ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-បារាំង កំពុងរៀបចំផែនទីបង្ហាញផ្លូវដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងប្រទេសទាំងពីរជា «ដៃគូយុទ្ធសាស្ត្រ»

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​កម្ពុជា​-​បារាំង កំពុង​រៀបចំ​ផែនទី​បង្ហាញផ្លូវ ដើម្បី​ឈាន​ដល់​ការ​លើក​កម្រិត​នៃ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​ជា «​ដៃគូ​យុទ្ធសាស្ត្រ​» ។ ការ​បង្ហាញ​ផែនទី​នេះ ខណៈ​នា​ល្ងាច​ថ្ងៃ​ទី​១០ ខែមិថុនា…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​កម្ពុជា​-​បារាំង កំពុង​រៀបចំ​ផែនទី​បង្ហាញផ្លូវ ដើម្បី​ឈាន​ដល់​ការ​លើក​កម្រិត​នៃ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​ជា «​ដៃគូ​យុទ្ធសាស្ត្រ​» ។

ការ​បង្ហាញ​ផែនទី​នេះ ខណៈ​នា​ល្ងាច​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៥ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​ឯកឧត្តម Emmanuel Macron ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង​ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​សន្និសីទ​លើក​ទី​៣ របស់​អង្គការសហប្រជាជាតិ ស្តី​ពី​មហាសមុទ្រ (UNOC3) នៅ​ថ្ងៃ​ទី​០៨-១៣ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ទីក្រុង​នី​ស ប្រទេស​បារាំង ។

ក្នុង​ឱកាស​នៃ​ជំនួប​ឯកឧត្តម ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង​បាន​សម្តែង​ក្តី​សោមនស្ស​រីករាយ​ដែល​បាន​ទទួល​សម្តេច​បវរ​ធិ​បតី និង​គណៈប្រតិភូ​ជា​ថ្មី​ម្តងទៀត នៅ​ប្រទេស​បារាំង និង​បាន​គូសបញ្ជាក់​ថា ឯកឧត្តម​នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នា​ឆ្នាំ​២០២៦ ខាង​មុខ​នេះ ។

ឯកឧត្តម​ប្រធានាធិបតី​បាន​អបអរសាទរ​ចំពោះ​ជោគជ័យ​របស់​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​បវរ​ធិ​បតី និង​គូសបញ្ជាក់​ថា រដ្ឋាភិបាល​បារាំង​នឹង​ផ្តល់​ការ​គាំទ្រ​ដល់​កម្ពុជា ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី លើក​ទី​២០ ក្នុង​ឆ្នាំ​២០២៦ ឱ្យ​បាន​ជោគជ័យ ។

ជា​ការ​ឆ្លើយ​តប​សម្តេច​បវរ​ធិ​បតី បាន​អរគុណ ឯកឧត្តម​ប្រធានាធិបតី ដែល​បាន​ទទួល​ស្វាគមន៍​សម្តេច និង​គណៈប្រតិភូ​យ៉ាង​កក់ក្តៅ និង​សម្តែង​ក្តី​រីករាយ​ដែល​បាន​ជួប​ឯកឧត្តម​ប្រធានាធិបតី​ជា​ថ្មី​ទៀត ។

សម្តេច​បវរ​ធិ​បតី បាន​សម្តែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម​ប្រធានាធិបតី​ដែល​ផ្តល់​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​កម្ពុជា ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី លើក​ទី​២០ ក្នុង​ឆ្នាំ​២០២៦ ។ ចំពោះ​ទំនាក់ទំនង​ទ្វេភាគី សម្តេច​បវរ​ធិ​បតី បាន​សម្តែង​នូវ​ការ​ពេញចិត្ត​ចំពោះ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ រវាង​កម្ពុជា​និង​បារាំង ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​រវាង​ប្រទេស​ទាំង​ពីរ ក្នុង​ការ​រៀបចំ​ឯកសារ​ផែនទី​បង្ហាញផ្លូវ (Roadmap) មួយ ដើម្បី​ឈាន​ដល់​ការ​លើក​កម្រិត​នៃ​ទំនាក់ទំនង​កម្ពុជា​-​បារាំង ជា «​ដៃគូ​យុទ្ធសាស្ត្រ​» ។

សម្តេច​បវរ​ធិ​បតី និង​ឯកឧត្តម​ប្រធានាធិបតី បាន​ពិភាក្សា​អំពី​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​សក្តានុពល​មួយ​ចំនួន​រវាង​ប្រទេស​ទាំង​ពីរ ក្នុង​នោះ​រួម​មាន វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ការពារ​ជាតិ​និង​សន្តិសុខ ថាមពល និង​វប្បធម៌ ជាដើម ។

ឯកឧត្តម​ប្រធានាធិបតី​នឹង​បញ្ជូន​គណៈប្រតិភូ​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ដើម្បី​លើកកម្ពស់​ភាព​ជា​ដៃគូ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ។ ឯកឧត្តម ប្រធានាធិបតី​បារាំង បាន​សង្កត់ធ្ងន់​ថា ពិភពលោក​បាន​ទទួលស្គាល់​នូវ​ជំនាញ និង​ស្នាដៃ​របស់​កម្ពុជា​ក្នុង​វិស័យ​បោសសម្អាត​មីន ។ រដ្ឋាភិបាល​បារាំង​នឹង​បន្ត​គាំទ្រ​វិស័យ​ការពារ​ជាតិ​នៅ​កម្ពុជា ។ ចំពោះ​កិច្ច​សហប្រតិបត្តិការ​ពហុភាគី សម្ដេច​បវរ​ធិ​បតី និង​ឯកឧត្តម​ប្រធានាធិបតី​បាន​ពិភាក្សា​អំពី​កិច្ចសហការ​រវាង​ប្រទេស​ទាំង​ពីរ ក្នុង​វិស័យ​អាទិភាព​មួយ​ចំនួន​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន និង​អង្គការសហប្រជាជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ