សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ និងកាបូបត្រូវបានគេដឹងថា គឺជាផលិតផលដែលកម្ពុជាកំពុងតែសម្រុកនាំចេញ ជាពិសេស គឺទៅកាន់ទីផ្សារនៅសហរដ្ឋអាមេរិក ពីព្រោះតែការបារម្ភអំពីពន្ធ៤៩ ភាគរយ…
សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ និងកាបូបត្រូវបានគេដឹងថា គឺជាផលិតផលដែលកម្ពុជាកំពុងតែសម្រុកនាំចេញ ជាពិសេស គឺទៅកាន់ទីផ្សារនៅសហរដ្ឋអាមេរិក ពីព្រោះតែការបារម្ភអំពីពន្ធ៤៩ ភាគរយ ខណ:ការចរចាត្រូវធ្វើបន្តទៀតនៅជុំទីបី ។
តាមស្ថិតិដែលមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញនៅក្នុងរង្វង់៤ខែ ដើមឆ្នាំ២០២៥នេះ កម្ពុជាបានកំពុងតែបង្កើនការនាំចេញសម្លៀកបំពាក់ដល់ទៅជាង ៣,១៤ពាន់លានដុល្លារកើនឡើងប្រមាណជា២១ភាគរយ ។ ទំនិញសម្រាប់ធ្វើដំណើរ និងកាបូប មានតម្លៃប្រមាណជា៥៦២លានដុល្លារជាមួយនឹងកំណើន១៣ភាគរយ ។ ស្បែកជើង គឺមានតម្លៃជិត៤៥៤លានដុល្លារជាមួយនឹងកំណើនជាង៣៧ភាគរយ ហើយវាយនភ័ណ្ឌ គឺមានតម្លៃជាង១៥១ លានដុល្លារជាមួយនឹងកំណើន១៩ភាគរយ ។
ពាក់ព័ន្ធនឹងកំណើននេះ មន្ត្រីសហជីពមួយរូបបានឲ្យដឹងថា កំណើននេះអាចស្ទុះខ្លាំងដោយសារតែទីផ្សារនៅសហរដ្ឋអាមេរិក ។ លោកបានបង្ហើបថា « អ្នកបញ្ជាទិញពីទីផ្សារអាមេរិក គឺសម្រុកខ្លាំង នៅខែ៤ និងខែ៥ ព្រមទាំងខែ៦នេះ ដោយសារតែពួកគេខ្លាចរបាំងពន្ធ ដែលលោកត្រាំ បានប្រកាសកាលពីថ្ងៃទី ០២ ខែមេសា កន្លងទៅ »។
លោកបានអះអាងថា រាល់ការបញ្ជាទិញផលិតផលសម្លៀកបំពាក់វាយនភ័ណ្ឌ ស្បែកជើងទំនិញធ្វើដំណើរ និងកាបូប ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក គឺភាគច្រើនកំពុងតែសម្រុកបញ្ចប់កុងត្រា បញ្ជាទិញ ពេញមួយឆ្នាំតែម្តងពីព្រោះខ្លាចរបាំងពន្ធ ៤៩ភាគរយ ។
ពាក់ព័ន្ធនឹងរឿងការចរចាពាណិជ្ជម្មជាមួយនឹងសហរដ្ឋអាមេរិក ក្រុមអ្នកនាំពាក្យបានអះអាងថ្មីៗនេះថា កម្ពុជា និងសហរដ្ឋអាមេរិក បានបញ្ចប់ការចរចាពាណិជ្ជកម្មជុំទី២ ជាមួយសហរដ្ឋអាមេរិកហើយ កាលពីអំឡុងថ្ងៃទី០៤ ដល់ ថ្ងៃទី០៦ ខែមិថុនា ថ្មីៗនេះ ។
នៅក្នុងកិច្ចប្រជុំជុំទី២នេះ គឺកម្ពុជា និងអាមេរិកបានបន្តពិភាក្សាលើអត្ថបទសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ ដោយឈរនៅលើស្មារតីយោគយល់គ្នា និងបានឈានទៅឯកភាពគ្នាលើបញ្ញត្តិជាច្រើន ។ ភាគីទាំងពីរ គ្រោងនឹងរៀបចំកិច្ចចរចាជុំទី៣ នាពេលឆាប់ៗខាងមុខនេះ ដោយផ្ទាល់នៅវ៉ាស៊ីនតោន ដដែល ។
ដោយឡែក ការនាំចេញសម្លៀកបំពាក់ និងផលិតផលវាយនភណ្ឌរបស់វៀតណាម ក៏បានស្ទុះឡើងខ្លាំងផងដែរ ពោល គឺរហូតដល់ទៅ១៧ពាន់លានដុល្លារក្នុងរយៈពេល៥ខែ ។
កាសែត Vietnam Plus បានរាយការណ៍ថា ការនាំចេញសម្លៀកបំពាក់ និងវាយនភណ្ឌរបស់វៀតណាមបានលើសពី១៧,៥៨ ពាន់លានដុល្លារក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៥ កើនឡើង៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ទន្ទឹមនឹងនេះដែរ ការនាំចូលសរុបរបស់វៀតណាមមានចំនួន ១០,៦៣ពាន់លានដុល្លារអាមេរិក ដែលបណ្តាលឱ្យមានអតិរេកពាណិជ្ជកម្មចំនួន ៦,៩៥ ពាន់លានដុល្លារសម្រាប់វិស័យនេះ ៕
ចែករំលែកព័តមាននេះ