ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​អះអាង​ថា កម្ពុជា​បាន​ខ្ចី​គេ​បន្ថែម ដើម្បី​យក​មក​អភិវឌ្ឍន៍​ប្រទេស​ត្រឹមតែ​ប្រមាណ​ជា​ជិត​៧៩​លាន​ដុល្លារ​ប៉ុណ្ណោះ នៅ​ត្រីមាស​ទី​១ ដើមឆ្នាំ​២០២៥​កន្លង​ទៅ​នេះ ។ ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា ដែល​បាន​ចេញផ្សាយ កាលពី​ចុងខែ​ឧសភា…

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​អះអាង​ថា កម្ពុជា​បាន​ខ្ចី​គេ​បន្ថែម ដើម្បី​យក​មក​អភិវឌ្ឍន៍​ប្រទេស​ត្រឹមតែ​ប្រមាណ​ជា​ជិត​៧៩​លាន​ដុល្លារ​ប៉ុណ្ណោះ នៅ​ត្រីមាស​ទី​១ ដើមឆ្នាំ​២០២៥​កន្លង​ទៅ​នេះ ។

ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា ដែល​បាន​ចេញផ្សាយ កាលពី​ចុងខែ​ឧសភា ឆ្នាំ​២០២៥​បាន​បង្ហាញ​ថា នៅ​ត្រីមាស​ទី​១ ដើមឆ្នាំ​នេះ រដ្ឋាភិបាល​កម្ពុជា​ជំពាក់​បំណុល​សរុប​ទំហំ​១២,១៨ ពាន់​លាន​ដុល្លារ ។

ប្រភព​ដដែល​បាន​អះអាង​ថា ពី​ខែមករា​ដល់​ខែមីនា ឆ្នាំ​២០២៥ កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ឥណទាន​ថ្មី​ត្រឹមតែ​ជិត​៧៩​លាន​ដុល្លារ ស្មើនឹង​ប្រមាណ​ជា​៣​ភាគរយ​នៃ​ពិ​ដាន​បំណុល ដែល​ច្បាប់​អនុញ្ញាត ។

ប្រភព​ដដែល​បាន​អះអាង​ថា ប្រសិនបើ​ធៀប​នឹង​ត្រីមាស​ទី​១ ឆ្នាំ​២០២៤ ការ​ចុះ​កិច្ចព្រមព្រៀង​ឥណទាន​ថ្មី​ដែល​ភាសា​សម​ញ្ញ​ថា ជំពាក់​បំណុល​គេ​ថ្មី​នោះ គឺ​មានការ​ថយ​ចុះ​ដល់​ទៅ​៤៤​ភាគរយ ។

ពាក់ព័ន្ធ​នឹង​ប្រភេទ​នៃ​បំណុល​ទាំងនោះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​សង្កត់ធ្ងន់​ថា បំណុល ឬ​ឥណទាន​ទាំង​អស់នោះ គឺ​សុទ្ធ​សឹង​ស្ថិត​នៅ​ក្នុង​ប្រភេទ​ជា​បំណុល​មាន​កម្រិត​សម្បទាន​ខ្ពស់​ដោយ​មាន​ធាតុ​ជា​អំណោយ​ជា​មធ្យម​ប្រមាណ​ជា​៥០​ភាគរយ ។

ក្រសួង​ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា គោលដៅ​នៃ​ការ​ចុះ​កិច្ចព្រមព្រៀង​បំណុល​ថ្មី​ទាំងនោះ​គឺ​សម្រាប់​បំពេញតម្រូវការ​ហិរញ្ញវត្ថុ​ក្នុង​វិស័យ​អាទិភាព​របស់​រដ្ឋាភិបាល​សំដៅ​រួមចំណែក​ទ្រទ្រង់​ចីរភាព​នៃ​កំណើន​រយៈពេល​វែង និង​បង្កើន​ផលិតភាព សេដ្ឋកិច្ច ឬ​ផលិតភាព​ផលិតកម្ម​នៅ​ក្នុងស្រុក ។ ក្រសួង​ក៏​បាន​បន្ត​ទៀត​ថា នៅ​ក្នុង​រយៈពេល​ដដែល​រដ្ឋាភិបាល​ក៏​បាន​បោះផ្សាយ​លក់​មូល​ប​ត្រ​រដ្ឋ សរុប​២៨​លាន​ដុល្លារ​កន្លះ ដើម្បី​ធ្វើ​ហិរញ្ញប្បទាន​គាំទ្រ​គម្រោង​វិនិយោគសាធារណៈ​សំដៅ​លើក​ស្ទួយ​កំណើន និង​ផលិតភាព​សេដ្ឋកិច្ច ។

និយាយ​អំពី​ចំណាយ និង​ការ​ប្រើប្រាស់​បំណុល​ទាំង​អស់នោះ​វិញ គឺថា​នៅ​ត្រីមាស​ទី​១​នេះ រដ្ឋាភិបាល​បាន​ដក​សាច់ប្រាក់​ពី​បំណុល​ដែល​ទទួល​បាន​សរុប​ចំនួន​ជាង​១៧៥​លាន​ដុល្លារ​ដោយនៅ​ក្នុង​នោះ​ពី​បំណុល​ក្រប​ខណ្ឌ​ទ្វេភាគី​៥៣​ភាគរយ និង​ពហុភាគី​ប្រមាណ​ជា​៤៧​ភាគរយ​ប្រើប្រាស់​ជាក់ស្តែង​លើ​វិស័យ​ហេ​ដ្ឋា រចនាសម្ព័ន្ធ​រហូត​ដល់​ទៅ​៨៦​ភាគរយ ។

ក្រសួង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា នៅ​ត្រីមាស​ទី​១ ដើមឆ្នាំ​២០២៥ ការ​ខ្ចី​បំណុល​ថយ ប៉ុន្តែ​ការ​ដក​សាច់ ប្រាក់​ជាក់ស្តែង​នៅ​ក្នុង​រយៈពេល​នេះ គឺ​មានការ​កើនឡើង​ប្រមាណ​ជា ២២​ភាគរយ ។ កាលណា​និយាយ​អំពី​បំណុល​ក៏​ត្រូវ​តែ​និយាយ​អំពី​ការ​សង ។ ចំពោះ​សំណង​ក្រសួង​បាន​បញ្ជាក់​ថា នា​រយៈពេល​៣​ខែ រដ្ឋាភិបាល​បាន​ទូរ​ទាត់​បំណុល​សរុប​ជិត​២៣៨​លាន​ដុល្លារ ដោយ​គិត​ទាំង​ការ​ប្រាក់ និង​រំ​លួសប្រាក់​ដើម ។ ក្រសួង​បាន​លើក​ឡើង​ថា ការ​ទូរ​ទាត់​បំណុល​សរុប​នៅ​បី​ខែ​កន្លង​ទៅ គឺ​មាន​កំណើន​៣១%​ដែរ ។

នៅ​ក្នុង​ស្ថានភាព​នេះ អ្នកជំនាញ​សេដ្ឋកិច្ច​មួយ​រូប​បាន​លើក​ឡើង​ថា ផ្អែក​តាម​លទ្ធផល​បឋម​នេះ ការ​វិភាគ​ពី​ចីរភាព​បំណុល​តាម​មូលដ្ឋាន​ទិន្នន័យ​ដែល​បាន​ប៉ាន់ស្មាន​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០២៥ បង្ហាញ​ថា ស្ថានភាព​បំណុល​សាធារណៈ​កម្ពុជា​នៅ​តែ​បន្ត​រក្សា​បាន​នូវ​ចីរភាព និង​មាន​កម្រិត​ហានិភ័យ​ទាប​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ