ទីក្រុងសេអ៊ូល៖ ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកូរ៉េខាងត្បូង លទ្ធផលឆ្នោតបឋមបង្ហាញថាបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យទទួលបានសំឡេងគាំទ្រលើសពី៥០%។ ចំណែកបេក្ខជនមកពីគណបក្សអំណាចប្រជាជនទទួលបាន៣៩%។ បេក្ខជនទាំង២រូបគឺម្នាក់លោកលីជេម្យុងមកពីគណបក្សប្រជាធិបតេយ្យ និងម្នាក់ទៀតគឺលោកគីមមូនស៊ូមកពីគណបក្សអំណាចប្រជាជន។
ប្រជាជនកូរ៉េខាងត្បូងកំពុងនឹកសង្ឃឹមទុកជាមុនថាអ្វីៗនឹងបានល្អប្រសើរឡើងវិញក្រោយពេលប្រទេសជាតិមានវិបត្តិខ្លះៗរយៈពេលកន្លះឆ្នាំចាប់តាំងពីអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកយូនស៊ុកយូល ប្រកាសប្រើប្រាស់ច្បាប់អាជ្ញាសឹក។ ប្រភពពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងដូចជា KBS, MBC និង SBS ដែលធ្លាប់ផ្សាយផ្ទាល់លទ្ធផលបោះឆ្នោតកាលពីអាណត្តិមុនៗផ្សាយថាលោកលីជេម្យុងទទួលបានសំឡេងគាំទ្រ៥១,៧%។ ចំណែកលោកគីមមូនស៊ូទទួលបាន៣៩,៣%។
ចាប់តាំងពីលោកយូនស៊ុកយូលត្រូវបានរដ្ឋសភាបោះឆ្នោតដកតំណែង និងរង់ចាំសេចក្ដីសម្រេចជាស្ថាពរពីតុលាការធម្មនុញ្ញ លោកលីជេម្យុងតែងតែអំពាវនាវឱ្យរៀបចំការបោះឆ្នោតជាថ្មី។ លោកចាត់ទុកលទ្ធផលឆ្នោតលើកនេះជាការកាត់សេចក្ដីពីតុលាការមហាជនចំពោះរដ្ឋាភិបាលរបស់លោកយូនស៊ុកយូល និងគណបក្សរបស់គាត់។ លោកលីចោទប្រកាន់ថាពួកគេមិនបានចេញមុខប្រឆាំងឱ្យបានខ្លាំងក្លាចំពោះការប្រកាសច្បាប់អាជ្ញាសឹកនោះទេ។ មិនតែប៉ុណ្ណោះ សមាជិកខ្លះខិតខំការពារទង្វើរបស់លោកយូនស៊ុកយូលថែមទៀត។
បើលោកលីជេម្យុងទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតនេះមែន លោកត្រូវរ៉ាប់រងធ្វើកិច្ចការជាច្រើនជាពិសេសការធ្លាក់ចុះផ្នែកសេដ្ឋកិច្ច និងការចរចាពាណិជ្ជកម្មជាមួយអាមេរិក។ ប្រភពខ្លះថាគណៈកម្មការជាតិរៀបចំការបោះឆ្នោតអាចនឹងប្រកាសលទ្ធផលឆ្នោតជាផ្លូវការនៅយប់ថ្ងៃអង្គារតែម្ដង។ លោកលីអាចនឹងស្បថចូលកាន់តំណែងទាំងយប់។ លុះដល់ព្រឹកឡើង លោកអាចចាប់ផ្ដើមបំពេញការងារជាប្រធានាធិបតីថ្មីតែម្ដង។ ដូច្នេះការប្រកាសលទ្ធផលជាផ្លូវការអាចនឹងនៅយប់នេះ ឬយ៉ាងយូរត្រឹមព្រឹកស្អែក៕
ចែករំលែកព័តមាននេះ