ពលរដ្ឋនិងឡានដឹកទំនិញកកកុញនៅក្បែរច្រកទ្វារអន្តរជាតិព្រំដើម្បីឆ្លងដែន ខណៈភាគីថៃបិទច្រកទ្វារអន្តរជាតិខុសពីពេលមុន
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ រហូតមកដល់ម៉ោង៩និង០០នាទីព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះ គេសង្កេតឃើញអ្នកដំណើរទាំងប្រជាពលរដ្ឋខ្មែរ និងថៃ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ បាននាំគ្នាធ្វើដំណើរឆ្លងដែនច្រកទ្វារអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន យ៉ាងមមារញឹក ខណៈដែលពួកគេរង់ចាំនៅខាងមុខច្រកទ្វារមួយនេះអស់រយៈពេល២ម៉ោង ខណៈដែលពីមុនជាធម្មតាត្រូវបានភាគីថៃ និងខ្មែរ បើកឱ្យដំណើរការចេញចូលចាប់តាំងពីម៉ោង៧និង០០នាទីព្រឹកម្ល៉េះ ។

ប្រជាពលរដ្ឋម្នាក់ ឈ្មោះ ស្រីម៉ៅ អាយុ៤០ឆ្នាំ មកពីខេត្តបាត់ដំបង បានរៀបរាប់ឱ្យដឹងថា គាត់ធ្វើលិខិតឆ្លងដែនទៅស្នាក់នៅធ្វើការងារនៅប្រទេសថៃ ក្នុងខេត្តចន្ទថាក់បូរី ។ ប៉ុន្តែ ដោយសារលិខិតឆ្លងដែនអស់សុពលភាព គាត់ក៏បានចូលមកបន្តសារថ្មីឡើងវិញ ដើម្បីឆ្លងដែនចូលទៅស្នាក់នៅធ្វើការងារដូចសព្វមួយដង ។ តែនៅពេលនេះ គាត់និងក្រុមគ្រួសារ ត្រូវរង់ចាំតាំងពីព្រលឹមរហូតដល់ម៉ោង៩និង០០នាទីព្រឹក ទើបគេបើកឱ្យដំណើរការចេញចូលទៅមក។

ប្រភពដដែលបន្តទៀតថា ការបិទច្រកទ្វារអន្តរជាតិនេះ គឺខាងភាគីថៃជាអ្នកបិទមុន ទើបក្រោយមក ខាងខ្មែរក៏បន្តបិទដូចគេដែរ ដោយរង់ចាំរហូតដល់ម៉ោងកំណត់ដែលគេបើក ទើបយើងបើកឱ្យដំណើរការដូចគ្នា ។ ទោះបីជាយ៉ាងណា ក៏ពួកគាត់នៅតែតស៊ូ រហូតដល់អាចឆ្លងដែនទៅធ្វើការនៅកន្លែងដដែល ។ តែពួកគាត់មិនដឹងថា គេអាចអនុញ្ញាតឱ្យស្នាក់នៅទីនោះបានរយៈពេលយូរប៉ុណ្ណានោះទេ បើសិនជាចូលទៅធ្វើការនៅទីនោះ ដោយគេឱ្យស្នាក់នៅត្រឹមរយៈពេលខ្លីពេក ពួកគាត់នឹងត្រឡប់មករកការងារនៅស្រុកកំណើតវិញ ព្រោះមើលទៅមិនចំណេញអ្វីនោះឡើយ ដោយខាតទាំងថវិកា និងពេលវេលាថែមទៀតផង។

បើតាមប្រភពព័ត៌មានពីអ្នកបើកបររថយន្តដឹកកសិផលម្នាក់បានឱ្យដឹងថា រៀងរាល់ពេលគាត់អាចបើកបររថយន្តដឹកកសិផលឆ្លងដែន យកទៅលក់ដូរនៅខាងប្រទេសថៃ វេលាម៉ោង៧ និង០០នាទីព្រឹក ។ ប៉ុន្តែចាប់តាំងពីថ្ងៃទី០៨ ខែមិថុនា ម្សិលមិញនេះ ខាងភាគីថៃបានបិទច្រកទ្វារអន្តរជាតិរបស់ខ្លួន ដោយបើកឱ្យដំណើរការវេលាម៉ោង៩និង០០នាទីព្រឹក ដែលធ្វើឱ្យទាំងរថយន្តខ្មែរ និងរថយន្តថៃ បានកកស្ទះនៅច្រកទ្វារមួយនេះ យ៉ាងច្រើនគួរឱ្យកត់សម្គាល់ ។

ការបើកបិទច្រកទ្វារអន្តរជាតិបែបនេះ ពិតជាធ្វើឱ្យមានការកកស្ទះច្រើន និងខាតពេលវេលា ប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃផងដែរ ។ មន្ត្រីច្រកទ្វារអន្តរជាតិព្រំបានឱ្យដឹងដែរថា ពួកគាត់បាននាំគ្នាសម្រួលផ្នែកចរាចរណ៍ដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ ឱ្យចេញចូលទៅមកក្នុងទឹកដីប្រទេសថៃយ៉ាងរលូន បន្ទាប់ពីខាងថៃបើកឱ្យដំណើរការនៅវេលាម៉ោង៩ និង០០នាទីព្រឹក រហូតដល់ម៉ោង៤ និង០០នាទីរសៀល គេនឹងបិទច្រកទ្វារនេះវិញ ខណៈដែលពីមុនគឺគេបើកច្រកទ្វារចាប់តាំងពីម៉ោង៧និង០០នាទីព្រឹករហូតដល់ម៉ោង១០និង០០នាទីយប់ ទើបគេបិទច្រកទ្វារទាំងសងខាងតែម្តង ៕















ចែករំលែកព័តមាននេះ