រាជធានីភ្នំពេញ ៖ ជនអនាថាប្រុសស្រី២នាក់បានឈ្លោះទាស់ទែងគ្នាហើយប្រមូលខោអាវគរដុតចោលឆេះរាលដាលទៅដល់បន្ទប់ទឹកនៅក្នុងដីឡូតិ៍ទុកចោលមួយកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យចំនួនពីរគ្រឿងទៅអន្តរាគមន៍។
ហេតុការណ៍ខាងលើនេះបង្កអោយភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ នឹង ៣០នាទីព្រឹកថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចឡូតិ៍ទុកចោលមួយកន្លែងនៅ តាមបណ្តោយផ្លូវលេខ ៦១៨ សង្កាត់បឹងកក់ទី០២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេជនអនាថាប្រុសស្រីចំនួនពីរនាក់ដែលស្នាក់នៅក្នុងដីឡូតិ៍ខាងលើបានឈ្លោះទាស់ទែងគ្នា។ក្រោយមកស្រាប់តែ ភ្លើងឆាបឆេះខោអាវនិងរាលដាលទៅដំបូល បន្ទប់ទឹកដែលទុកចោលយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាក់ទងហៅរថយន្តពន្លត់អគ្គីភ័យទៅអន្តរាគមន៍។
តាមប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថាដីឡូតិ៍ខាងលើជាជម្រកជនអនាថាស្នាក់នៅយ៉ាងអនាធិបតេយ្យហើយបាន ប្រមូលសម្ភារៈចាស់ៗអេតចាយយកមកគរទុកចោល។
តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថានៅក្នុងហេតុការណ៍នេះរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់ដើម្បីបង្ការក្លាចឆេះរាលដាលទៅដល់ផ្ទះប្រជាពលរដ្ឋ។
តាមនគរបាលបានឲ្យដឹងទៀតថា អគ្គីភ័យនេះបណ្ដាលមកពីជនអនាថា ឈ្លោះគ្នាហើយប្រមូលខោអាវដុតចោលនិងឆេះរាលដាលទៅដល់បន្ទប់ទឹក។ទោះបីជាយ៉ាងណាភ្លើងពុំបណ្ដាឲ្យឆេះរាលដាលឡើយ។
បន្ទាប់ពីកើតមានអគ្គិភ័យ ជនអនាថាបានគេចខ្លួនបាត់ហើយសមត្ថកិច្ចក៏បានរុះរើរោងស្នាក់នៅរបស់ជនអនាថាទាំងនោះចោល៕








ចែករំលែកព័តមាននេះ