សហរដ្ឋអាមេរិក ៖ និស្សិតអន្តរជាតិជាង២៤ ០០០នាក់ ជាពិសេសមកពីប្រទេសអ៊ីរ៉ង់ ប្រឈមនឹងបាត់បង់សិទ្ធិចូលរៀនមហាវិទ្យាល័យ ឬសកលវិទ្យាល័យនៅសហរដ្ឋអាមេរិក ដោយសារការហាមឃាត់ការធ្វើដំណើរ ដែលត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដោយបានផ្តោតលើប្រទេសចំនួន១៩។
លោក ត្រាំ បានចេញសេចក្តីប្រកាសកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ដោយសម្រេចហាមប្រាមប្រជាជនមកពីប្រទេសចំនួន ១២ ដូចជា អាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា ឆាដ (Chad) កុងហ្គោ អេក្វាទ័រហ្គីណេ អេរីទ្រា (Eritrea) ហៃទី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែន មិនឱ្យចូលទឹកដីសហរដ្ឋអាមេរិក ដោយលើកឡើងពីតម្រូវការការពារប្រឆាំងនឹងភេរវករបរទេស និងការគំរាមកំហែងសន្តិសុខជាតិ។ ជាមួយគ្នានោះ រដ្ឋបាលលោក ត្រាំ បានណែនាំការរឹតបន្តឹងផ្នែកខ្លះលើបុគ្គលមកពីប្រទេសចំនួន ៧ ផ្សេងទៀត៖ ប៊ូរុនឌី (Burundi) គុយបា ឡាវ សៀរ៉ាឡេអូន តូហ្គោ តួកម៉េនីស្ថាន និងវ៉េណេស៊ុយអេឡា។
វិធានការចុងក្រោយនេះ បានបន្ទរពីលើការហាមប្រាមការធ្វើដំណើរដ៏ចម្រូងចម្រាសក្នុងឆ្នាំ២០១៧ របស់លោក ត្រាំ ដែលផ្តោតលើប្រទេសភាគច្រើនដែលកាន់សាសនាឥស្លាម ដោយបង្កឱ្យមានការតវ៉ារីករាលដាលយ៉ាងខ្លាំង និងការប្រឈមផ្នែកច្បាប់។
គោលនយោបាយថ្មីរបស់រដ្ឋបាលលោក ត្រាំ ជាផ្នែកមួយនៃយុទ្ធសាស្ត្រ ដើម្បីកាត់បន្ថយការធ្វើអន្តោប្រវេសន៍ ជាពិសេសលើគោលនយោបាយអប់រំឧត្តមសិក្សាភ្ជាប់ជាមួយគោលដៅអន្តោប្រវេសន៍។
និស្សិតមកពីប្រទេសអ៊ីរ៉ង់ គឺជាក្រុមនិស្សិតមានចំនួនដ៏ច្រើនបំផុត ដែលទទួលរងផលប៉ះពាល់ដោយច្បាប់ថ្មីលោក ត្រាំ។ ផ្អែកលើទិន្នន័យពីរបាយការណ៍ Open Doors 2024 ដោយវិទ្យាស្ថានអប់រំអន្តរជាតិ និងក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលដកស្រង់ដោយកាសែត The Washington Post បង្ហាញថា និស្សិតអ៊ីរ៉ង់ជាង១២ ០០០នាក់បានចូលរៀននៅគ្រឹះស្ថានអប់រំអាមេរិក អំឡុងឆ្នាំសិក្សា ២០២៣-២៤ ប្រហែលបីដងនៃក្រុមនិស្សិតអន្តរជាតិផ្សេងទៀតដែលរងផលប៉ះពាល់ ហើយបន្ទាប់មកគឺនិស្សិតមកពីប្រទេសវ៉េណេស៊ុយអេឡាចំនួន ៣ ៩០៤នាក់។
ក្រុមនិស្សិតពីប្រទេសមីយ៉ាន់ម៉ា ឈរនៅលេខរៀងទី៣ ចំនួន ៣ ២២២នាក់បានរងផលប៉ះពាល់។ និស្សិតមកពីប៊ូរុនឌី សាធារណរដ្ឋកុងហ្គោ សូម៉ាលី គុយបា ឡាវ អេរីទ្រា និងឆាដ រៀងៗខ្លួនមាននិស្សិតតិចជាង២០០នាក់បានចុះឈ្មោះចូលរៀននៅគ្រឹះស្ថានអប់រំអាមេរិក អំឡុងពេលដូចគ្នា។ ប្រទេសផ្សេងទៀតមាននិស្សិតចន្លោះពី ២៣៤ ទៅ ៨៣៣នាក់ ដែលកំពុងសិក្សានៅអាមេរិក ដោយប្រភេទនៃការសិក្សាមានភាពខុសៗពីគ្នា។
ទោះបីជាសេតវិមានបានបញ្ជាក់ថា និស្សិតកាន់ទិដ្ឋាការបច្ចុប្បន្នមិនប៉ះពាល់ដោយការហាមប្រាមនេះក៏ដោយ ប៉ុន្តែសេចក្តីប្រកាសថ្មីនេះ បានបង្កើតភាពមិនច្បាស់លាស់ក្នុងចំណោមនិស្សិតអន្តរជាតិ ដោយពួកគេរំពឹងថា ផ្តល់រំខាននឹងអាចកើតមាន។ ជាក់ស្តែងគ្រឹះស្ថានអប់រំអាមេរិកជាច្រើនបាននិងកំពុងផ្តល់ដំបូន្មានដល់បណ្តានិស្សិតអន្តរជាតិឱ្យជៀសវាងការធ្វើដំណើរទៅក្រៅប្រទេសដែលមិនចាំបាច់ ដោយបារម្ភថាពួកគេអាចជួបប្រទះការលំបាកក្នុងការវិលចូលសហរដ្ឋអាមេរិកវិញ។
សូមជម្រាបថា សហរដ្ឋអាមេរិកមាននិស្សិតអន្តរជាតិជាង ១,១លាននាក់មកពី២០០ ប្រទេស និងតំបន់ អំឡុងឆ្នាំសិក្សា ២០២៣-២៤ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មានដែលបានកត់ត្រា ពោលចំនួន ៥,៩% នៃការចុះឈ្មោះចូលរៀនសរុប។ ប្រទេសឥណ្ឌា និងចិនបានបញ្ជូននិស្សិតមកសិក្សានៅអាមេរិកច្រើនជាងគេ ដែលក្នុងនោះមានចំនួន ៥៤% នៃការចុះឈ្មោះនិស្សិតអន្តរជាតិទាំងអស់៕ ដកស្រង់ ៖ VnExpress

ចែករំលែកព័តមាននេះ