រាជធានីភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានជួបប្រជុំជាមួយអង្គទូតបរទេសនានាចំនួន២៧ប្រចាំកម្ពុជា ដើម្បីធ្វើការពន្យល់អំពីការវិវត្តនៃស្ថានការណ៍បញ្ហាព្រំដែនកម្ពុជា-ថៃ ។ ជំនួបដែរកម្រធ្វើឡើងបែបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។

ក្នុងជំនួបឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងទាក់ទងនឹងចំណុចទី ១-សារបាននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពថៃបានឈ្លានពានទឹកដីកម្ពុជានៅតំបន់មុំបី ដោយទាហានថៃបានបាញ់ប្រហារមុនមកលើទាហានខ្មែរ ដែលបណ្ដាលឱ្យលោក សួន រោន ដែលជាកម្លាំងការពារបូរណភាពដែនដីខ្មែរ បានពលីជីវិត។ ទី២-ការវិវត្តនៃស្ថានការណ៍កាន់តែតានតឹង។
ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រីបានគូសបញ្ជាក់ថា បន្ទាប់ពីហេតុការណ៍នៅថ្ងៃទី២៨ ខែឧសភា ភាគីថៃបែរជាចោទប្រកាន់កម្ពុជាថា ជាអ្នកផ្ទុះអាវុធមុន ហើយតាមរយៈទង្វើឯកតោភាគីរបស់ភាគីថៃជាបន្តបន្ទាប់ បានជំរុញឱ្យទំនាក់ទំនងកម្ពុជាថៃ និងស្ថានភាពតាមបន្ទាត់ព្រំដែនបានវិវត្តន៍កាន់តែតានតឹងឡើងៗ ។

ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រីបានបញ្ជាក់ទៀតថា វិធានការ និងសកម្មភាពរបស់ថៃជាបន្តបន្ទាប់បានបំពាន និងគំរាមកំហែងមកលើកម្ពុជា ក្នុងនោះ ដូចជាការបន្ថយម៉ោងបើកច្រកទ្វារព្រំដែនដោយឯកតោភាគី ការគំរាមក្នុងការផ្តាច់អ៊ីនធើរណេត និងឈប់ផ្គត់ផ្គង់អគ្គិសនីមកកម្ពុជាជាដើម។

ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រីបានបន្ថែមថា បើទោះកម្ពុជា ជាអ្នកស្រឡាញ់សន្តិភាព មិនចង់ឱ្យមានការរីករាលដាលស្ថានភាពតានតឹងចេញពីវិស័យយោធាទៅវិស័យផ្សេងៗ ក៏ដោយតែតាមរយៈវិធានការដោយបំពាន និងការគំរាមកំហែងពីភាគីថៃ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញនូវបណ្តាវិធានការនានាលើការដ្ឋានយោធាការទូត និងច្បាប់ ក៏ដូចជាវិធានការរដ្ឋបាល ការបិទច្រកដូង នៃព្រំដែនកម្ពុជា-ថៃ ការឈប់ទិញអ៊ីនធឺណិតពីប្រទេសថៃ និងការឈប់បញ្ចាំងភាពយន្តថៃ ព្រមទាំងវិធានការត្រៀមនានា ដើម្បីការពារប្រយោជន៍ និងកិត្តិយសប្រជាជាតិខ្មែរ។

ជាមួយគ្នានោះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រីអះអាងថា វិធានការទាំងនេះ គឺធ្វើឡើង ដើម្បីការពារនូវភាពយុត្តិធម៌សេចក្តីត្រឹមត្រូវ សុចរិតភាព ប្រយោជន៍ និងសេចក្តីថ្លៃថ្នូររបស់ជាតិ និងប្រជាជនកម្ពុជា ។

សូមជម្រាបជូនថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១១:៣០ នាទីព្រឹក ម៉ោងនៅទីក្រុងឡាអេ (ត្រូវនឹងម៉ោង ៤:៣០នាទីរសៀល ម៉ោងនៅរាជធានីភ្នំពេញ) លោកជំទាវ គឹមសួរ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ ដែលមាននិវេសនដ្ឋាននៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក បានប្រគល់ដោយផ្ទាល់ដៃនូវលិខិតរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជូនលោក Philippe GAUTIER ក្រឡាបញ្ជីនៃតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជម្រាបជូនពីគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ពាក្យស្នើតាមនីតិវិធី ពាក់ព័ន្ធនឹងបញ្ហាវិវាទព្រំដែនជាមួយប្រទេសថៃ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ដើម្បីសុំតុលាការកំពូលមួយនេះធ្វើការវិនិច្ឆ័យជម្លោះព្រំដែនរវាងប្រទេសទាំងពីរកម្ពុជា និងថៃ។

ជាមួយគ្នានេះដែរ កម្ពុជាត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែរព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំឱ្យកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា។ ទន្ទឹមនេះ កម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិ និង សន្តិភាព ហើយ កម្ពុជាមិនមានបំណងចង់បានទឹកដីរបស់ប្រទេសណាមួយសូម្បីតែមួយមីលីម៉ែត្រ ប៉ុន្តែកម្ពុជាក៏មិនឱ្យនរណាយកដី សូម្បីតែមួយមីលីម៉ែត្រដែរ ៕
ចែករំលែកព័តមាននេះ