លទ្ធផលធ្វើតេស្តជាលើកទី៤បង្ហាញថា ទឹកក្នុងទន្លេមេគង្គ ទឹកទន្លេកុក និងទន្លេសៃ នៅភាគខាងជើងប្រទេសថៃ ពោរពេញទៅសារធាតុអាសេនិចដ៏គ្រោះថ្នាក់ហួសខ្ពស់ពីកម្រិតស្តង់ដារសុវត្ថិ
ភាព ។

សារព័ត៌មានថៃខៅសធ និង PBS ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បានបញ្ជាក់ថា នាយកដ្ឋានត្រួតពិនិត្យការបំពុលបរិស្ថានរបស់ថៃ បានបង្ហាញលទ្ធផលនៃការធ្វើតេស្តគុណភាពទឹក «ទន្លេ» ជាលើកទី៤ ដោយបន្តរកឃើញថា ទឹកក្នុងទន្លេនេះ រងការបំពុលសារធាតុអាសេនិចលើសពីស្តង់ដារទាំង១៥ទីតាំង ទន្លេសៃ ៣ទីតាំង និងទន្លេមេគង្គ២ទីតាំង ។

សារធាតុអេសេនិចពុលទាំងនេះ ត្រូវបានគេដឹងថា មានប្រភពចេញពីអាជីវកម្មរ៉ែមាសខ្នាតយក្ស ដែលវិនិយោគដោយក្រុមហ៊ុនចិននៅ ក្នុងទឹកដីនៃមីយ៉ាន់ម៉ា ក្រោមការបើកដៃដោយក្រុមឧទ្ទាមក្នុងរដ្ឋសាន ជាតំបន់នៃប្រភពទឹកទន្លេផ្នែកខាងលើ ដែលហូរចាក់ចុះឆ្លងព្រំដែនចូល ទឹកដីថៃ ក្នុងខេត្តឈៀងម៉ៃ និងខេត្តឈៀងរ៉ៃ ។

នាយកដ្ឋានត្រួតពិនិត្យការបំពុលបរិស្ថាននៃក្រសួងធនធានធម្មជាតិ និងបរិស្ថានថៃ បានកំណត់បែកចែកចំណុច១៥ផ្សេងគ្នា នៅតាមបណ្តោយទន្លេកុក ដើម្បីវាស់ស្ទង់គុណភាពទឹក និងដីល្បាប់ក្នុងបាតទន្លេ រួមទាំងដៃទន្លេនានា ក៏ដូចជា ទន្លេសៃ និងទន្លេមេគង្គ ។

រាប់ចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២៥ មន្ត្រីជំនាញរបស់នាយកដ្ឋានមួយនេះ តែងតែប្រមូលសំណាកទឹកពីរដងក្នុងមួយខែ និងសំណាកដីល្បាប់ក្នុងមួយខែម្តង យកទៅពិសោធន៍ ។លទ្ធផលនៃការវិភាគគុណភាពទឹក លើកទី៤ ចន្លោះថ្ងៃទី២៦-៣០ ខែឧសភា ឆ្នាំ២០២៥ បង្ហាញថា សារធាតុអាសេនិចនៅតែបន្តមាន ចំនួនច្រើនលើសកម្រិត នៅក្នុងទន្លេកុកទាំង១៥ចំណុច ដោយ៣ចំណុចក្នុងខេត្តឈៀងម៉ៃ និង១២ចំណុចទៀតក្នុងខេត្តឈៀងរ៉ៃ ជាមួយនឹងកម្រិត អាសេនិច»០,០១០មីលីក្រាមក្នុងមួយលីត្រ។

នាយកដ្ឋានត្រួតពិនិត្យការបំពុល មានផែនការបន្តវាស់វែងគុណភាពទឹក ដើម្បីប្រៀបធៀបលទ្ធផលនៃការវាស់វែងគុណភាពទឹក និងប្រើប្រាស់ជាព័ត៌មាន ដើម្បីដោះស្រាយបញ្ហាក្នុងទន្លេ និងកាត់បន្ថយផលប៉ះពាល់លើការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋ។ សំណាកគុណភាពទឹកដែលប្រមូលជាលើកទី៥ កំពុងត្រូវបានប្រមូលនៅចន្លោះថ្ងៃទី៩ និងទី១៣ ខែមិថុនា។ នៅពេលដែលលទ្ធផលនៃការវិភាគមន្ទីរពិសោធន៍បានបញ្ចប់ នាយកដ្ឋានត្រួតពិនិត្យការបំពុលនឹងផ្សព្វផ្សាយព័ត៌មានជាសាធារណៈ ។

ដូច្នេះហើយ កំឡុងពេលដែលការប្រមូលមិនទាន់បញ្ចប់ លទ្ធផលពិសោធន៍មិនទាន់ចេញ ប្រជាពលរដ្ឋដែលតែងតែអាស្រ័យផលលើទឹកទន្លេ សំខាន់ៗទាំង៣នេះ ត្រូវបានហាមប្រាម មិនអោយយកទឹកពីទន្លេទៅប្រើប្រាស់ ហាមមិនអោយយកទៅស្រោចស្រព ហាមផឹកទាំងមនុស្ស ទាំងសត្វ និងហាមមិនអោយចុះមុជ ចុះហែល ជាពិសេស ត្រីក្នុងទន្លេក៏ត្រូវបានហាមមិនអោយនេសាទយកពីបរិភោគដូចគ្នា ព្រោះត្រីទាំងនោះក៏រងផលប៉ះពាល់ដោយសារធាតុពុល និងកើតដុំពក ដំបៅគួរឱ្យខ្លាច ដែលអាចបង្ករគ្រោះថ្នាក់ដល់មនុស្ស ដោយប្រការណាមួយ ៕







ចែករំលែកព័តមាននេះ