ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ជូន​​យោបល់​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ឲ្យ​បិទ​ការ​ផ្សាយ​ភាពយន្ត​ថៃ និង​ឈាន​ដល់​បញ្ឈប់​ទិញ​ទំនិញ​ថៃ ក្រោយ​ថៃ​ធ្វើ​តាម​ទំនើងចិត្ត​បន្តបន្ទាប់

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ កន្លង​មក ក្រុម​ជ្រុលនិយម​ថៃ​មួយ​ចំនួន ដែល​មានការ​គាំទ្រ​ពី​ពួក​យោធា​និយម​សង្គ្រាម បាន​គំរាមកំហែង​មក​លើ​កម្ពុជា ហើយ​ថៃ​បាន​បិទ​ព្រំដែន ជា​ឯកតោភាគី បន្ថយ​ចំនួន​ថ្ងៃ​ស្នាក់​នៅ ជា​ឯកតោភាគី…

រាជធានី​ភ្នំពេញ ៖ កន្លង​មក ក្រុម​ជ្រុលនិយម​ថៃ​មួយ​ចំនួន ដែល​មានការ​គាំទ្រ​ពី​ពួក​យោធា​និយម​សង្គ្រាម បាន​គំរាមកំហែង​មក​លើ​កម្ពុជា ហើយ​ថៃ​បាន​បិទ​ព្រំដែន ជា​ឯកតោភាគី បន្ថយ​ចំនួន​ថ្ងៃ​ស្នាក់​នៅ ជា​ឯកតោភាគី និង​ការ​គំរាម​កាត់​ភ្លើង កាត់​អ៊ី​ន​ធើ​ណែ​ត ការ​រាយ​លួស​បន្លា តាម​ច្រកព្រំដែន​ខ្លះ ដោយ​ធ្វើ​តាម​ទំនើងចិត្ត រួច​ទៅ​ហើយ បើ​បានជា​ជ្រុល​របៀប​នេះ​ទៅ​ហើយ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ជូន​យោបល់​ទៅ​រាជរដ្ឋាភិបាល ថា ក្រៅពី​បញ្ហា​ប្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) កម្ពុជា​គួរ​ពិចារណា​បញ្ឈប់​ការ​ចាក់​ផ្សាយ​ខ្សែភាពយន្ត​ថៃ​លើ​កញ្ចក់​ទូរទស្សន៍​កម្ពុជា​ទាំងអស់ និង​អាច​ឈាន​ទៅ​បញ្ឈប់​ការ​នាំ​ទំនិញ​ថៃ​មក​ប្រើ​ក្នុង​កម្ពុជា ។

សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្ដេច នា​យប់​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៥​នេះ​ថា ៖ «​កន្លង​មក​ក្រុម​ជ្រុលនិយម​ថៃ ដោយ​មានការ​គាំទ្រ​ពី​ពួក​យោធា ដែល​និយម​សង្គ្រាម បាន​គំរាម​មក​កម្ពុជា​ថា នឹង​កាត់​ភ្លើង​កាត់​អ៊ី​ន​ធើ​ណែ​ត​។ កាត់​ភ្លើង​អី បើ​កម្ពុជា មិន​ប្រើ​ភ្លើង​ថៃ​ផង​។ កាត់​អ៊ី​ន​ធើ​ណែ​ត​អី បើ​កម្ពុជា​មាន​អ៊ី​ន​ធើ​ណែ​ត​ប្រើ​គ្រប់គ្រាន់​ហើយ​នោះ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ កុំ​ឲ្យ​បញ្ហា​រីក​រាលដាល​ពី​បញ្ហា​ជម្លោះ​យោធា នៅ​តំបន់​មួយ រីក​រាលដាល​ដល់​កន្លែង​ផ្សេង​ទៀត និង​កុំ​រីក​រាលដាល​ដល់​វិស័យ​ផ្សេង​ទៀត​។ ប៉ុន្តែ​ពេល​នេះ​វា​បាន​រីក​រួច​ស្រេច​ទៅ​ហើយ ដូច​ជា ការ​បិទ​ព្រំដែន​ជា​ឯកតោភាគី បន្ថយ​ចំនួន​ថ្ងៃ​ស្នាក់​នៅ ជា​ឯកតោភាគី និង​ការ​គំរាម​កាត់​ភ្លើង កាត់​អ៊ី​ន​ធើ​ណែ​ត ការ​រាយ​លួស​បន្លា តាម​ច្រកព្រំដែន​ខ្លះ ដោយ​ធ្វើ​តាម​ទំនើងចិត្ត ។

បើ​បានជា​ជ្រុល​របៀប​នេះ​ទៅ​ហើយ សម្តេច​តេ​ជោ ហ៊ុន សែន សូម​ជូន​យោបល់​ទៅ​រាជរដ្ឋាភិបាល​កម្ពុជា​ថា ក្រៅពី​បញ្ហា​ប្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) កម្ពុជា គួរ​ពិចារណា​បញ្ឈប់​ការ​ចាក់​ផ្សាយ​ខ្សែភាពយន្ត​ថៃ​លើ​កញ្ចក់​ទូរទស្សន៍​កម្ពុជា​ទាំងអស់ និង​អាច​ឈាន​ទៅ​បញ្ឈប់​ការ​នាំ​ទំនិញ​ថៃ មក​ប្រើ​ក្នុង​កម្ពុជា ផង​ដែរ ។

កម្ពុជា​មិន​គួរ​ខ្លាច​ថៃ បណ្តេញ​ពលករ​ខ្មែរ ឲ្យ​ត្រឡប់​មក​ប្រទេស​វិញ នោះ​ទេ ព្រោះ​រឿង​នេះ យើង​ក៏​លំបាក ថៃ​ខ្លួនឯង​ក៏​លំបាក ដោយសារ​ក្រុមហ៊ុន​ថៃ ខ្វះ​កម្លាំង​ពលកម្ម ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ថៃ រង​ផល​ប៉ះពាល់​មួយ​ផ្នែក​ផង​ដែរ​។ រឿង​ទាំងនេះ សុទ្ធតែ​ជា​ផ្តល់​មតិ​សម្រាប់​ការ​ពិចារណា តែ​រឿង​គួរ​ធ្វើ​ភ្លាម គឺ​បញ្ឈប់​ការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ថៃ លើ​កញ្ចក់​ទូរទស្សន៍​កម្ពុជា​» ។

ជូ​ម​ជម្រាប​ដែរ​ថា សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា នៅ​យប់​ថ្ងៃ​ទី​១២ មិថុនា​នេះ បាន​ប្រកាស​ពី​ជំហរ​រឹង​មាំ​របស់​កម្ពុជា ក្នុង​ការ​ធានា​ការ​ផ្គត់ផ្គង់​អគ្គិសនី និង​អ៊ីនធឺណិត ដោយ​ខ្លួនឯង ដោយ​ពុំ​ចាំបាច់​ពឹងផ្អែក​លើ​ការ​ទិញ​ពី​ប្រទេស​ថៃ ឡើយ

ការ​ប្រកាស​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បែប​នេះ ដោយសារ ថ្មី​ៗ​នេះ មានការ​ចែកចាយ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ជា​ច្រើន ពាក់ព័ន្ធ​នឹង​ការ​គំរាម​របស់​ក្រុម​ជ្រុលនិយម​ថៃ​មួយ​ចំនួន ឲ្យ​កាត់​ផ្តាច់​ការ​ផ្គត់ផ្គង់​អគ្គិសនី និង​អ៊ីនធឺណិត មក​កម្ពុជា ។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ប្រកាស​ច្បាស់​ថា ដើម្បី​កុំ​ឲ្យ​វែង​ឆ្ងាយ ឬ​បង្ក​ការ​លំបាក​សម្រាប់​ភាគី​ថៃ ក្នុង​ការ​សម្រេចចិត្ត​កាត់ ឬ​មិន​កាត់ ឬ​កាត់​ពេល​ណា​នោះ កម្ពុជា​បាន​សម្រេចចិត្ត​ធានា​ការ​ផ្គត់ផ្គង់​អគ្គិសនី និង​អ៊ីនធឺណិត ដោយ​ខ្លួនឯង ដោយ​មិន​ចាំបាច់​ពឹងផ្អែក​ការ​ទិញ​ពី​ប្រទេស​ថៃ ទៀត​ទេ ។

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ថា ឯកឧត្តម ជា វ៉ា​ន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ទើប​រាយការណ៍​មក​សម្តេច​ថា ចាប់ពី​ម៉ោង ១២​យប់​ថ្ងៃនេះ ក្រុមហ៊ុន​បណ្ដាញ​ខ្សែកាប​អុ​ប​ទិ​ក ឬ​ប្រតិបត្តិ​ករ​អ៊ីនធឺណិត​ទាំងអស់​នៅ​កម្ពុជា និង​បញ្ចប់​ការ​ទិញ​អ៊ីនធឺណិត (Internet Bandwidth) ពី​ប្រទេស​ថៃ ដោយសារ កម្ពុជា​មាន​លទ្ធភាព​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត​គ្រប់គ្រាន់ ដោយ​ខ្លួនឯង ។

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ក៏​បាន​បញ្ជាក់​រួច​ហើយ អំពី​សមត្ថភាព​របស់​កម្ពុជា ក្នុង​ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​កម្ពុជា​គ្រប់គ្រាន់​ដោយ​ខ្លួនឯង ។

បន្ថែម​លើ​ក្រសួង​ពីរ​ខាងលើ សម្តេច​បវរ​ធិ​បតី បាន​បញ្ជា​ឲ្យ​ក្រសួង​ស្ថាប័ន​របស់​កម្ពុជា ពិនិត្យ និង​ត្រៀមលក្ខណៈ​ជាយថាហេតុ ដើម្បី​ដាក់​ចេញ នូវ​វិធានការ​ផ្សេង​ៗ​បន្ថែម​ទៀត ប្រសិនបើ​អ្នក​មានការ​គំរាមកំហែង​កាត់​ផ្ដាច់​អ្វី​ផ្សេង​ទៀត មក​កម្ពុជា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ