ខេត្តសៀមរាប ៖ រហូតមកដល់ពេលនេះដំណើរការជួសជុសស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលា បានសម្រេចលទ្ធផលប្រមាណ៩០ភាគរយហើយ ។ នេះបើយោងតាមអាជ្ញាធរជាតិអប្សរាបានផ្សព្វផ្សាយនាព្រឹកថ្ងៃទី០៩ ខែមិថុនា ។

អ្នកស្រី បឿត សុប៉ាក បុគ្គលិកបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា រយៈពេលជាង១៤ខែមកនេះ ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានជួយសង្គ្រោះរចនាសម្ពន្ធជាច្រើនកន្លែង របស់ស្ពានហាលខាងកើតនៃប្រាសាទបេងមាលាដែលធ្លាប់តែទ្រុឌទ្រោមខ្លាំងឱ្យរឹងមាំឡើងវិញ ។
ជាមួយគ្នានេះ ក្រុមការងារបានពង្រឹងគ្រឹះរួចរាល់ នៅផ្នែកខាងជើង និងខាងត្បូង រៀបកម្រាលដេញពីលិចទៅកើត ដំឡើងបង្កាន់ដៃនាគ តួខ្លួននាគ ក្បាលនាគចំនួន៣ ជើងទម្រនាគ ធ្នឹម និងសសរសងខាងស្ពាននៅផ្នែកខាងជើង និងត្បូងជិតរួចរាល់ដែរ ។

អ្នកស្រី បឿត សុប៉ាក បញ្ជាក់ទៀតថា បច្ចុប្បន្នការជួសជុលនៅផ្នែកខាងជើង របស់ស្ពានហាលខាងកើតនៃប្រាសាទបេងមាលាសម្រេចបានប្រមាណជាង៩០ភាគរយដែលនៅសេសសល់ តែការងារខ្លះដូចជាពង្រឹងគ្រឹះនៅផ្នែកខាងកើតដំឡើងក្បាលនាគ១ទៀត និងកម្រាលនៅផ្នែកគល់ស្ពានខាងកើតប៉ុណ្ណោះ ។
កាលពីមិនទាន់ជួសជុលស្ពានហាលខាងកើត របស់ប្រាសាទបេងមាលា មានស្ថានភាពទ្រុឌទ្រោមខ្លាំង ដោយខ្លួននាគបានរលុះធ្លាក់អស់ផ្នែកខ្លះនៃគ្រឹះស្ពានបានស្រុត និងមានឬសឈើដុះចាក់ចូលបង្កឱ្យរងការខូចខាត ។ បន្ថែមលើនេះ ដោយសារតែកត្តាអាយុកាលនៃសំណង់ ព្រមទាំងកត្តាធម្មជាតិបានធ្វើឱ្យរចនាសម្ពន្ធស្ពានហាលនេះ មានសភាពទ្រុឌទ្រោមខ្លាំង ។

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមដំណើរការជួសជុលស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលា ក្រោមមូលនិធិពិសេសរបស់គម្រោងមេគង្គ-ឡានឆាង តាំងពីពាក់កណ្ដាលខែឧសភា ឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់នៅដំណាច់ខែកក្កដា ឆ្នាំ២០២៥ខាងមុខ ។
ក្រុមអ្នកជួសជុលរំពឹងថា ក្រោយពីបញ្ចប់ការជួសជុលស្ពានហាលនេះ នឹងមានសភាពរឹងមាំសម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយ ។ បច្ចុប្បន្នស្ពានហាលនេះ មានភ្ញៀវទេសចរបានទៅទស្សនាបណ្តើរៗ ហើយនឹងបើកឱ្យទេសចរឆ្លងកាត់ផង ៕






ចែករំលែកព័តមាននេះ