រាជធានីភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា កម្ពុជាប្តេជ្ញាក្នុងការក្លាយជាភាគីនៃកិច្ចព្រមព្រៀង BBNJ ដើម្បីការពារជីវចម្រុះ នៅក្នុងសមុទ្រជាសាធារណៈ ដែលឆ្លងកាត់ព្រំដែននៃប្រទេសណាមួយ ។
ថ្លែងក្នុងឱកាសអញ្ជើញ ធ្វើសេចក្តីថ្លែងការណ៍ជាតិក្នុងសន្និសីទ UN ស្តីពីមហាសមុទ្រលើកទី៣ ក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគគ្រប់តួអង្គ ដើម្បីរក្សា និងប្រើប្រាស់មហាសមុទ្រប្រកបដោយចីរភាព» នៅទីក្រុងនីស ប្រទេសបារាំង នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ក្នុងការក្លាយជាភាគីនៃកិច្ចព្រមព្រៀង BBNJ ដែលបានអនុម័ត នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ។
សម្តេចធិបតីបញ្ជាក់បន្ថែមថា កម្ពុជានឹងជំរុញឲ្យមានតម្លាភាព ក្នុងការចែករំលែកអត្ថប្រយោជន៍រូបិយវត្ថុ និងមិនមែនរូបិយវត្ថុក្នុងដំណើរការអនុវត្តកិច្ចព្រមព្រៀង BBNJ ។
ជាមួយគ្នានេះ កម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើសកម្មភាពសហការ និងការពារជាមួយគ្នានេះ កម្ពុជាសូមអំពាវនាវឲ្យមានសកម្មភាពក្លាហាន រួបរួម និងម៉ឺងម៉ាត់ ដើម្បីសមុទ្រ ដើម្បីប្រជាជន និងមនុស្សជំនាន់ក្រោយផងដែរ ។
សម្ដេចធិបតី បង្ហាញមោទនៈភាព ក្នុងការប្រកាសថា ប្រទេសកម្ពុជានឹងបោះជំហានបន្ទាប់ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ដោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀង BBNJ នេះ» ។
សូមបញ្ជាក់ថា អនុសញ្ញា BBNJ (Biodiversity Beyond National Jurisdiction) ឬគេហៅថា អនុសញ្ញាពីសម្បត្តិធម្មជាតិនៅក្រៅអធិបតេយ្យភាពជាតិ គឺជាអនុសញ្ញាថ្មីមួយសំខាន់ក្រោមអង្គការសហប្រជាជាតិ ដើម្បីការពារជីវចម្រុះនៅក្នុងសមុទ្រជាសាធារណៈ ដែលឆ្លងកាត់ព្រំដែននៃប្រទេសណាមួយ៕
ចែករំលែកព័តមាននេះ