រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានគូសបានលើកឡើងថាប្រទេសប្រឈមមុខជាមួយនឹងការឈ្លានពានរបស់បរទេសបែរជាទៅឃុបឃិតជាមួយបរ ទេសមកបំផ្លាញខ្មែរ ។

សម្តេចតេជោបានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី១០ មិថុនា ឆ្នាំ២០២៥ ដែលមានខ្លឹមសារយ៉ាងដូច្នេះថា «អំពើក្បត់ជាតិគឺបែបនេះឯងទាំងមេទាំងកូនគឺដូចគ្នា ។ ប្រទេសប្រឈមមុខជាមួយនឹងការឈ្លានពានរបស់បរទេស បែរជាទៅឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរ ។
ជាមួយគ្នានោះដែរ សម្តេចតេជោបានលើកឡើងថា ប្រសិនបើអាជ្ញាធរថៃមិនឃុបឃិតជាមួយជននេះទេ គួរតែក្លាហានចាប់ជននេះបញ្ជូនឲ្យអាជ្ញាធរកម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។
សូមជម្រាបថា ការលើកឡើងរបស់សម្តេចតេជោ បន្ទាប់ពីអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ មិថុនា ឆ្នាំ២០២៥ បានលើកឡើងជុំវិញគណនី Tik Tok ឈ្មោះ « Amy Richard310″ និងហ្វេសប៊ុកឈ្មោះ ” Piseth P G EM” ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត និងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយខុសច្បាប់បានលើកឡើងថា ថ្មីៗនេះឃើញមានគណនី Tik Tok ឈ្មោះ” Amy Richard310″ និង ហ្វេសប៊ុក ឈ្មោះ “Piseth PGEM” បាន ផលិតវីដេអូសម្តែងផ្សព្វផ្សាយមានចរិតញុះញង់រើសអើង ដើម្បីបំបាក់ទឹកចិត្តកងទ័ព ផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យសាធារណជនមានការយល់ច្រឡំ ។
ប្រភពថា បុគ្គលដែលសម្តែងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយខុសច្បាប់មានឈ្មោះ អែម ពិសិដ្ឋ ភេទប្រុស អាយុ៣៧ឆ្នាំ ជាសកម្មជនគណបក្សប្រឆាំង ដែលមានតួនាទីជាប្រធានបណ្តាញយុវជនកម្ពុជាសកល ប្រចាំប្រទេសថៃ ស្រុកកំណើតនៅ ភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅ ក្នុងប្រទេសថៃ ដែលតែងតែប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយបង្ហោះខ្លឹមសារប្រឌិតអវិជ្ជមានជាច្រើន ក្នុង គោលដៅប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ។
ក្នុងន័យនេះ ដើម្បីរួមគ្នាស្វែងយល់អំពីភាពត្រឹមត្រូវ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមអំពាវនាវសាធារណជនមេត្តាវិភាគពិចារណាឱ្យបាន គ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្តចូលរួមមតិយោបល់ណាមួយ ចំពោះការបង្ហោះព័ត៌មានដែលគ្មានប្រភព ច្បាស់លាស់ ចំពោះបុគ្គលនេះបច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវអនុវត្តតាមនីតិវិធី ។
សូមប្រជាពលរដ្ឋទទួលព័ត៌មានពិតប្រាកដចេញផ្សព្វផ្សាយដោយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ ជាពិសេស ត្រូវរក្សាភាពស្ងៀមស្ងាត់ និងត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជុំវិញការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ៕
ចែករំលែកព័តមាននេះ