ទីក្រុងឡូសអេនជើឡេស៖ នៅពេលព្រឹកព្រលឹមថ្ងៃពុធ អាជ្ញាធរអាមេរិកនៅឡូសអេនជើឡេសបានដកបម្រាមគោចរវិញហើយដើម្បីអនុញ្ញាតឱ្យមនុស្សធ្វើដំណើរដូចធម្មតា។ បម្រាមនេះបានដាក់ចេញតាំងពីថ្ងៃអង្គារដើម្បីស្ដារសណ្ដាប់ធ្នាប់ និងរបៀបរយឡើងវិញ។ បម្រាមគោចរនេះនៅតែរក្សាទុកដដែលទេចាប់ពីម៉ោង៨យប់ដល់៦ភ្លឺនៅតំបន់កណ្ដាលក្រុងឡូសអេនជើឡេសភាគច្រើន។ គិតត្រឹមម៉ោង៩យប់នេះ សមត្ថកិច្ចចាប់ខ្លួនមនុស្ស២៥នាក់ពីបទសង្ស័យធ្វើខុសនឹងបម្រាមគោចរ។
តាំងពីព្រឹកព្រហាមថ្ងៃពុធ អាជ្ញាធរចាប់ផ្ដើមដកចេញបម្រាមគោចរ។ ប៉ុន្តែនៅពេលយប់ត្រូវបន្តបិទវិញដដែល។ អភិបាលក្រុងឡូសអេនជើឡេស លោកស្រីការ៉េន បាស់ (Karen Bass) សម្រេចដាក់ចេញបម្រាមគោចរនៅក្នុងរង្វង់១ម៉ាយ (១,៦គីឡូម៉ែត្រ) ចេញពីចំណុចកណ្ដាលក្រុង។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីមានករណីជនឆ្លៀតឱកាសបង្កភាពវឹកវរ គាស់ហាងលក់ឥវ៉ាន់។ ពួកខ្លះគប់គ្រវែងដបសាំងពាសវាលពាសកាល បង្កជារូបភាពអនាធិបតេយ្យ។
តាមពិត អ្នកអ្នកហែបាតុកម្មដោយសន្តិវិធីប្រឆាំងនឹងនយោបាយរបស់លោកត្រាំដែលចង់បណ្ដេញជនអន្តោប្រវេសន៍នោះគេធ្វើបាតុកម្មតែគេឯណោះទេ។ ប៉ុន្តែទន្ទឹមនឹងនោះ ក៏មានជនឆ្លៀតឱកាសចូលមកបន្លំខ្លួនដើម្បីប្រយោជន៍របស់ផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។ អាជ្ញាធរយល់ថាបម្រាមគោចរនឹងបន្តបិទនៅពេលយប់ និងបើកឡើងវិញនៅពេលថ្ងៃជាច្រើនថ្ងៃទៅមុខទៀត។ គេឃើញថាកងទ័ពម៉ារីន៧រយនាក់បានធ្វើដំណើរទៅដល់ឡូសអេនជើឡេសហើយកាលពីល្ងាចថ្ងៃអង្គារ។
នៅសប្ដាហ៍នេះ រដ្ឋកាលីហ្វ័ញ៉ាក៏ទើបតែដាក់ពាក្យប្ដឹងទៅតុលាការដើម្បីជំទាស់នឹងផែនការរបស់លោកត្រាំដែលចាប់ផ្ដើមបញ្ជូនឆ្មាំសន្តិសុខជាតិរាប់ពាន់នាក់ទៅឡូសអេនជើឡេសដោយគ្មានសាកសួរ ឬពិគ្រោះយោបល់សូម្បីតែមួយម៉ាត់ពីគណៈអភិបាលរដ្ឋកាលីហ្វ័រញ៉ាដែលជាអាណាព្យាបាល និងជាអាជ្ញាដែនដី។ ដូច្នេះ ទង្វើនេះត្រូវរដ្ឋកាលីហ្វ័រញ៉ាចាត់ទុកថាជាការបោះសន្ទូចរំលងភ្នំ។ ពាក្យបណ្ដឹងនោះដាក់ជូនទៅតុលារការដោយអគ្គរដ្ឋអាជ្ញាម្នាក់ជួសមុខឱ្យអភិបាលរដ្ឋ លោកនូសោម។
ពាក្យបណ្ដឹងនោះមានសេចក្ដីជាអាទិ៍ថា «រដ្ឋាភិបាលរបស់លោកត្រាំបានធ្វើខុសពីរដ្ឋធម្មនុញ្ញអាមេរិកត្រង់សេចក្ដីព្រាងច្បាប់ទី១០ដែលចែងថាអំណាចរបស់រដ្ឋាភិបាលសហព័ន្ធមានដែនកំណត់ មិនមែនអាចធ្វើអ្វីស្រេចតែនឹងចិត្តនោះទេ»។ ឧទាហរណ៍ លោកត្រាំចង់បញ្ជូនឆ្មាំសន្តិសុខជាតិទៅឡូសអេនជើឡេស លោកស្រាប់តែបញ្ជូនទៅឆៅៗតែម្ដង។ ដូច្នេះជាការខុសឆ្គងធ្ងន់ណាស់៕
ចែករំលែកព័តមាននេះ