ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទណ្ឌិត​១៩២​នាក់ ត្រូវ​​ផ្ទេរ​ពី​ពន្ធនាគារ​ខេត្តកណ្ដាល​ទៅ​មណ្ឌល​អប់រំ​ខេត្តពោធិ៍សាត់ ព្រោះ​តែ​ភាព​ចង្អៀត​ណែន

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទណ្ឌិត​ចំនួន​១៩២​នាក់ ត្រូវ​បាន​ផ្ទេរ​ពី​ពន្ធនាគារ​ខេត្តកណ្តាល​ទៅ​កាន់​មណ្ឌល​អប់រំ​កែប្រែ​ទី​៤ ក្នុង​ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃ​ទី​៧ ខែមិថុនា ២០២៥​កន្លង​ទៅ ដើម្បី​ដោះស្រាយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ។​នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​អគ្គនាយកដ្ឋាន​ពន្ធនា​គារ…

រាជធានី​ភ្នំពេញ ៖ ទណ្ឌិត​ចំនួន​១៩២​នាក់ ត្រូវ​បាន​ផ្ទេរ​ពី​ពន្ធនាគារ​ខេត្តកណ្តាល​ទៅ​កាន់​មណ្ឌល​អប់រំ​កែប្រែ​ទី​៤ ក្នុង​ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃ​ទី​៧ ខែមិថុនា ២០២៥​កន្លង​ទៅ ដើម្បី​ដោះស្រាយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ។​នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​អគ្គនាយកដ្ឋាន​ពន្ធនា​គារ ។

លោក ឃៀង សុ​ណា​ឌី​ន អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​បញ្ជាក់​ប្រាប់ សារព័ត៌​មាន​ឌី​ជី​ថ​ល​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា បច្ចុប្បន្ន នៅ​ពន្ធនាគារ​ខេត្តកណ្ដាល មាន​អ្នក​ជាប់​ឃុំ​ប្រមាណ ៤ ០០០​នាក់ ខណៈ​អ្នក​ជាប់​ឃុំ​នៅ​មណ្ឌល​កែប្រែ​ទី​៤ មាន​ប្រមាណ ២ ០០០​នាក់​ប៉ុណ្ណោះ ។

ក្រៅពី​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន ការ​ផ្ទេរ​ទណ្ឌិត​ចំនួន ១៩២​នាក់ គឺ​ដើម្បី​គិតគូរ​ពី​ការ​អនុវត្ត​កម្មវិធី​អប់រំ កែប្រែ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដល់​ទណ្ឌិត​ផង​ដែរ ។ លោក ឃៀង សុ​ណា​ឌី​ន បាន​ប្រាប់​ពី​យន្តការ​នៃ​ដោះស្រាយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​បន្ថែម​បែប​នេះ «​យើង​ខិតខំ​ពង្រីក​ផ្ទៃក្រឡា​នៃ​កន្លែង​ឃុំខ្លួន តាម​បណ្ដា​ពន្ធនាគារ​មួយ​ចំនួន ។

ខាង​ក្រសួង និង​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា ក៏​មាន​មណ្ឌល​ស្ដារ​នីតិសម្បទា​សម្រាប់​ឃុំ​អនីតិជន ។ ហេតុនេះ យើង​អាច​ផ្ទេរ​ជន​ជាប់​ឃុំ​មិន​ទាន់​គ្រប់​អាយុ​ទៅ​ទីនោះ​បាន​ខ្លះ​» ។
ដើម្បី​ដោះស្រាយ​ការ​កកស្ទះ​ក្នុង​ពន្ធនាគារ ក្រសួងយុត្តិធម៌​ក៏​មាន​យន្តការ​បន្ធូរបន្ថយ និង​លើកលែងទោស​ដល់​ទណ្ឌិត រាល់ពេល​មានបុណ្យ​ជាតិ​ធំ​ៗ ។ ក្រៅពី​នេះ ក្រសួង​ក៏​កំពុង​ជំរុញ​ការ​អនុវត្ត​ទោស​សហគមន៍​ដែរ ។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​លោក ឃៀង សុ​ណា​ឌី​ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ