ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​១​មេ​ធំ​រយៈពេល​យូរ ​កំពស់​ទឹកស្ទឹង​ប៉ៃលិនស្ទុះ​ហក់​ឡើង​ ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​មាត់​ស្ទឹង​ សូម​ប្រុង​ប្រយ័ត្ន​ខ្ពស់

3 អាទិត្យ មុន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ផ្ទៃមេឃ​ ចាប់ផ្តើម​ធ្លាក់​ភ្លៀង​ខ្លាំង​អស់​រយៈពេល​យូរ ពោល​គឺ​ចាប់តាំងពី​ម៉ោង​១ និង​៣០​នាទី​រសៀល រហូត​ដល់​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​នេះ ដែល​ធ្វើ​ឱ្យ​ទឹក​ផ្នែក​ខាងលើ​ នៃ​ដងស្ទឹង​ប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ផ្ទៃមេឃ​ ចាប់ផ្តើម​ធ្លាក់​ភ្លៀង​ខ្លាំង​អស់​រយៈពេល​យូរ ពោល​គឺ​ចាប់តាំងពី​ម៉ោង​១ និង​៣០​នាទី​រសៀល រហូត​ដល់​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​នេះ ដែល​ធ្វើ​ឱ្យ​ទឹក​ផ្នែក​ខាងលើ​ នៃ​ដងស្ទឹង​ប៉ៃលិន ហក់​ឡើង​ខ្ពស់ គួរ​ឱ្យ​កត់សម្គាល់ ដែល​មានកំ​ពស់​រហូត​ដល់​១.៨​ម៉ែត្រ ជា​កំពស់​ទឹក​មួយ​ ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​មាត់​ស្ទឹង សូម​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ស្ថានភាព​ជំនន់​ទឹកភ្លៀង​នេះ អាច​នឹង​ធ្វើ​ឱ្យ​តំបន់​ទំនាប​មួយ​ចំនួន ដូច​ជា​ភូមិ​នានា​នៅ​ក្នុងស្រុក​សាលា​ក្រៅ ជា​ពិសេស​ប្រជាពលរដ្ឋ​ ដែល​មាន​លំនៅ​ឋាន​ស្ថិត​នៅ​ជាប់​នឹង​ដងស្ទឹង​ប៉ៃលិន អាច​ប្រឈម​នឹង​ការ​លិចលង់ ដែល​អាច​ធ្វើ​ឱ្យរ​សាត់អណ្តែត​របស់របរ​សម្ភារៈ​ប្រើប្រាស់​ផង​ដែរ​ ។

ប្រភព​បន្ត​ទៀត​ថា ដើម្បី​ជៀសវាង​ទទួល​រង​នូវ​ការ​ខូចខាត និង​ផល​ប៉ះពាល់​ជាយថាហេតុ ត្រូវ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ៗមាត់​ស្ទឹង​ប៉ៃលិន បង្កើន​ការ​យកចិត្តទុកដាក់ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត ​។

ប្រភព​បញ្ជាក់​ទៀត​ថា ដោយសារ​តែ​ទឹកស្ទឹង​ហក់​ឡើង​ខ្ពស់​បែប​នេះ ត្រូវ​ឱ្យ​ពុក​ម៉ែ​បងប្អូន​យកចិត្តទុកដាក់​ចំពោះ​កុមារ និង​មនុស្ស​ចាស់ជរា​ផង​ដែរ​។ ចំណែកឯ​មន្ទីរ​ធនធានទឹក និង​ឧត្តុនិយម​ខេត្ត​ប៉ៃលិន នឹង​បន្ត​តាមដាន​មើល​ស្ថានភាព​ទឹកស្ទឹង​ប៉ៃលិន ហើយនឹង​ផ្តល់​ជូនដំណឹង​ជា​បន្តបន្ទាប់​ក្នុង​ករណី​មានការ​ប្រែប្រួល​ណាមួយ​កើតឡើង​។

ចំណែកឯ​ម្ចាស់​រមណីយដ្ឋាន​ម្លប់​សាវម៉ាវ​លោក ញ៉ៅ សា​គុន បានឱ្យ​ដឹង​ថា ទឹកភ្លៀង​ធ្លាក់​ខ្លាំង​ នៅ​ផ្នែក​ខាងលើ​នៃ​តំបន់​ជួរ​ភ្នំ​ខៀវ បាន​ធ្វើ​ឱ្យ​ទឹក​ហូរ​ធ្លាក់​ចុះ​ទៅ​ក្នុង​ស្ទឹង​យ៉ាង​ខ្មួលខ្មាញ់​ បង្ក​ការ​ល្អក់កករ ហើយ​ហូរ​បុក​ទៅ​ក្រោម​គួរ​ឱ្យ​ភ័យ​ខ្លាច​។ តែ​ខាង​លោក​ ក៏​បាន​ត្រៀមខ្លួន​ជា​ស្រេច ក្នុង​ការ​ថែរក្សា​សម្ភារៈ​ផ្សេង​ៗ ដូច​ជា​រោង​ខ្យុ​ស និង​ប្រដាប់ប្រដា​លេង​កម្សាន្ត​នៅ​ក្នុង​រមណីយដ្ឋាន មិន​ឱ្យ​ទឹក​ទាញ​ទៅ​តាម​នោះ​ឡើយ​ ។

លោក​បន្ត​ទៀត​ថា កាលពី​ឆ្នាំ​មុន​ៗ ជំនន់​ទឹកភ្លៀង​តែងតែ​អូស​ទាញ​យក​នូវ​សម្ភារៈ​ក្នុង​ខ្យុ​ស​របស់​ខ្លួន និង​ដួល​រលំ​ខ្យុ​ស​ទៅ​តាម​ខ្សែទឹក បណ្តាល​ឱ្យ​ខូចខាត​អស់​មួយ​ចំនួន​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ រហូត​មក​ដល់​ពេល​នេះ លោក​នឹង​ខិតខំ​ចងខ្សែ​រោង​ខ្យុ​ស​ទាំងអស់ ដែល​សង់​នៅ​ក្បែរ​មាត់ទឹក​ជាប់​នឹង​ដើមឈើ​ធំ​ៗ មិន​ឱ្យរ​សាត់អណ្តែត​បន្ត​ទៀត​នោះ​ឡើយ ​។

ចំណែក​ម្ចាស់​រមណីយដ្ឋាន​ចំការ​ខ្នុរ អ្នកស្រី ទិ​ត្យ ផល្លា ក៏​បានឱ្យ​ដឹង​ដែរ​ថា កាលពី​ឆ្នាំ​មុន​ៗ ជំនន់​ទឹកភ្លៀង​បាន​ទាញ​យក​ខ្យុ​ស​របស់​ខ្លួន​អស់​ជា​ច្រើន​ខ្នង បណ្តាល​ឱ្យ​ខាតបង់​ថវិកា​ជា​ច្រើន​។ តែ​នៅ​ពេល​នេះ លោកស្រី ក៏​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ទាំង​យប់​ទាំង​ថ្ងៃ បើ​មាន​ករណី​ជំនន់​ទឹកភ្លៀង​កើតឡើង គាត់​នឹង​ប្រមូល​ប្រដាប់ប្រដា​នៅ​ក្នុង​រោង​ខ្យុ​ស​ទុក​ឱ្យទាន់​ពេលវេលា ជៀសវាង​អណ្តែត​ទៅ​តាម​ទឹក ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ