រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហេសេត នឹងអាចទៅទស្សនកិច្ច នៅមូលដ្ឋានទ័ពជើងទឹកសមុទ្ររាម នៅក្នុងពេលខាងមុខ ។ បើសិនជាវាកើតមានមែននោះទស្សនកិច្ចនោះនឹងធ្វើអោយរីកចម្រើនដល់ទំនាក់ទំនងកម្ពុជា និងអាមេរិក…
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហេសេត នឹងអាចទៅទស្សនកិច្ច នៅមូលដ្ឋានទ័ពជើងទឹកសមុទ្ររាម នៅក្នុងពេលខាងមុខ ។ បើសិនជាវាកើតមានមែននោះទស្សនកិច្ចនោះនឹងធ្វើអោយរីកចម្រើនដល់ទំនាក់ទំនងកម្ពុជា និងអាមេរិក ពិសេសលើវិស័យការពារជាតិ ។
ដំណឹងនេះ លេចចេញពីជំនួបនាពេលថ្មីៗនេះ រវាងលោក ចន ណូហ្វ ( John Noh)ដែលមានតួនាទីជាឧបការីរដ្ឋមន្ត្រីការពារជាតិ ទទួលបន្ទុកកិច្ចការសន្តិសុខឥណ្ឌូប៉ាស៊ីហ្វិក និងលោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិរបស់កម្ពុជា នៅទីក្រុងសាំងហ្គាពួរ កាលពីចុងខែឧសភា ។
នៅក្នុងជំនួបនោះមានសេចក្តីរាយការណ៍ថា ភាគីទាំងពីរបានពិភាក្សាលើដំណើរទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹកអាមេរិកនាពេលខាងមុខ និងការហ្វឹកហ្វឺនដែនសមុទ្ររួមគ្នានៅរាមដែលនឹងក្លាយជាព្រឹត្តិការណ៍មានសារៈសំខាន់ជានិមិត្តរូប និងជាយុទ្ធសាស្ត្រ ។
មូលដ្ឋានទ័ពជើងទឹករាម គឺជាចំណុចកណ្តាលនៃការត្រួតពិនិត្យក្នុងតំបន់ ជាពិសេសចំពេលមានការព្រួយបារម្ភអំពីទំនាក់ទំនងការពារជាតិកាន់តែស៊ីជម្រៅរបស់កម្ពុជាជាមួយប្រទេសចិន ។ ការចូលរួម របស់សហរដ្ឋអាមេរិកនៅមូលដ្ឋាននេះ អាចជាការរក្សាសមតុល្យ ដែលបង្ហាញថា កម្ពុជានៅតែបើកចំហចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ កាន់តែទូលំទូលាយជាជាងការចងសម្ព័ន្ធភាពផ្តាច់មុខ ជាមួយមហាអំណាចណាមួយ ឬប្រទេសណាមួយ ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក ក្រោយជំនួបលោក ចន ណូហ្វ ហាក់មានការពេញចិត្តចំពោះការបើកចំហរបស់កម្ពុជា ។ ខ្លឹមសារនៃជំនួបដែលគេប្រកាសខ្លីទេ ប៉ុន្តែវាឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរទម្រង់នៃទស្សនៈ និងការយល់ឃើញថ្មីបន្ទាប់ពីទំនាក់ទំនងយោធារវាងមហាអំណាចនេះ និងកម្ពុជា កន្លងមកមានភាពតានតឹងជាច្រើនឆ្នាំចាប់តាំងពីចុងទសវត្សរ៍នៃឆ្នាំ២០១០មក ។ នៅក្នុងជំនួបនោះ ក៏បានបញ្ជាក់អំពីលទ្ធភាពនៃការមកបំពេញទស្សនៈកិច្ចរបស់លោក ភីត ហេសេត (Pete Hegseth) រដ្ឋមន្ត្រីក្រសួងការពារប្រទេសអាមេរិក មកកម្ពុជា ជាពិសេសគឺទៅមូលដ្ឋាននៃកងទ័ពជើងទឹករាម ។
ការអញ្ជើញជាចំហរ និងដំណើរទស្សនកិច្ចដែលរំពឹងទុកដោយរដ្ឋមន្ត្រី ភីត ហេសេត បង្ហាញថា ភាពរអាក់រអួលក្នុងទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក លើវិស័យយោធាអាចនឹងមានការប្រែប្រួលហើយក៏អាចត្រួសត្រាយផ្លូវសម្រាប់ការផ្លាស់ប្តូររវាងយោធា និងយោធាកាន់តែស៊ីសង្វាក់គ្នា ។ សម្រាប់ប្រទេសកម្ពុជា ការស្វាគមន៍ដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹក សហរដ្ឋអាមេរិកមិនត្រឹមតែពង្រឹងភាពបត់បែននៃយុទ្ធសាស្ត្ររបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាស ដើម្បីទទួលបានអត្ថប្រយោជន៍ពីការហ្វឹកហ្វឺនដែនសមុទ្រដែលមានស្តង់ដារ និងលើកកម្ពស់វិជ្ជាជីវៈក៏ដូចជា សមត្ថភាពកងទ័ពជើងទឹកដែលកម្ពុជាកំពុងតែចង់បានផងដែរ ។
ដោយឡែក សម្រាប់សហរដ្ឋអាមេរិកការចូលរួមឡើងវិញ ជាមួយកម្ពុជា វា គឺជាសក្ខីកម្មនៃការជំរុញយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកទូលំទូលាយរបស់ខ្លួនសំដៅរក្សាស្ថិរភាពក្នុងតំបន់ សេរីភាពនៃការធ្វើនាវាចរណ៍ និងសណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់ ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការវិវត្តន៍ដែលអាចនឹងកើតមាននេះត្រូវបានគេមើលក្នុងបរិបទភូមិសាស្ត្រនយោបាយដ៏ទូលំទូលាយ ។ សហរដ្ឋអាមេរិកត្រូវតែរក្សាការយកចិត្តទុកដាក់ចំពោះភាពរសើបក្នុងស្រុក និងការព្រួយបារម្ភអំពីអធិបតេយ្យភាព ខណៈពេលដែលកម្ពុជានឹងត្រូវធ្វើឱ្យមានតុល្យភាពទំនាក់ទំនងយ៉ាងប្រុងប្រយ័ត្នជាមួយមហាអំណាចទាំងអស់ ដើម្បីជៀសវាងការពឹងផ្អែកហួសហេតុ ឬការគណនាខុសជាយុទ្ធសាស្ត្រ ។
គួររំលឹកថា កាលពីខែធ្នូ ឆ្នាំ២០២៤ នាវាចម្បាំងសហរដ្ឋអាមេរិកមួយគ្រឿង គឺនាវា USS Sovannah ដោយមានទាហានជើងទឹកសរុប១០៣ នាក់បានមកបំពេញទស្សនៈកិច្ចនៅកម្ពុជាជាថ្មី នៅរយៈពេល៥ថ្ងៃ ។ ប៉ុន្តែដោយកាលនោះរាមមិនទាន់បញ្ចប់ការសាងសង់ នាវានោះ បានចូលចតនៅកំពង់ផែអន្តរ ជាតិខេត្តព្រះសីហនុ ។
សរុបមក ដំណើរទស្សនកិច្ចនៃនាវាចម្បាំងសហរដ្ឋអាមេរិកដែលបានគ្រោងទុក និងការហ្វឹកហ្វឺនដែនសមុទ្ររួមគ្នានៅរាមបូករួមទាំងលទ្ធភាពនៃដំណើរទស្សនៈកិច្ចរបស់លោក ភីត ហេសេត អាចនឹងបង្ហាញនូវសកម្មភាពដែលកម្ពុជាខិតខំឆ្លុះបញ្ចាំងពាក់ព័ន្ធនឹងការធ្វើទំនើបកម្មមូលដ្ឋានរាម ដែលគ្មានអ្វីក្រៅពីពង្រឹងសមត្ថភាព និងទំនើបកម្មកងទ័ពជើងទឹកខ្លួន ។
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក នៅពេលខាងមុខ គឺជាសញ្ញានៃការជឿទុកចិត្តជាថ្មី និងការរៀបចំឡើងវិញជាយុទ្ធសាស្ត្រខ្លះ ។ ប្រសិនបើដោះស្រាយដោយតម្លាភាព និងការគោរពគ្នាទៅវិញទៅមកកិច្ចសហប្រតិបត្តិការនេះអាចពង្រឹងសន្តិសុខក្នុងតំបន់ និងបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការអនុវត្តនូវគោលនយោបាយការបរទេសបើកចំហ និងចម្រុះ ៕
ចែករំលែកព័តមាននេះ