រាជធានីភ្នំពេញ ៖ ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វនឹងផ្លូវជាតិលេខ២ ចំណុចព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល បានឈានដល់ការធ្វើពិធីតភ្ជាប់តួស្ពានហើយ ។ ពិធីតភ្ជាប់តួស្ពាននេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីក្រោមឱវាទជាច្រើនរូបទៀត ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថាគិតមកដល់ពេលនេះ ការដ្ឋានសាងសង់ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ទាំងមូលសម្រេចបានប្រមាណ៨៥ភាគរយហើយ ក្នុងនោះ ស្ពានអាកាសដែលមានទិសដៅពីភ្នំពេញទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល នឹងរួចរាល់នៅចុងខែមិថុនានេះ ។

ចំណែកស្ពានអាកាសដែលមានទិសដៅពីអាកាសយានដ្ឋានអន្តរជាតិតេជោមកភ្នំពេញ នឹងរួចរាល់នៅចុងខែកក្កដា ឆ្នាំ២០២៥ខាងមុខ ។ សូមបញ្ជាក់ថា ស្ពានអាកាសនេះ បានបើកការដា្ឋនសាងសង់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ដោយរាជរដ្ឋាភិបាលជាម្ចាស់គម្រោងតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាសាងសង់ចំនួន ១៦ ២០០ ៥០០ដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា(OCIC) និងប្រើប្រាស់រយៈពេលសាងសង់ចំនួន១២ខែ ។

ស្ពានអាកាសភ្លោះនេះ ជាប្រភេទបេតុងអាម៉េ(ធ្នឹមរាងអក្សរ I) មានបណ្ដោយស្ពាន៦២២ម៉ែត្រ ក្នុងនោះស្ពានទី១ ផ្លូវឯកទិសមានទិសដៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ។

ស្ពានទី២ ជាផ្លូវឯកទិសមានទិសដៅឆ្លងកាត់ផ្លូវជាតិលេខ២ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន ។ទម្ងន់ផ្ទុកអនុញ្ញាត ២៥តោន កម្ពស់សុវត្ថិភាព ៥,៥០ម៉ែត្រ ។ មានគន្លងចរាចរណ៍ចំនួន៣ គន្លង ទទឹងស្ពានប្រវែង៩,៥០ម៉ែត្រ ។ កម្រាលស្ពានអ៊ុតកៅស៊ូ AC កម្រាស់ ០,១០ម៉ែត្រ បង្កាន់ដៃស្ពានសងខាងមានកម្ពស់ ១,២០ម៉ែត្រ។ មានបំពាក់ភ្លើងសូឡាបំភ្លឺផ្លូវតាមបង្កាន់ដៃស្ពាន និងផ្លូវសងខាងស្ពាន និងមានប្រព័ន្ធលូសម្រាប់រំដោះទឹកនៅសងខាងផ្លូវ ។រវាងប្រឡោះស្ពានទី១ និងស្ពានទី២ មានគម្លាត ៩ម៉ែត្រ ដែលបានរចនាជាឧទ្យានបៃតង ជាមួយនឹងការរៀបចំផ្លាកសញ្ញាចរាចរណ៍ផងដែរ ៕


ចែករំលែកព័តមាននេះ