រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រកាសពីជំហររឹងមាំរបស់កម្ពុជា ក្នុងការធានាការផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធឺណិត ដោយខ្លួនឯង ដោយពុំចាំបាច់ពឹងផ្អែកលើការទិញពីប្រទេសថៃ ឡើយ ។
ការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បែបនេះ ដោយសារ ថ្មីៗនេះ មានការចែកចាយព័ត៌មានតាមបណ្ដាញសង្គមជាច្រើន ពាក់ព័ន្ធនឹងការគំរាមរបស់ក្រុមជ្រុលនិយមថៃមួយចំនួន ឲ្យកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធឺណិត មកកម្ពុជា ។
ឆ្លើយតបទៅនឹងបញ្ហានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសច្បាស់ថា ដើម្បីកុំឲ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃ ក្នុងការសម្រេចចិត្តកាត់ ឬមិនកាត់ ឬកាត់ពេលណានោះ កម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធឺណិត ដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកការទិញពីប្រទេសថៃ ទៀតទេ ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទើបរាយការណ៍មកសម្តេចថា ចាប់ពីម៉ោង ១២យប់ថ្ងៃនេះ ក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ឬប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជា និងបញ្ចប់ការទិញអ៊ីនធឺណិត (Internet Bandwidth) ពីប្រទេសថៃ ដោយសារ កម្ពុជាមានលទ្ធភាពផ្គត់ផ្គង់សេវាអ៊ីនធឺណិតគ្រប់គ្រាន់ ដោយខ្លួនឯង ។
ជាមួយគ្នានេះដែរ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក៏បានបញ្ជាក់រួចហើយ អំពីសមត្ថភាពរបស់កម្ពុជា ក្នុងការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជាគ្រប់គ្រាន់ដោយខ្លួនឯង ។
បន្ថែមលើក្រសួងពីរខាងលើ សម្តេចបវរធិបតី បានបញ្ជាឲ្យក្រសួងស្ថាប័នរបស់កម្ពុជា ពិនិត្យ និងត្រៀមលក្ខណៈជាយថាហេតុ ដើម្បីដាក់ចេញ នូវវិធានការផ្សេងៗបន្ថែមទៀត ប្រសិនបើអ្នកមានការគំរាមកំហែងកាត់ផ្ដាច់អ្វីផ្សេងទៀត មកកម្ពុជាផងដែរ ៕


ចែករំលែកព័តមាននេះ