ឃើញអត្ថបទ ស្តាប់សំឡេង ឃើញរូបថត ហើយសូម្បីតែវីដេអូ ក៏ត្រូវបានបញ្ញាសិប្បនិម្មិតដែលគេ ហៅថា AI បង្កើតឡើងបានដែរ ។ ដូច្នេះ…
ឃើញអត្ថបទ ស្តាប់សំឡេង ឃើញរូបថត ហើយសូម្បីតែវីដេអូ ក៏ត្រូវបានបញ្ញាសិប្បនិម្មិតដែលគេ ហៅថា AI បង្កើតឡើងបានដែរ ។ ដូច្នេះ នៅក្នុងស្ថានភាពដែលបរិយាកាសសង្គម និងនយោបាយ ក៏ដូចជាសភាពការណ៍តានតឹងនៅតាមព្រំដែន ការពិនិត្យពិច្ច័យព័ត៌មាន គួរតែប្រុងប្រយ័ត្នឲ្យមែនទែន ហើយសូមកុំចេះតែជឿគេផ្សព្វផ្សាយផ្តេសផ្តាស ។
ចាប់តាំងពីស្ថានភាពព្រំដែន មានការប៉ះទង្គិចគ្នា នៅមុំបី មកដល់ពេលនេះមាន អត្ថបទអមដោយរូបភាព សំឡេងអមដោយវីដេអូ ដែលបង្កើតឡើងដោយបណ្តាអ្នកបង្កើតមាតិកាទាញយកការចុច ចូលចិត្ត (Like) ចំនួនអ្នកទស្សនា (Views) ការចែករំលែក (Shares) និងបញ្ចេញយោបល់ (Comments) បាននាំគ្នាបង្កើតអត្ថបទ និងវីដេអូឃ្លីប ព្រមទាំងរូបភាពប្រឌិតខុសពីការពិតជាច្រើន ។
អត្ថបទ សំឡេង រូបភាព និងវីដេអូ ដែលគេបានបង្កើតឡើងមកនោះ គឺមានអ្នកទាំងបង្កើតមាតិកាជនជាតិថៃ និងអ្នកដែលបង្កើតមាតិកានៅក្នុងស្រុកយើង ។ ពួកគេបានកំពុងតែបង្កើតឡើងនូវស្នាដៃបែបនិម្មិត អំពីការប៉ះទង្គិចគ្នាអំពីសព្វាវុធ និងសកម្មភាពយោធា នៅក្នុងគោលបំណងប្រមាថមើលងាយ ។ ខ្លះទៀត គឺផ្សព្វផ្សាយស្នាដៃដោយ AI ទាំងនេះឡើង នៅក្នុងស្មារតីជាតិនិយម ហើយខ្លះក៏បែបអួតហួសពីការពិត ។ ស្នាដៃទាំងនោះ សម្រាប់អ្នកដែលមិនទាន់មានជំនាញធ្វើឡើង គឺយើងងាយនឹងអាចកំណត់បានពីព្រោះ វាមានលក្ខណៈដូចជារូប 3D ឬ 4D ។ ប៉ុន្តែសម្រាប់អ្នកដែលអាជីព ពោល គឺគេពូកែសរសេរនិងកាត់ត ហើយចេញដាក់រូបភាព គឺមើលទៅសឹងតែដូចការពិត ។
ស្នាដៃទាំងនោះត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ នៅលើបណ្តាញសង្គមផ្សេងៗដូចជា នៅលើហ្វេសបុក (Facebook) តេឡេក្រាម ( Telegram) តិកតក់ (TikTok) យូធូប (YouTube) ជាដើម ។ ហើយសកម្មភាពដែលគេកំពុងតែផលិត និងផ្សព្វផ្សាយ គឺស្ថានភាពដែលអាចនឹងយល់ច្រឡំបានផងដែរ ប្រសិនបើកខ្វះការយកចិត្តទុកដាក់ ។
នៅក្នុងស្ថានភាពបែបនេះ ប្រសិនបើយើងចេះតែទទួលហើយខ្វះជំនាញ ឬតាមមិនទាន់បច្ចេកវិទ្យា ឬនិន្នាការ និងរបត់ដ៏លឿនរបស់សង្គមឌីថល យើងអាចទទួលព័ត៌មានខុសពីការពិត ។ ដូច្នេះសូមយកចិត្តទុកដាក់ឲ្យបានគ្រប់ជំហាន ។ សព្វថ្ងៃនេះ ប្រភពដែលគេអាចនឹងបង្កើតនូវស្នាដៃបែបនិម្មិតទាំងអស់នេះ ឡើងសឹងតែដូចស្នាដៃមនុស្សមែនទែន គឺមានច្រើនដែលនៅក្នុងនោះ គឺភាគច្រើន គឺគេប្រើប្រាស់តាមកម្មវិធី AI ដែលរួមមានដូចជា ChatGPT និង DeepSeek ជាដើម ។ នៅលើបណ្តាកម្មវិធីទាំងនេះ អោយតែពូកែស្រាវជ្រាវ គេអាចធ្វើអ្វីៗបានសឹងតែគ្រប់យ៉ាង ទៅហើយនៅពេលនេះ ។
កម្មវិធីបញ្ញាសិប្បនិម្មិតទាំងនេះ អាចត្រូវគេប្រើប្រាស់ធ្វើតាំងពីគំនូជីវចល ហើយក៏អាចធ្វើវីដេអូទៅតាមអ្វីដែលអ្នកសរសេរនៅលើកម្មវិធីនោះ ដែលភាសាបច្ចេកទេស គេហៅថា អ្នកពូកែសរសេរ Prompts ។
នៅកម្ពុជាយើងពីមុន មិនសូវមានអ្នកដែលពូកែសរសេរ Prompts នេះប៉ុន្មានទេ ។ ប៉ុន្តែឥឡូវអាចមានច្រើនគួរសម ហើយនៅថៃឯណោះ ប្រហែលជាមានច្រើន ដោយសារតែគេមានពលរដ្ឋច្រើន ហើយគេក៏មានលទ្ធភាព និងសមត្ថភាពច្រើនដែរ ។ ដូច្នេះ នៅក្នុងស្ថានភាពដែលមានភាពច្របូកច្របល់នេះ គឺគេអាចប្រើប្រាស់វាមួយផ្នែកនៅលើសមរភូមិចិត្តសាស្ត្រ ដើម្បីបំបែកស្ថានការណ៍ ក៏ដូចជា បញ្ហាអសកម្មផ្សេងៗ ។
អាស្រ័យនៅលើហេតុផលទាំងនេះ សាធារណៈជនត្រូវយល់ដឹងចំណុចនេះ ហើយនៅពេលដែលទទួលបានអត្ថបទ សំឡេង រូបថត និងវីដេអូ កុំអាលជឿ គឺ ត្រូវផ្ទៀងផ្ទាត់ ម្តងហើយម្តងទៀត ដើម្បីឲ្យដឹងថារឿងនេះត្រឹមត្រូវ ឬយ៉ាងណា ៕
ចែករំលែកព័តមាននេះ