ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទព្រំដែនប៉ុន្មានថ្ងៃ ក្រុមអ្នកជំនួញថៃចាប់ផ្តើមត្អូញត្អែរថា ពួកគេខាតបង់រាប់រយលានបាត

1 ថ្ងៃ មុន

ថៃ ៖ សហព័ន្ធ​ឧស្សាហកម្ម​ថៃ ហៅ​កាត់​ថា (FTI) បាន​ព្រមាន​នៅ​ថ្ងៃ​អង្គារ ទី​១០ ខែមិថុនា ឆ្នាំ​២០២៥​ថា វិធានការ​បិទ​ព្រំដែន​ថៃ​-​កម្ពុជា…

ថៃ ៖ សហព័ន្ធ​ឧស្សាហកម្ម​ថៃ ហៅ​កាត់​ថា (FTI) បាន​ព្រមាន​នៅ​ថ្ងៃ​អង្គារ ទី​១០ ខែមិថុនា ឆ្នាំ​២០២៥​ថា វិធានការ​បិទ​ព្រំដែន​ថៃ​-​កម្ពុជា អាច​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម​ព្រំដែន ដែល​មាន​តម្លៃ​១៧០​ពាន់​លាន​បាត ។

ប្រធាន FTI លោក Kriengkrai Thiennukul បាន​ថ្លែង​ថា វិធានការ​ដែល​ពាក់ព័ន្ធ​នឹង​ការ​បើក និង​បិទ​ច្រកព្រំដែន តាម​កាលវិភាគ​របស់​យោធា​នឹង​ធ្វើ​ឱ្យ​មានការ​រំខាន​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន ។ ប្រធាន FTI បាន​កត់​សម្គាល់ថា សមាជិក FTI មួយ​ចំនួន បាន​ចាប់ផ្តើម​ទទួល​បាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​រួច​ទៅ​ហើយ បើ​ទោះបីជា​បច្ចុប្បន្ន​នៅ​មិន​ទាន់​អាច​វាយតម្លៃ​ពី​ទំហំ​នៃ​ការ​ខូចខាត​ក៏​ដោយ​ចុះ ។

លោក Kriengkrai Thiennukul បាន​ពន្យល់​ថា ពាណិជ្ជកម្ម​តាម​ព្រំដែន​របស់​ប្រទេស​ថៃ​ជាមួយ​កម្ពុជា មាន​តម្លៃ​ប្រមាណ​១៧០​ពាន់​លាន​បាត ក្នុង​មួយ​ឆ្នាំ ដោយ​ច្រក​អន្តរជាតិ Aranyaprathet នៃ​ខេត្ត​ស្រះ​កែវ គឺ​ផ្តាច់មុខ​គេ​ក្នុង​ការ​ជួញដូរ​ពាណិជ្ជកម្ម​ដែល​មាន​ទំហំ​ច្រើន​បំផុត ដែល​ស្មើនឹង​ប្រមាណ​១១០​ពាន់​លាន​បាត ឬ​ប្រហែល​៦៤% នៃ​តម្លៃ​សរុប ។

លោក​Kriengkrai​បាន​បន្ត​ថា​៖ «​នៅ​ពេល​នេះ វា​ពិបាក​ក្នុង​ការ​វាយតម្លៃ​ផល​ប៉ះពាល់​ទាំងស្រុង ប៉ុន្តែ​ប្រសិនបើ​យើង​គណនា​ដោយ​ផ្អែក​លើ​តម្លៃ​នាំ​ចេញ​សរុប​ប្រចាំ​ថ្ងៃ វា​នឹង​មាន​ប្រមាណ​៥០០​លាន​បាត​ក្នុង​មួយ​ថ្ងៃ​» ។ «​ទោះជា​យ៉ាងណា​ក៏​ដោយ វា​គួរតែ​ត្រូវ​បាន​យល់​ថា មិនមែន​ទាំងអស់​នៃ​៥០០​លាន​បាត​នេះ ត្រូវ​បាន​ប៉ះពាល់​ទាំង​អស់នោះ​ទេ ។ មាន​តែ​ផ្នែក​មួយ​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​ប៉ះពាល់ ដូច្នេះ​យើង​អាច​និយាយ​បាន​ថា​វា​ប៉ះពាល់​ខ្លះ​ៗ» ។

យ៉ាងណា​ក៏​ដោយ លោក Kriengkrai សង្ឃឹមថា ស្ថានការណ៍​នឹង​មិន​អូស​បន្លាយ​យូរ​ពេក​ទេ ព្រោះ​ការ​ពន្យារពេល​កាន់តែ​យូរ ជះ​ឥទ្ធិពល​អាក្រក់​កាន់តែ​ខ្លាំង ។ លោក​ទទួលស្គាល់​ថា វិធានការ​វិសាមញ្ញ​បែប​នេះ​នឹង​បង្ក​ការ​រំខាន​ដោយ​ជៀស​មិន​រួច ប៉ុន្តែ​លោក​យល់​ថា វិធានការ​ទាំងនេះ​ចាំបាច់ ដើម្បី​សម្រួល​ដល់​ការ​ចរចា​ដោយ​សន្តិវិធី ។

ជា​ការ​ពិត​ណាស់ ជម្លោះ​នឹង​ធ្វើ​ឱ្យ​ទាំង​ថៃ និង​កម្ពុជា​រង​គ្រោះ ។ ប្រទេស​ថៃ​មាន​អតិរេក​ពាណិជ្ជកម្ម​ពី​ការ​នាំ​ចេញ​ទំនិញប្រើប្រាស់ ប្រេងឥន្ធនៈ គ្រឿងចក្រ និង​ម៉ាស៊ីន ដែល​នឹង​ត្រូវ​រង​ផល​ប៉ះពាល់ ។ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ចង់ឱ្យ​រឿង​នេះ​កើតឡើង​ទេ ។ «​យើង​សង្ឃឹមថា កិច្ចចរចា​នឹង​ផ្តល់​លទ្ធផល​ល្អ ដោយ​មានការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក ដែល​អនុញ្ញាត​ឱ្យ​ច្រក​ទ្វារ​អន្តរជាតិ​អាច​វិល​មក​រក​ភាព​ប្រក្រតី​ឡើង​វិញ ដូច្នេះ​ភាគី​ទាំង​ពីរ​អាច​បន្ត​ពាណិជ្ជកម្ម​ឡើង​វិញ​ដោយ​គ្មាន​ការ​រំខាន​បន្ថែម​ទៀត​» ។

លោក Kriengkrai បញ្ជាក់​ថា មិន​មាន​វិធានការ​គាំទ្រ​នៅ​ពេល​នេះ​ទេ ដោយសារ FTI កំពុង​រង់ចាំ​លទ្ធផល​នៃ​ការ​ចរចា​ដែល​កំពុង​បន្ត ។ លោក​បាន​កត់​សម្គាល់ថា រហូត​មក​ដល់​ពេល​នេះ​ការ​ចរចា​មានដំណើរ​ការ​ជា​វិជ្ជមាន ហើយ​ជា​សំណាងល្អ​ដែល​មិន​មានការ​ប្រយុទ្ធ​គ្នា ឬ​សង្គ្រាម ។

លោក​បាន​ពន្យល់​បន្ថែម​ថា ភាគី​ទាំង​ពីរ​បាន​ដោះស្រាយ​ស្ថានការណ៍​មុន​ពេល​វា​ឈាន​ដល់​ការ​ប្រឈម​មុខ​ដាក់​គ្នា ។ លោក​បាន​បន្ថែម​ថា ការ​ផ្ទុះ​សង្គ្រាម​នឹង​បង្ក​ការ​ខូចខាត​យ៉ាង​សំខាន់​ដល់​ភាគី​ទាំង​សងខាង និង​រំខាន​យ៉ាង​ខ្លាំង​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ និង​ពាណិជ្ជកម្ម​ដែល​នឹង​ធ្វើ​ឱ្យ​ខូច​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​៕

កែសម្រួលដោយ