រាជធានីភ្នំពេញ ៖ ឯកឧត្តមឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហាញពីយុវជនម្នាក់ជាជនស៊ីវិលធម្មតា ប៉ុន្តែបានបន្លំស្លៀកសំលៀកបំពាក់ជាយោធា ដើម្បីបំពុលសង្គមកម្ពុជាថា ខ្លួនកំពុងនៅព្រំដែនកម្ពុជា-ថៃ ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នាថ្ងៃទី១០ ខែមិថុនា បានឲ្យដឹងថា ប៉ុន្មានថ្ងៃមកនេះមានផេកយុវជនម្នាក់ បានក្លែងបន្លំជាយោធានៅព្រំដែន ហើយបានបង្ហោះលើបណ្ដាញសង្គម ដែលធ្វើឲ្យមហាជនមានការយល់ច្រឡំ ។ ឯកឧត្តមថា បច្ចុប្បន្ន យុវជននេះកំពុងរស់នៅប្រទេសថៃ គឺមិនមែនជាយោធាទេ ប៉ុន្តែជាជនបំពុលសង្គម ដើម្បីឲ្យមានយល់ច្រឡំ ។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានស្នើមហាជនត្រូវយកចិត្តទុកដាក់តាមដានសភាពការណ៍ទូទៅពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាក់ព័ន្ធនានា ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ មិថុនា ឆ្នាំ២០២៥ បានលើកឡើងជុំវិញគណនី Tik Tok ឈ្មោះ «Amy Richard310» និងហ្វេសប៊ុកឈ្មោះ « Piseth P G EM» ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត និងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយខុសច្បាប់បានលើកឡើងថា ថ្មីៗនេះឃើញមានគណនី Tik Tok ឈ្មោះ« Amy Richard310» និងហ្វេសប៊ុក ឈ្មោះ «Piseth PGEM» បានផលិតវីដេអូសម្តែងផ្សព្វផ្សាយមានចរិតញុះញង់រើសអើង ដើម្បីបំបាក់ទឹកចិត្តកងទ័ព ផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យសាធារណជនមានការយល់ច្រឡំ ។
បុគ្គលដែលសម្តែងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយខុសច្បាប់មានឈ្មោះ អែម ពិសិដ្ឋ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ ជាសកម្មជនគណបក្សប្រឆាំងដែលមានតួនាទីជាប្រធានបណ្តាញយុវជនកម្ពុជាសកលប្រចាំប្រទេសថៃ ស្រុកកំណើតនៅភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅក្នុងប្រទេសថៃ ដែលតែងតែប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយបង្ហោះខ្លឹមសារប្រឌិតអវិជ្ជមានជាច្រើន ក្នុងគោលដៅប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងន័យនេះ ដើម្បីរួមគ្នាស្វែងយល់អំពីភាពត្រឹមត្រូវ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមអំពាវនាវសាធារណជនមេត្តាវិភាគពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្តចូលរួមមតិយោបល់ណាមួយចំពោះការបង្ហោះព័ត៌មានដែលគ្មានប្រភព ច្បាស់លាស់ចំពោះបុគ្គលនេះ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវអនុវត្តតាមនីតិវិធី ។
សូមប្រជាពលរដ្ឋទទួលព័ត៌មានពិតប្រាកដ ចេញផ្សព្វផ្សាយដោយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ ជាពិសេសត្រូវរក្សាភាពស្ងៀមស្ងាត់ និងត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជុំវិញការដោះស្រាយ បញ្ហាព្រំដែនរវាងកម្ពុជា-ថៃ៕
ចែករំលែកព័តមាននេះ