ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់ស៊ីឈ្នួល​បើកត្រាក់ទ័រភ្ជួរ​ដី​ឱ្យ​គេ កិន​ប៉ះ​ចំ​​មីនតោន ផ្ទុះ​យ៉ាង​កក្រើក​

1 ថ្ងៃ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ នៅ​នឹង​កន្លែង​កើតហេតុ យ៉ាង​អាណោចអាធ័ម ខណៈ​ដែល​ជន​រង​គ្រោះ​ស៊ីឈ្នួល​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​ឱ្យ​ម្ចាស់​ចំការ​មួយ​កន្លែង ស្រាប់តែ​កិន​ប៉ះ​ចំ​កន្លែង​គ្រាប់​មីន​តោន​​កប់​ក្នុង​ដី ដែល​សេសសល់​តាំងពី​សម័យ​សង្គ្រាម បណ្តាល​ឱ្យ​ផ្ទុះ​លាន់ឮ​យ៉ាង​ខ្លាំង និង​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ត្រាក់ទ័រ​ផ្នែក​ខាង​មុខ​ទាំងស្រុង​។…

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ នៅ​នឹង​កន្លែង​កើតហេតុ យ៉ាង​អាណោចអាធ័ម ខណៈ​ដែល​ជន​រង​គ្រោះ​ស៊ីឈ្នួល​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​ឱ្យ​ម្ចាស់​ចំការ​មួយ​កន្លែង ស្រាប់តែ​កិន​ប៉ះ​ចំ​កន្លែង​គ្រាប់​មីន​តោន​​កប់​ក្នុង​ដី ដែល​សេសសល់​តាំងពី​សម័យ​សង្គ្រាម បណ្តាល​ឱ្យ​ផ្ទុះ​លាន់ឮ​យ៉ាង​ខ្លាំង និង​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ត្រាក់ទ័រ​ផ្នែក​ខាង​មុខ​ទាំងស្រុង​។

ហេតុការណ៍​​​ខាងលើនេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ត្រង់​ចំណុច​ដីចំការ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ដីស្អិត ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

ប្រភព​ព័ត៌មាន​ពី​នគរបាល​ប៉ុស្តិ៍​ស្ទឹង​ត្រង់ បានឱ្យ​ដឹង​ថា ជន​រង​គ្រោះឈ្មោះ យ៉ា​ន ដា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មានស្រុក​កំណើត រស់នៅ​ក្នុងភូមិ​ស្ពាន​កណ្តាល ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង បានមក​ស៊ីឈ្នួល​បើក​ត្រាក់ទ័រ​ឱ្យ​ម្ចាស់ចម្ការម្នាក់ឈ្មោះ ឆែម បូ​រី ភេទ​ប្រុស រស់នៅ​ក្នុងភូមិ​ខាងលើ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ខាងលើ បាន​ស៊ីឈ្នួល​បើក​ត្រាក់ទ័រ​ឱ្យ​បុរស​ខាងលើ​ជា​យូរថ្ងៃ​មក​ហើយ​។ តែ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​បើកត្រាក់ទ័រភ្ជួរ​ដី​នៅ​ក្នុងភូមិ​ខាងលើ​តាំងពី​ព្រឹក​ព្រលឹម​រហូត​ដល់​ថ្ងៃត្រង់​ក៏​ឈប់​សម្រាក​ហូប​អាហារ​ថ្ងៃត្រង់ លុះ​មួយសន្ទុះ​ក្រោយមក ក៏​ចាប់ផ្តើម​ឡើង​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​បន្ត​ទៀត ​រហូត​ដល់​ម៉ោង​១​ជាង​រសៀល​ក៏​​កិនចំកន្លែងមាន​គ្រាប់​មីនតោន ដែល​កប់​ក្នុង​ដី​សេសសល់​តាំងពី​សម័យ​សង្គ្រាម បណ្តាល​ឱ្យ​ផ្ទុះ​លាន់​យ៉ាង​កក្រើក​ និងស្លាប់​ភ្លាម​ៗនៅនឹងកន្លែងកើតហេតុ​​តែ​ម្តង​។

ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ខាងលើ បាន​រៀបរាប់​ឱ្យ​ដឹង​ថា ដីចំការ​មួយ​កន្លែង​នេះ ត្រូវ​បាន​ម្ចាស់​ជួល​ត្រាក់ទ័រ​ឱ្យ​ចូល​ទៅ​ភ្ជួរ​រាស់​ដាំ​ដំណាំ​ពោតក្រហម និង​ដំឡូង​មី​ជា​រៀង​រាល់​ឆ្នាំ​មិន​ខាន​ឡើយ ដោយ​មិន​ធ្លាប់​មាន​ជួប​បញ្ហា​គ្រោះថ្នាក់​អ្វី​កើតឡើង​នោះ​ទេ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ចំណែក​ខាង​ភ្នាក់ងារ​កំចាត់​គ្រាប់​មីន​កម្ពុជា (CMAC) ក៏​ចូល​ទៅ​រុក​រាវរក​គ្រាប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​ត្រង់​គោលដៅ​ក្បែរ​ៗនោះ​រួចរាល់​អស់ហើយ​ដែរ​។ ប៉ុន្តែ មិនឃើញ​មាន​អ្វី​សេសសល់​នោះ​ឡើយ នេះ​ប្រហែលជា​គ្រាប់​មីនតោន​កប់​ក្នុង​ដី​ជ្រៅ​ពេក​មិន​អាច​រក​ឃើញ លុះ​ត្រាក់ទ័រ​ភ្ជួរ​ដី​រៀង​រាល់​ឆ្នាំ ហើយ​ណាមួយ​ដី​សើម ធ្វើ​ឱ្យ​ផុង​កាន់តែ​ជ្រៅ​ចុះ​ទៅ​ក្រោម លុះ​មាន​ត្រាក់ទ័រ​បើកបរ​ភ្ជួរ​ដីកិន​ពីលើ​ចំ​គ្រាប់​មីន ក៏​ផ្ទុះ​យ៉ាង​កក្រើក​តែ​ម្តង​។

ក្រោយពេលកើតហេតុ សព​ជន​រង​គ្រោះ ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ឯ​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ខណៈ​ដែល​សមត្ថកិច្ច​ជំនាញ និង​មន្ត្រី​មូលដ្ឋាន​ក៏​ចុះ​ទៅ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ ដើម្បី​ធ្វើ​កំណត់ហេតុ​ជូន​ថ្នាក់លើ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ