ខេត្តកណ្តាល ៖ មុខសញ្ញាក្មេងទំនើងបង្ហោះម៉ូតូ បង្កការជួបជុំដើរលេងមិនចូលផ្ទះចំនួន ០៤នាក់ គ្រាន់តែឃើញសមត្ថកិច្ចនាំគ្នាជិះម៉ូតូរត់ សមត្ថកិច្ចដេញតាមយ៉ាងប្រផាប់ប្រភីងរហូតឃាត់ខ្លួនបានយកមកអប់រំ៤៨ម៉ោង និងដកហូតម៉ូតូទុក០៣ខែ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង២០នាទីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន០៤នាក់ រួមមាន ៖ ១-ឈ្មោះ ស៊ិន ម៉េងស៊ឺ ហៅក្រៅគ្មាន ភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មកររោងចក្រ ទីលំនៅបច្ចុប្បន្នភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួនអ្នកបើកម៉ូតូបង្ហោះម៉ាកនិច )។
២-ឈ្មោះ ហង់ វស្សា ហៅ ឌី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួនអ្នកជិះពីក្រោយ)។
៣-ឈ្មោះ សម្បត្តិ ជីវ័ន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្នភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួនអ្នកបើកម៉ូតូ )។
៤-ឈ្មោះ ធឿន វាសនា ហៅស៊ីង ភេទប្រុស អាយុ១៩ឆ្នាំ ជាកម្មករោងចក្រ ទីលំនៅបច្ចុប្បន្នភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន អ្នកជិះពីក្រោយ)។

ក្នុងនោះវត្ថុតាងចាប់យក៖ ១-ម៉ូតូ០១គ្រឿងម៉ាកហុងដាC125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៥ ពាក់ផ្លាកលេខ ភ្នំពេញ 1 LL-6460 ។ ២-ម៉ូតូ០១គ្រឿងមួយគ្រឿងម៉ាក Suzuki nex ពណ៌ស សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1KZ-4446។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលពើក ប៉ុស្ដិ៍ក្រាំងម្កាក់ ប៉ុស្ដិ៍ឆក់ឈើនាង នឹងប៉ុស្ដិ៍បែកចាន បានធ្វើការចេញល្បាតក្នុងភូមិសាស្ដ្រ លុះដល់វេលាកើតហេតុក៏ប្រទះឃើញក្រុមជនសង្ស័យ ជិះម៉ូតូ០៤គ្រឿង មានគ្នាប្រហែល០៧ទៅ០៨នាក់។
ដោយមានការសង្ស័យទើបកម្លាំងសមត្ថកិច្ចបានហៅសួរនាំ ពេលនោះជនសង្ស័យបាននាំគ្នាជិះម៉ូតូគេចខ្លួន ទើបកម្លាំងធ្វើការដេញប្រផាត់ចាប់ប្រភីងនិងប្រទាក់ក្រឡាគ្នាជាមួយកម្លាំងប៉ុស្ដិ៍ ទើបឃាត់ខ្លួនបានជនសង្ស័យបានចំនួន០៤នាក់ រួមទាំងវត្ថុតាងម៉ូតូពីរគ្រឿង នាំយកទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីសួរនាំ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០៤នាក់ បានឆ្លើយសារភាពថានៅមុនពេលកើតហេតុបក្ខខ្លួនបានជួបជុំគ្នាផឹកស៊ី ក្រោយពីផឹកស៊ីរួចក៏ជិះម៉ូតូដើរលេងតាមបណ្ដោយផ្លូវជាតិលេខ៤។
ចំពោះឈ្មោះស៊ិន ម៉េងស៊ឺ បានបន្ដឆ្លើយសារភាពថា កន្លងមក ខ្លួនធ្លាប់ធ្វើសកម្មភាពបង្ហោះម៉ូតូ០២ដងផងដែរ ។
ចំពោះករណីខាងលើនេះ កម្លាំងផ្នែកជំនាញ សូមគោលការណ៍អប់រំរយៈពេល៤៨ម៉ោងនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើអនាម័យ កោរសក់ និងហៅក្រុមគ្រួសារមកធ្វើកិច្ចសន្យាអប់រំណែនាំ ចំណែកមធ្យោបាយម៉ូតូសូមគោលការណ៍រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករយៈពេល០៣ខែ ។
ចែករំលែកព័តមាននេះ