ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទទ្វារ​បើកភ្លើង​ទុក​ចោល ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​ផ្ទះ​ហ្មត់​

5 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ លំនៅ​ឋាន​មួយ​ខ្នង​ត្រូវ​អគ្គិភ័យ​ដែល​គេ​អះអាង​ថា ផ្ដើម​ចេញពី​ការទុ​ស្សេ​ចរន្តអគ្គិសនី​បាន​លេប​ត្របាក់​យក​អស់ទាំង​ស្រុង កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៧ មិថុនា នៅ​ចំណុច​ភូមិ​អង់​ត្បូង ឃុំ​តា​ពូ​ង ស្រុក​ថ្មគោល…

ខេត្តបាត់ដំបង ៖ លំនៅ​ឋាន​មួយ​ខ្នង​ត្រូវ​អគ្គិភ័យ​ដែល​គេ​អះអាង​ថា ផ្ដើម​ចេញពី​ការទុ​ស្សេ​ចរន្តអគ្គិសនី​បាន​លេប​ត្របាក់​យក​អស់ទាំង​ស្រុង កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៧ មិថុនា នៅ​ចំណុច​ភូមិ​អង់​ត្បូង ឃុំ​តា​ពូ​ង ស្រុក​ថ្មគោល ដែល​ម្ចាស់​មិន​បាន​ស្នាក់​នៅ​ក្នុង​យប់​កើតហេតុ​នោះ ។

នៅ​ពេល​អគ្គិភ័យ​នេះ​បាន​កើតឡើង កុំ​ថា​ឡើយ​សមត្ថកិច្ច​មូលដ្ឋាន សូ​ម្បី​តែ​ម្ចាស់ផ្ទះ​ខ្លួនឯង​ក៏​មិន​បានដឹង​ភ្លាម​ៗ​ដែរ រហូត​ដល់​ភ្លើង​ឆេះ​ផ្ទះ​ហ្មត់ ទើប​ម្ចាស់ផ្ទះ​ដឹង តាម​រយៈ​អ្នក​ភូមិ​ផ្ដល់​ព័​ត៏​មាន ព្រោះ​ពេល​នោះ​ម្ចាស់ផ្ទះ​បិទទ្វារ​ទុក​ចោល រួច​ចេញ​ទៅ​ដេក​នៅផ្ទះ​បងប្អូន ។ នេះ​បើ​តាម​សមត្ថកិច្ច​បាន​និយាយ​ប្រាប់ ។

យោង​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា លំនៅ​ឋាន​ដែល​ត្រូវ​ភ្លើង​ឆេះ​ហ្មត់​នោះ ធ្វើ​ពី​ឈើ ដំបូង​និង​ជញ្ជាំង ប្រក់​និង​ប៉័ង​សី​មាន​ទំហំ​៥​ម៉​x៧​ម៉ ដែល​មាន​ម្ចាស់​ឈ្មោះ វ៉ង់ ផា ប្រុស​អាយុ​៤៥​ឆ្នាំ ។ សមត្ថកិច្ច​ដែល​បាន​ស្រង់​សម្ដី​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹង​ថា នៅ​យប់​នោះ គាត់​មិន​បាន​ស្នាក់​នៅ​ក្នុងផ្ទះ​ទេ ។ គាត់​បាន​បិទទ្វារ​ចាក់សោរ រួច​ចេញ​ទៅ​ហូប​បាយ​នៅផ្ទះ​បងប្អូន ហើយ​ក៏​ដេក​នៅ​ទៅ​នោះ​តែ​ម្ដង ។ ប៉ុន្តែ​ម្ចាស់ផ្ទះ​រូប​នេះ បាន​ទទួល​ដាក់​ការ​សង្ស័យ​ថា អគ្គិភ័យ​នេះ ទំនង​ផ្ដើម​ចេញពី​ការ​ទុ​ស្សេ​ខ្សែភ្លើង ។

គាត់​បាន​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​ចេញពីផ្ទះ គាត់​បាន​បើកភ្លើង​ចោល​ក្នុងផ្ទះ ថែម​ទាំង​ភ្លេច​បិទ​កង្ហារ​ទៀត​ផង ។ ដូច្នេះ គាត់​សង្ស័យ​ទុ​ស្សេ​ខ្សែភ្លើង ទើប​បង្ក​ជា​អគ្គិភ័យ​ឆេះ​ផ្ទះ​អស់​គ្មាន​សល់​បែប​នេះ ។

ជុំវិញ​ករណី​នេះ អធិការ​ស្រុក​ថ្មគោល លោក សេង លុ​ច បាន​និយាយ​ថា ករណី​អគ្គិភ័យ​នេះ សមត្ថកិច្ច​របស់​លោក​មិន​បានដឹង​ទេ រហូត​ដល់​ព្រឹក​ឡើង ទើបបាន​អ្នក​ភូមិ​ផ្ដល់ព័ត៌មាន ។ លោក​បាន​ប្រាប់​ថា កុំ​ថា​ឡើយ​សមត្ថកិច្ច​បានដឹង សូ​ម្បី​ម្ចាស់ផ្ទះ​ខ្លួនឯង និង អ្នក​ភូមិ​ខ្លះ​ទៀត​ក៏​មិន​បានដឹង​ដែរ ព្រោះ​ផ្ទះ​នៅ​ដាច់​ឆ្ងាយ​ពី​គេឯង​បន្តិច និង​ពុំ​មាន​អ្នក​ផ្ដល់​ព័ត៌មាន ពេល​កើតហេតុ​ភ្លាម​ៗ ។
ម្ចាស់ផ្ទះ​បានដឹង​ថា មាន​ភ្លើង​ឆេះ​ផ្ទះ​ខ្លួន នៅ​ពេល​អ្នក​ក្បែរ​ខាង​ទូរស័ព្ទ​ប្រាប់ តែ​ផ្ទះ​បាន​ក្លាយជា​ផេះ​អស់​ទៅ​ហើយ ។ ដូច្នេះ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សមត្ថកិច្ច​មិន​បាន​ចេញ​ជួយ​អន្តរាគមន៍​ទេ ។

លោក សេង លុ​ច បាន​បញ្ជាក់​ដែរ​ថា ជន​រង​គ្រោះ​បាន​បាត់បង់​ទ្រព្យសម្បត្តិ​អស់ទាំង​ស្រុង ក្នុង​នោះ មាន​សម្លៀក​បំពាក់ សម្ភារ​ប្រើប្រាស ចានឆ្នាំង អង្ករ និង​ទ្រព្យសម្បត្តិ​ជា​ច្រើន​ទៀត ដែល​មាននៅ​ក្នុងផ្ទះ តែ​យើង​មិន​ទាន់​ប៉ាន់​ប្រមាណ​ពី​ការ​ខាតបង់​នេះ​បាន​នៅឡើយ​ទេ ព្រោះ​មន្ត្រី​ជំនាញ បាន​និង​កំពុង​សួរនាំ​ម្ចាស់ផ្ទះ​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ