ឱ្យវិលត្រឡប់មកកម្ពុជាវិញឱ្យបានឆាប់ ព្រោះជាពេលវេលាដ៏សាកសម ខណៈវិវាទព្រំដែនខ្មែរ-ថៃ មិនងាយនឹងបញ្ចប់ឆាប់ៗបានឡើយ ហើយយើងក៏មិនអាចនៅអែអង់ រង់ចាំឲ្យក្រុមជ្រុលនិយមថៃមួយចំនួនបន្តប្រមាថមកលើបងប្អូនបានឡើយ ម្យ៉ាងប្រជាពលរដ្ឋកម្ពុជា ដែលជាពលករទាំងអស់ ក៏មិនអាចបន្តរស់ពឹងពាក់គេអស់មួយជីវិតដូចគ្នានោះដែរ គួរតែត្រឡប់មកផ្ទះយើងវិញ ដោយសម្តេចតេជោ បានធានាអះអាងថា បច្ចុប្បន្ន ឱកាសការងារនៅក្នុងប្រទេសកម្ពុជាយើង គឺមានច្រើនរាប់សិបម៉ឺនកន្លែងដូច្នេះកុំបារម្ភរឿងខ្វះការងារធ្វើអោយសោះ ទាំងក្នុងវិស័យឧស្សាហកម្មកសិកម្ម និងវិស័យសំណង់ជាដើម ។
ចែករំលែកព័តមាននេះ