អន្តរជាតិ ៖ ការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ និងការឆ្លើយតបរបស់អ៊ីរ៉ង់ជាលើកដំបូង បានបង្កឱ្យមានភាពរង្គោះរង្គើលើទីផ្សារហិរញ្ញវត្ថុពិភពលោក។ ពិសេស តម្លៃប្រេងឆៅបានកើនឡើង ប៉ុន្តែបន្ទាប់ពីការវាយប្រហារកាលពីចុងសប្តាហ៍មុន ដោយមីស៊ីល និងដ្រូនរវាងប្រទេសទាំងពីរ តម្លៃប្រេងឆៅបានធ្លាក់ចុះមកវិញគួរឱ្យកត់សម្គាល់។

យោងតាមប្រភពពីសារព័ត៌មាន BBC នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ បានចុះផ្សាយថា ទោះបីជាយ៉ាងណាក៏ដោយ តម្លៃប្រេងឆៅនៅតែមានតម្លៃ១០ដុល្លារអាមេរិកខ្ពស់ជាងកាលពីមួយខែមុន ហើយមានការភ័យខ្លាចជាថ្មីថា ការកើនឡើងតម្លៃអាចធ្វើឱ្យអ្វីៗគ្រប់យ៉ាងរាប់ចាប់ពីប្រេងឥន្ធនៈ រហូតដល់ស្បៀងអាហារនឹងឡើងថ្លៃនៅជុំវិញពិភពលោក។ នោះជាអ្វីដែលបានកើតឡើងរួចទៅហើយ បន្ទាប់ពីរុស្ស៊ីបើកការវាយប្រហារអ៊ុយក្រែនកាលពីបីឆ្នាំមុន ដែលបានប៉ះពាល់ដល់មនុស្សជុំវិញពិភពលោក។
ការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ និងការឆ្លើយតបរបស់អ៊ីរ៉ង់ បានបង្កើតប្រតិកម្មភ្លាមៗនៅលើទីផ្សារប្រេងឆៅម៉ាក Brent ដែលជាប្រេងស្តង់ដារអន្តរជាតិដ៏សំខាន់ ដោយបានកើនឡើងដល់ជាង៧៨ដុល្លារក្នុងមួយបារ៉ែល កាលពីថ្ងៃសុក្រសប្តាហ៍មុន។ ចាប់តាំងពីពេលនោះមក តម្លៃប្រេងឆៅបានធ្លាក់ចុះមកនៅប្រហែល៧៤ដុល្លារ ប៉ុន្តែវានៅតែខ្ពស់ជាង១០ដុល្លារ បើធៀបនឹងកាលពីខែមុន។ តម្លៃប្រេងឆៅកើនឡើង និងធ្លាក់ចុះគ្រប់ពេលវេលា ឆ្លើយតបទៅនឹងព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយធំៗ និងស្ថានភាពសេដ្ឋកិច្ចពិភពលោក ដូច្នេះមិនមែនជារឿងភ្ញាក់ផ្អើលទេ ដែលតម្លៃប្រេងមានប្រតិកម្មចំពោះជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។
ទោះជាយ៉ាងណាក៏ដោយ តម្លៃបច្ចុប្បន្ននេះនៅតែទាបជាងកាលពីឆ្នាំមុន ហើយស្ថិតនៅក្រោមកម្រិតកំពូលដែលបានឃើញក្នុងឆ្នាំ២០២២ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយពេលនោះប្រេងឆៅហក់ឡើងថ្លៃដល់ជិត១៣០ដុល្លារក្នុង១បារ៉ែល។ នៅពេលតម្លៃប្រេងលក់ដុំឡើងថ្លៃ គេកត់សម្គាល់ឃើញថា តម្លៃប្រេងប្រេងឥន្ធនៈក៏ឡើងថ្លៃ។
ប៉ុន្តែនៅពេលតម្លៃថាមពលឡើងថ្លៃ (អគ្គិសនី ឧស្ម័ន ប្រេង) អ្វីៗស្ទើរតែទាំងអស់ រាប់ចាប់ពីការធ្វើកសិកម្ម រហូតដល់សកម្មភាពផលិតកម្ម។ នៅពេលនិយាយអំពីស្បៀងអាហារ តម្លៃថាមពលខ្ពស់អាចនាំឱ្យតម្លៃស្បៀងអាហារកាន់តែខ្ពស់។ អាចធ្វើឱ្យវាមានតម្លៃថ្លៃជាងមុនក្នុងការដំណើរការគ្រឿងចក្រកសិកម្ម ដឹកជញ្ជូនផលិតផល ការកែច្នៃ រួមទាំងវេចខ្ចប់អាហារ ប៉ុន្តែវាកើតឡើងបានលុះត្រាតែតម្លៃថាមពលនៅតែខ្ពស់សម្រាប់រយៈពេលវែង។ ជាក់ស្តែង សូម្បីតែប្រេងសាំង និងម៉ាស៊ូត ការកើនឡើងតម្លៃប្រេងឆៅហុចផលប៉ះពាល់តិចតួចប៉ុណ្ណោះ។

អ្នកជំនាញភូមិសាស្ត្រនយោបាយ និងប្រឹក្សាយោបល់ ការស្រាវជ្រាវថាមពលបានលើកឡើងថា ស្ថានភាពបច្ចុប្បន្ន (ជម្លោះអ៊ីស្រាអែល-អឺរ៉ុង) ជារឿងត្រូវផ្តោតសំខាន់ និងគួរឱ្យព្រួយបារម្ភ។ ប៉ុន្តែមិនមានន័យថានឹងមានផលប៉ះពាល់ខ្លាំងដូចជម្លោះរុស្ស៊ី និងអ៊ុយក្រែន ឬសូម្បីតែបញ្ហាពីមុននៅមជ្ឈិមបូព៌ានោះទេ។ សំណួរចម្បងគឺផ្តោតលើថា ការជាប់គាំងនៃជម្លោះអ៊ីស្រាអែល និងអ៊ីរ៉ង់មានរយៈពេលយូរប៉ុនណា? ហើយតើប្រទេសផ្សេងទៀតក្នុងតំបន់ត្រូវបានទាញចូលដែរឬទេ? ឬតើសហរដ្ឋអាមេរិកឈានចូលក្នុងការបន្ធូរបន្ថយស្ថានការណ៍នេះដែរឬទេ?
សំខាន់ជាងនេះទៀត វាក៏អាស្រ័យទៅលើថា តើយើងឃើញការរំខានជាក់ស្តែងចំពោះការដឹកជញ្ជូននៅច្រកសមុទ្រអូម៉ូស (Hormuz) ដែលជាផ្លូវទឹកចេញពីឆ្នេរសមុទ្រភាគខាងត្បូងប្រទេសអ៊ីរ៉ង់ និងជាផ្លូវទៅកាន់ទីផ្សារពិភពលោកប្រហែលមួយភាគប្រាំនៃផលិតកម្មប្រេងរបស់ពិភពលោកដល់កម្រិតណា? ទាំងនេះគឺជាចំណុចតូចចង្អៀត ដូច្នេះវាជាចំណុចខ្សោយដ៏សំខាន់សម្រាប់ទីផ្សារប្រេងពិភពលោក ហើយបើគ្មានការរំខានដល់ការដឹកជញ្ជូនទេ តម្លៃប្រេងឆៅទំនងជាមិនឈរនៅកម្រិតខ្ពស់នោះទេ។
ស្របពេលឥឡូវនេះ សេដ្ឋកិច្ចពិភពលោកកំពុងតែប្រឈមមុខនឹងពេលវេលាកាន់តែតានតឹង ហើយបណ្តាប្រទេសផលិតប្រេងរាប់ចា់ពីអារ៉ាប៊ីសាអូឌីតដល់ប្រេស៊ីលមានសមត្ថភាពបង្កើនការផ្គត់ផ្គង់ប្រេងរបស់ខ្លួន ដែលនឹងជួយឱ្យតម្លៃប្រេងឆៅធ្លាក់ចុះ៕
ចែករំលែកព័តមាននេះ