ថៃ ៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានថៃ The Nation បានចុះផ្សាយក្រោមចំណងជើងថា «ខ្យល់មូសុងកម្រិតមធ្យមនាំមកនូវព្យុះរន្ទះនិងរលកសមុទ្រខ្ពស់ៗទូទាំងប្រទេសថៃ» ។

សារព័ត៌មានខាងលើ បានដកស្រង់សេចក្តីជូនដំណឹងរបស់នាយកដ្ឋានឧតុនិយមថៃ ដែលបានចេញផ្សាយនៅព្រឹកថ្ងៃពុធនេះថា ប្រទេសថៃកំពុងទទួលរងឥទ្ធិពលអាកាសធាតុដែលបង្កឡើងដោយខ្យល់មូសុងនិរតីកម្រិតមធ្យមដែលបន្តគ្របដណ្តប់លើសមុទ្រ Andaman និងឈូងសមុទ្រថៃ ស្របពេលដែលមានសម្ពាធទាបមួយ ស្ថិតនៅលើឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសវៀតណាម ហើយដោយសារឥទ្ធិពលទាំងនេះវាត្រូវបានព្យាករណ៍ថា នឹងនាំមកនូវខ្យល់កន្ត្រាក់ ព្យុះ រន្ទះ និងភ្លៀងធ្លាក់ខ្លាំងជោគជាំ ។

នាយកដ្ឋានឧតុនិយមថៃ បានសង្កត់ធ្ងន់ដោយអំពាវនាវថា ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ភាគខាងជើង និងឦសានខាងលើ ត្រូវបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ ចំពោះហានិភ័យនៃភ្លៀងធ្លាក់ខ្លាំងក្លានៅតំបន់ដែលពួកគេរស់នៅ ខណៈដែលខ្យល់កន្ត្រាក់បាននឹងកំពុងធ្វើឱ្យមានរលកសមុទ្រនៅសមុទ្រ Andaman ភាគខាងលើ មានកម្ពស់រហូតដល់២ម៉ែត្រ ហើយតំបន់ដែលមានព្យុះផ្គររន្ទះនោះរលកសមុទ្រនឹងហក់ឡើងដល់ទៅជាង២ម៉ែត្រ ដែលអាចពន្លិចទូកនេសាទតូចៗបានដោយងាយ ។
ដូច្នេះហើយ ប្រជាពលរដ្ឋ អ្នកនេសាទ និងអ្នកធ្វើដំណើរតាមផ្លូវទឹក ត្រូវបានលើកទឹកចិត្តឱ្យបន្តតាមដានឱ្យបានជាប់ពីបច្ចុប្បន្នភាពលើការព្រមានអំពីអាកាសធាតុ និងធ្វើការប្រុងប្រយ័ត្នជាចាំបាច់ ។

នាយកដ្ឋានឧតុនិយមថៃ បានព្រមានថា នាវាទាំងអស់នៅក្នុងសមុទ្រ Andaman និងឈូងសមុទ្រថៃ ត្រូវបានណែនាំអោយបន្តការប្រុងប្រយ័ត្ន និងជៀសវាងការធ្វើដំណើចូលទៅតំបន់ដែលរងផលប៉ះពាល់ដោយព្យុះរន្ទះ ឬ thundershowers ដែលព្យុះទាំងនេះនឹងធ្វើឱ្យរលកសមុទ្រហក់ឡើងខ្ពស់ខុសពីធម្មតា។
សម្រាប់តំបន់សមុទ្រដែលប្រឈមនឹងហានិភ័យនៃរលកមានកម្ពស់លើសពី ២ម៉ែត្រ រួមមាន ៖ តំបន់ភាគបូព៌ា ៖ ដែលមានខេត្តណាខនណាយុក ប្រាជីនបូរី ស្រះកែវ ឆុនបុរី រ៉ាយ៉ុង ចាន់ថាបុរី និងត្រាត ។ តំបន់ភាគខាងត្បូង (ឆ្នេរសមុទ្រខាងកើត) ៖ ដែលមានខេត្តពេជ្យបុរី, ប្រាជួបគិរីខណ្ឌ, ឈុំផូន, ស៊ូរ៉ា់ថានី, នគរស្រីធម្មរាជ,យ៉ាឡា និង ណារ៉ាធីវាត់ ។ តំបន់ភាគខាងត្បូង (ឆ្នេរខាងលិច)៖ ដែលមានខេត្តរ៉ាក់ណង, ផាងង៉ា និងភូកេតជាដើម៕


ចែករំលែកព័តមាននេះ