រាជធានីភ្នំពេញ ៖ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឃាត់រថយន្តមួយគ្រឿង ក្រោយរកឃើញ ស៊ុតមាន់ ៥០ដុំ ស្មើ១៥,០០០គ្រាប់ ដោយគ្មានលិខិតអនុញ្ញាត ។
ប្រតិបត្តិការណ៍បង្ក្រាបនេះដែរ ធ្វើឡើងនៅវេលាម៉ោង០៦និង០៥នាទីល្ងាចថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥នេះ តាមបណ្តោយផ្លូវលំ សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ បានអោយដឹងថា មានបណ្តាញសម្ងាត់ បានរាយការណ៍ថា មានរថយន្ត០១គ្រឿង ម៉ាក SSANGYONG ISTANA ដឹកស៊ុតមាន់ចូលទៅកាន់រាជធានីភ្នំពេញ ។ រហូតមកដល់វេលាម៉ោងកើតហេតុ ក៏ប្រទះឃើញរថយន្ត ដែលដឹកស៊ុតមាន់ខាងលើ បើកតាមបណ្តោយផ្លូវលំ ក្នុងសង្កាត់ព្រែកឯង ខណៈនោះ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ បានដេញស្ទាក់ និងឃាត់បាននៅនឹងកន្លែងតែម្តង ។ ហើយបានត្រួតពិនិត្យ រកឃើញស៊ុតមាន់ ចំនួន ៥០ដុំ ស្មើនឹង១៥,០០០គ្រាប់ ។
ក្នុងនោះជំនាញ បានសាកសួរទៅកាន់ម្ចាស់រថយន្ត០១គ្រឿង បានអោយដឹងថា គឺបើកចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកព្រះស្ដេច ខេត្តព្រៃវែង ឆ្ពោះមកលក់ចែកចាយ នៅរាជធានីភ្នំពេញ ។
ក្រោយសាកសួររួចរាល់ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ បានធ្វើការឃាត់ និងនាំយកវត្ថុតាង ទៅរក្សាទុក នៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ៕



អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ