ខេត្តស្ទឹងត្រែង ៖ ក្រសួងអភិវឌ្ឍន៍ជនបទបានពង្រីកវិសាលភាពហេដ្ឋារចនាសម្ព័ន្ធ ដែលជាប្រព័ន្ធចែកចាយទឹកស្អាត និងមានអនាម័យខ្នាតតូចតាមបំពង់ទុយោសម្រាប់ផ្គត់ដល់ ប្រជាពលរដ្ឋជួបប្រទះនូវបញ្ហាកង្វះទឹកសុវត្ថិភាពប្រើប្រាស់ ។

ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនេះ អាចផ្ដល់តម្រូវការដល់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ប្រមាណជា៣៨៥ខ្នងផ្ទះគ្របដណ្ដប់លើឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ។ ហើយប្រជាពលរដ្ឋអាចចូលរួមបង់វិភាគទានក្នុងការប្រើប្រាស់តម្លៃខ្ពស់បំផុតត្រឹម២៥០០រៀលប៉ុណ្ណោះក្នុងមួយម៉ែត្រគូបទឹកស្អាត ។

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទលោក ឆាយ ឫទ្ធិសែន បានមានប្រសាសន៍ក្នុងពិធីបើកការដ្ឋានសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងថា ប្រជាពលរដ្ឋនិងមានការផ្លាស់ប្ដូរបរិបទថ្មីពីការប្រើប្រាស់ទឹកអណ្តូងលូ អណ្តូងស្នប់ ស្រះទឹកមកប្រើប្រាស់ប្រភពទឹកដែលមានសុវត្ថិភាពនិងអនាម័យខ្ពស់និងអាចការពារបានពីជម្ងឺផ្សេងៗដែលបណ្តាលមកពីការប្រើប្រាស់ ទឹកគ្មានសុវត្ថិភាព ។

លោកបន្តថា នៅឆ្នាំ២០៣០ តាមទីជនបទនិងមានទឹកស្អាតប្រើប្រាស់បានគ្រប់គ្រាន់ ។ឆ្លៀតឱកាសនោះ លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន ពាក់ព័ន្ធទាំងអស់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការជាតិ អន្តរជាតិ និងវិស័យឯកជន ដែលបានចូលរួមយ៉ាងសកម្មក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទនាពេលកន្លងមក ជាពិសេសធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលតែងតែបានផ្តល់ហិរញ្ញប្បទាន រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកស្ទួយវិស័យទឹកស្អាត និងអនាម័យជនបទ ឱ្យទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ។

លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងឡើងមានប្រសាសន៍ថា ដោយមានការចង្អុលបង្ហាញពីរាជរដ្ឋាភិបាល មានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងមានក្រសួងអភិវឌ្ឍន៍ជនបទ ជាសេនាធិការដឹកនាំពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន ធ្វើឱ្យមានការអភិវឌ្ឍលើវិស័យអភិវឌ្ឍន៍ជនបទ ដូចជាការងារកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជនបទ ការផ្តល់ជូនការងារ មុខរបរអាជីវកម្ម ការងារផ្គត់ផ្គង់ទឹកស្អាត អប់រំសុខភាព អនាម័យ ក្នុងការលើកកម្ពស់សុខភាពអនាម័យសាធារណៈ ដើម្បីឈានទៅសម្រេចបាន នូវទស្សនវិស័យរបស់រាជរដ្ឋាភិបាល ។

សមិទ្ធផលដែលនឹងលេចរូបរាងឡើងនាពេលខាងមុខនេះលើទឹកដីខេត្តស្ទឹងត្រែង គឺពិតជាបានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍជាតិ សម្រាប់ឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង ដែលបង្កើនលទ្ធភាពក្នុងការទទួលបាននូវសុខុមាលភាពល្អ ជីវភាពសមរម្យ អនាម័យបរិស្ថានស្អាត ដែលជាភាពសុខសាន្តរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ ។

ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោកឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែងព្រមទាំងតំណាងខេត្តគោលដៅចំនួន៩ផងដែរ៕



ចែករំលែកព័តមាននេះ