ប្រមុខរាជរដ្ឋាភិបាល អំពាវនាវឲ្យពលរដ្ឋរួបរួមគ្នា លើកទឹកចិត្កកងទ័ព ដែលប្តូរផ្តាច់ការពារបូរណភាពទឹកដី
រាជធានីភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ថា ម៉ោងនេះ គឺជាម៉ោង…
រាជធានីភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ថា ម៉ោងនេះ គឺជាម៉ោង…
រាជធានីភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ថា ម៉ោងនេះ គឺជាម៉ោង ដែលយើងត្រូវរួបរួមគ្នា ដើម្បីលើកទឹកចិត្កកងទ័ព ដែលប្តូរផ្តាច់ការពារបូរណភាពទឹកដី ខណៈទាហានមានទឹកចិត្ត នៅពេល ដែលឃើញប្រជាជននៅខាងក្រោយ គាំទ្រពួកគាត់ការពារទឹកដី ។
ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងបញ្ជាក់ថា «តម្លៃ នៃការចូលរួមគាំទ្ររបស់បងប្អូនសម្រាប់អារម្មណ៍ទឹកចិត្តទាហានយើងធំណាស់ តម្លៃកាត់ថ្លៃមិនបានទេ។តម្លៃជាសម្ភារ ជាថវិកាយើងវាស់បាន ប៉ុន្តែអ្វីដែលសំខាន់ ទាហានយើងមានទឹកចិត្តនៅពេល ដែលឃើញប្រជាជនយើងនៅខាងក្រោយគាំទ្រពួកគាត់ការពារទឹកដី។ ពេលដែលទាហានចេញច្បាំង ច្បាំងដើម្បីការពារទឹកដីទាំងអស់គ្នា មិនមែនការពារបក្សណា ឬរដ្ឋាភិបាលបក្សប្រជាជននោះទេ» ។
សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា «ម៉ោងនេះ គឺជាម៉ោង ដែលយើងត្រូវរួបរួមគ្នា ហើយដើម្បីកងទ័ពយើងទាំងអស់គ្នា និងដើម្បីលើកទឹកចិត្កងទ័ពយើង ដែលប្តូរផ្តាច់ការពារបូរណភាព ទឹកដីយើង» ។
ជាមួយគ្នានោះ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ថា «បើយើងវ៉ៃ គឺយើងវ៉ៃឱ្យឈ្នះ! អ្វីដែលសំខាន់ គឺទឹកចិត្តកងទ័ព»។
ថ្លែងលើកទឹកចិត្តដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រាប់កងទ័ពជួរមុខថា រដ្ឋាភិបាល និងប្រជាជនយើងទូទាំងប្រទេសនៅជាមួយបងប្អូន ដើម្បីការពារទឹកដីរបស់យើង។ ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះទឹកចិត្តស្នេហាជាតិ និងការត្រៀមលក្ខណៈរបស់កងទ័ពជួរមុខក្នុងការការពារទឹកដី ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់បន្ថែមថា ៖ «ខ្ញុំសូមអរគុណណាស់ ចំពោះទឹកចិត្តស្នេហាជាតិ និងការត្រៀមលក្ខណៈរបស់បងប្អូនដាច់ខាតក្នុងការការពារទឹកដី ហើយសូមជូនពរបងប្អូនទាំងអស់នៅទីនោះ។ បងប្អូនមានរាជរដ្ឋាភិបាល និងប្រជាជនយើងទូទាំងប្រទេសនៅជាមួយបងប្អូនលើកទឹកចិត្ត និងចូលរួមជាមួយបងប្អូន ដើម្បីការពារទឹកដីរបស់យើង» ។
ថ្លែងពីក្រៅប្រទេសសម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានបន្តអំពាវនាវដល់គណបក្សនយោបាយ ប្រជាពលរដ្ឋ និងគ្រួសារកងទ័ព សូមរួមគ្នា ដើម្បីលើកទឹកចិត្តកងទ័ពជួរមុខ ។
សម្ដេចធិបតី បញ្ជាក់បន្ថែមទៀតថា «អ្នកដែលស្រឡាញ់កងទ័ព ស្រឡាញ់អាយុជីវិតរបស់កងទ័ព គ្រួសារទ័ពដែលព្រួបារម្ភអំពីជីវិតប្ដី ជីវិតឪពុក ជីវិតបងប្អូនដែលនៅជួរមុខ សូមរួមគ្នាដើម្បីលើកទឹកចិត្តកងទ័ពយើង ។ ម៉ោងដែលគិតគូរធំ គឺការពារបូរណភាពទឹកដី និងការពារទឹកដីរបស់យើង ការពារអាយុជីវិតទ័ពរបស់យើងនេះ គឺជាកិច្ចការសំខាន់។ កុំឱ្យបែកអារម្មណ៍ រួមគ្នាទៅស្នេហាជាតិពេលនេះជាពេលដែលត្រូវបង្ហាញហើយ» ៕
ចែករំលែកព័តមាននេះ