រាជធានីភ្នំពេញ៖ រថយន្តកុងតឺន័រ១គ្រឿងខណៈបើកចេញពីផែស្ងួតតេង ឡាយ សុខៗ ស្រាប់តែគាំងប្រេងបូមចង្កូតបញ្ជាលែងបាន ហើយក៏ជ្រុលទៅបុកឡើងលើសួនពុះចែកទ្រូងផ្លូវជិតរង្វង់មូលគល់ស្ពានអាកាសមហាវិថីសុី ជីនពីងទាំងកំរោល ។ នេះគឺជាការអះអាងប្រាប់ឲ្យដឹងពីមេការផែស្ងួតតេង ឡាយ ប៉ុន្តែសំណាងដែរដែលមិនបានបង្កឲ្យអ្នកដទៃរងរបួសឬ ក៏ស្លាប់ឡើយ ដោយគ្រាន់តែខូចខាតសួនពុះចែកទ្រូងផ្លូវតែប៉ុណ្ណោះ ។

ឧប្បត្តិហេតុខាងលើនោះបានកើតឡើង កាលពីវេលាម៉ោង៥និង៤៥នាទីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ នៅតាមមហាវិថីឈ្នះឈ្នះ នៅត្រង់ចំណុចរង្វង់មូលគល់ស្ពានអាកាសមហាវិថីសុី ជីនពីង ខាងលិចផ្សារជមពូវ័ន ស្ថិតនៅក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ប្រជាពលរដ្ឋបាននិយាយថា នៅវេលាម៉ោងខាងលើ ពួកគាត់បានឃើញរថយន្តកុងតឺន័រ១គ្រឿងខាងលើម៉ាកហុីណូ ពណ៍ខៀវលាយទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ3A-5592 បើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ។

លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតបុកឡើងលើសួនពុះចែកទ្រូងផ្លូវគល់ស្ពានអាកាសមហាវិថីសុី ជីនពីងទាំងកំរោល ប៉ុន្តែមិនបណ្ដាលឲ្យប៉ះពាល់ដល់អ្នកផ្សេងឡើយ បន្ទាប់មកអ្នកបើកបរបានរត់គេចខ្លួនបាត់ ។ បើតាមមេការក្រុមហ៊ុនផែស្ងួតតេង ឡាយនោះបាននិយាយថា នៅមុនពេលកើតហេតុរថយន្តខាងលើបានបើកបរចេញពីផែស្ងួត លុះពេលទៅដល់ចំណុចកើតហេតុបានគាំងប្រេងបូមចង្កូតបញ្ជាលែងបាន ទើបជ្រុលទៅបុកឡើងលើសួនពុះចែកទ្រូងផ្លូវជិតរង្វង់មូលគល់ស្ពានអាកាសមហវិថីសុី ជីនពីងបែបនេះតែម្ដង ។

សមត្ថកិច្ចបានប្រាប់ថា ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍ចោមចៅទី៣ និងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅពិនិត្យមើលជាក់ស្ដែង រួចរាយការណ៍ជូននគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យចុះទៅនាំយករថយន្តទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕


ចែករំលែកព័តមាននេះ